បន្ទាយ​មាន​ជ័​យៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ មក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្រោយ​ពលរដ្ឋ​២​នាក់​បាន​ប្តឹង​ថា ពួកខ្លួន​ត្រូវបាន​ក្រុមចោរឆក់​ទូរស័ព្ទ និង​ប្រើ​ហិង្សា​លើ​ខ្លួន នៅ​ចំណុច​ផ្លូវបំបែក កែង​កន្លែង​លក់​ជ្រូក​ខ្វៃ កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០២២​។

​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយ​ទទួល​ពាក្យ​ប្តឹង​បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៤​នាក់ ដែល​ជនសង្ស័យ​ទាំងនោះ រួមមាន ឈ្មោះ នី ផានិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ឈ្មោះ ធន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ឈ្មោះ ប៉ែន សុខលាភ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនដៃដល់ និង ឈ្មោះ លឹម ទី​យ៉ា ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ នី ផានិត​។

​សមត្ថកិច្ច​បញ្ជាក់ថា ពលរដ្ឋ​រងគ្រោះ​២​នាក់​ដែល​បាន​ប្តឹង​សមត្ថកិច្ច ទី​១-​ឈ្មោះ ឡាយ គីម​ប៊ួ​យ ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ និង​ទី​២-​ឈ្មោះ ច​ន សុ​ហឿន ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល​។ អ្នក​ទាំង​២​បាន​ប្តឹង​ថា ពួកខ្លួន​ត្រូវបាន​ក្រុមចោរឆក់​ទូរស័ព្ទ និង​ប្រើ​ហិង្សា​លើ​ខ្លួន នៅ​ចំណុច​ផ្លូវបំបែក កែង​កន្លែង​លក់​ជ្រូក​ខ្វៃ កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០២២ វេលា​ម៉ោងជាង ៨​យប់​៕​