​ភ្នំពេញៈ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ​សែន​ បានសម្រេច​​ផ្ទេរ​ភារ​កិច្ច​លោក​ ​អ៊ិន​ រស្មី​ឫទ្ធា​ ហៅ​ ​សុខ​ វ៉ាន់នា​ ពី​អគ្គ​នាយក​រង​នៃ​​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​ ទៅ​ជា​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ​វិញ​ ​ឋានៈ​ស្មើ​អ​គ្គ​នាយក​រង​ ក្រោយ​ពី​អតីត​មន្រ្ដី​​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធ​នា​គារ​រូប​នេះ​រង​បណ្ដឹង​ពី​ពលរដ្ឋ​​​ករណី​ឆបោក​លុយ​ជាង​ ​៧ ​ម៉ឺន​ដុល្លារ​ជា​ថ្នូ​រចូល​ក្រប​ខ័ណ្ឌ​មន្រ្ដី​នគរបាល​ជាតិ​​​​។

​​​​​

អនុ​ក្រឹត្យ​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី​ ​ហ៊ុន ​សែន​ ​ស្ដីពី​ការ​ផ្ទេរ​ភារ​កិច្ច​មន្រ្ដី​រាជការ​ ​ចុះ​ថ្ងៃ​ទី៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ ​ដោយ​យោង​តាម​សំណើ​របស់​រដ្ឋ​មន្រ្ដី​ក្រសួង​មហា​ផ្ទៃ ​បាន​សម្រេច​ត្រូវ​ផ្ទេរ​ភារ​កិច្ច​លោក​ឧត្ដម​អគ្គា​នុ​រក្ស​ ថ្នាក់​លេខ ​១​ អ៊ិន​ រស្មី​ឫទ្ធា​ ពី​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​ក្រសួង​មហា​ផ្ទៃ​មក​ជា​ទីប្រឹក្សា​​ក្រសួង​មហាផ្ទៃ​មាន​ឋានៈ​ស្នើ​អគ្គនា​យក​រង​​។​

បើ​យោង​តាម​បាន​ពាក្យ​បណ្ដឹង​របស់ ​ឈ្មោះ ​លៀង ​សៀវ​គួង​ ភេទ​ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ដែល​បាន​ដាក់​ប្តឹង​ទៅ​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​កាល​ពីថ្ងៃ​ទី៩​ ខែ​មិថុនា​ ឆ្នាំ ​២០២១​​ ​បាន​ប្ដឹង​លោក​ អ៊ិន​ រស្មីឫទ្ធា​ អាយុ​ ៥១​ ឆ្នាំ​ មាន​តួនា​​ទី​ជា​អគ្គ​នាយក​រង​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​ ​ស្នាក់​នៅ​ផ្ទះ​លេខ ​២៤​ ផ្លូវ​លេខ​ ១១៥​ ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​ពី​បទ​ឆបោក​ប្រាក់​ចំនួន​ ​៧១ ០០០​ ​ដុល្លារ​ ​កាល​ពី​ថ្ងៃទី​ ១២ ​ខែ​សីហា ​ឆ្នាំ ​២​០២០​។

នៅ​ក្នុង​ពាក្យ​បណ្តឹង​សរ​សេរ​ថា​ ​កាល​ពី​ថ្ងៃទី ​១២ ​ខែ​សីហា ​ឆ្នាំ ​២០២០​ ​លោក ​អ៊ិន​ រស្មីឫទ្ធា ​បាន​អះអាង​ថា​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ការ​ជ្រើស​រើស​ក្រប​ខ័ណ្ឌ​មន្ដ្រី​នគរ​បាល​ជាតិ ​សម្រាប់​ឆ្នាំ ​២០២០​ ​ជា​ច្រើន​នាក់​ ​ហើយ​ សៀវ​គួង ​ក៏​បាន​ទំនាក់​ទំនង​ជា​មួយ​ ​លោក​ អ៊ិ​ន​ រស្មី​ឫទ្ធា ​ថា​ បើ​មាន​ការ​ជ្រើស​រើស​មែន​នោះ​រូបគេ​​មាន​បង​ប្អូន​មិត្ត​ភក្តិ​ចំនួ​ន​ ៧​ នាក់​ ដែល​ចង់​ចូល​បម្រើ​ការ​ងារ​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ​ ​ហើយ​លោក​ អ៊ិន​ រស្មីឫទ្ធា​ ​តម្រូវ​ឱ្យ​បង់​ប្រាក់​ក្នុង​ ១ នាក់​ ​១ ម៉ឺ​ន​ដុល្លារ​ ដើម្បី​យក​ទៅ​ធ្វើ​បែប​បទ​ជូន​ថ្នាក់​លើឱ្យ​​ចូល​ក្រប​ខ័ណ្ឌ​ពេញ​សិទ្ធ ​ដោយ​ ​លោក​ អ៊ិន​ រស្មីឫទ្ធា​ ​បាន​សន្យា​ថា​ក្រប​ខ័ណ្ឌ​នេះ​ រយៈ​ពេល​ ២​ ទៅ​ ៣​ ខែ​​បា​ន​ចូល​ក្រប​ខ័ណ្ឌ​ពេញ​សិទ្ធ​ហើយ​។​ ​

ក្រោយ​ពី​ស្ដាប់​ការ​អះអាង​របស់​លោក​ ​អ៊ិន​ រស្មី​ឫទ្ធា​ រួ​ច​ហើយ​ឈ្មោះ ​សៀវ​គួង​ បាន​ប្រមូល​លុយ​ពីបង​ប្អូន​មិត្ត​ភក្តិ​ទាំង​ ៧ នាក់​ យក​​ទៅ​ឱ្យ​លោក​ ​អ៊ិន​ ​រស្មីឫទ្ធា ​ដែល​ក្នុង​កិច្ច​សន្យា​ប្រគល់​-​ទទួល​ប្រាក់​ ​មាន​ស្នាម​មេ​ដៃរ​បស់លោ​ក​ អ៊ិន​ រស្មីឫទ្ធា​ ប៉ុន្ដែ​បាន​​​ដាក់​ឈ្មោះថា​ សុខ​ ​វ៉ាន់​នា ​ជំនួស​។​ ​នេះ​បើ​តាម​ការ​សរសេរ​បញ្ជាក់​ក្នុង​ពាក្យ​បណ្ដឹង​។​

ឈ្មោះ​ សៀវ​គួង​ ​បញ្ជាក់​តាម​រយៈ​ពាក្យបណ្ដឹង​ថា​៖​«​ខ្ញុំ​អត់​មាន​ការ​សង្ស័យ​អ្វីឡើយ ​សំខាន់​គាត់ ​(សុខ​ វ៉ា​ន់នា)​ គាត់​ធានា​អះ​អាង​ថា​គាត់​មាន​ឋានន្តរស​ក្តិ​ផ្កា​យ ​៣ ​រឿង​អ្វី​ខ្លាច​គាត់​បោក​ប្រាស់​ខ្ញុំ​»​។​ ​

សៀវ​គួង​ ​ អះអាង​ថា​រូប​គេ​បាន​ប្រគល់​លុយ​ឱ្យ​​ចំនួន​ ​៧១ ០០០ ​ដុល្លារ​ ដោយ​លោក​ អ៊ិន​ រស្មីឫទ្ធា ​សន្យា​ថា​ បើ​រត់​ការ​មិន​បាន​នឹង​ឱ្យលុយ​ឱ្យ​គ្រប់​ចំនួន​វិញ​ដោយ​គ្មាន​បាត់​មួយ​រៀល​ឡើយ​។​ ប៉ុ​ន្តែ​ក្រោយ​ពី​បាន​ទទួល​ប្រាក់​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ជាង​ ​១​២​ ខែ​ ហើយ​ មិន​ឃើញ​មាន​លទ្ធ​ផល​អ្វី​ឡើយ​ ហើយ​ជន​រង​​គ្រោះ​បាន​ទំនាក់​ទំនង​ទៅ​ ​លោក​ ​អ៊ិន​ ​រស្មីឫទ្ធា​ ​ហៅ ​សុខ​ វ៉ាន់​នា ​តែ​លោក​ អ៊ិន​ រស្មីឫទ្ធា ​បាន​កុហក​រហូត​ ហើយ​ពេល​ទូរ​ស័ព្ទ​ទៅ​គាត់​មិន​លើក​ថែម​ទាំង​បាន​គេច​ខ្លួន​បិទ​ទូរស័ព្ទ​រហូត​មក​ដល់​បច្ចុប្បន្ន។​ ​នេះ​បើ​យោង​តាម​ពាក្យ​បណ្ដឹង​។

លោក​ ​នុត​ ​សវនា​ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​ ​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពីថ្ងៃទី​ ៦​ ខែ​កុម្ភៈនេះ​ថា ​ទាក់​ទង​នឹង​​បញ្ហា​នេះ​ ​កាល​ពី​ឆ្នាំ ​២០២១ ​ជន​ដើម​បណ្ដឹង​នោះ ​(លៀ​ង​ ​សៀវ​គួង)​ ​បាន​ផ្ញើ​ឯកសារ​ស្នើសុំ​ជួយ​ដោះស្រាយ​ចូលម​ក​ ផេក​ហ្វេស​ប៊ុក​ ​លោក​ ​ស​ ខេង​ ​ឧបនា​យក​រដ្ឋ​មន្រ្ដី​ ​រដ្ឋ​មន្រ្ដី​ក្រសួង​មហាផ្ទៃ ​ហើយ​ស្រប​ពេល​ជា​ទូទៅ​​លោក​តែង​ពិនិត្យ​មើល​លើ​របាយ​ការណ៍​ដែល​មាន​សំណើ​សំណូម​ពរ​ផ្សេងៗ​ពី​ប្រជា​ពលរដ្ឋ​ផ្ញើ​ចូល​មក​នោះ​លោក​បាន​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ធ្វើ​ការ​​ដោះ​ស្រាយ​​លើក​រណី​នេះ​តែ​ម្ដង​​។​ ​

លោក​បាន​ឱ្យ​ដឹង​ថា​ករណី​នេះ​ អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​ បាន​ស្រាវ​ជ្រាវ​តាំង​ពីឆ្នាំ​មុន​មក​។​ ហើយ​ខាង​ដើម​បណ្ដឹង​ក៏​បាន​​ប្ដឹង​ទៅ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ប​តាំង​ពី​មុន​នឹង​មាន​សេចក្ដី​សម្រេច​ផ្ទេរ​ភារ​កិច្ច​​ពី​លោក​នាយ​ករដ្ឋ​មន្រ្ដី ហ៊ុន​ សែន​។​

លោក​ថ្លែង​ថា​​៖ ​«​ករណី​នេះ​ អគ្គនា​យក​រដ្ឋ​ពន្ធនា​គារ​បាន​ដោះ​ស្រាយ​តាម​នីតិវិធី​រដ្ឋ​បាល​ជា​មួយ​ លោក​ អ៊ិន​ រស្មីឫទ្ធា​ រួច​ហើយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​គាត់​ធ្វើការ​តាម​នីតិ​វិធី​ច្បាប់​។ ​រឿង​គេ​យ៉ាង​ម៉េចៗ​គេ​ដោះ​ស្រាយ​គ្នា​គេទៅ​។​​ ​កន្លង​មក​អគ្គ​នាយ​ក​ដ្ឋានពន្ធនា​គារ​ ​ធ្លាប់​បាន​កោះ​ហៅ​ភាគី​ទាំង​សងខាង​មក​សម្រប​សម្រួល​គ្នាក្រៅ​​ប្រព័ន្ធ​តុលាការ។​ ប៉ុន្ដែ​ដោយ​សារ​មាន​ការ​គេច​វេស​មិន​ចូល​មក​ដោះ​ស្រាយ​យើង​ក៏​អនុវត្ដ​តាម​នីតិ​វិធី​រដ្ឋ​បាល​ទៅ​»​​​។​ ​

លោក​ ​សវនា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​ការងារ​ជំនាញ​នៃ​អគ្គ​នាយក​រដ្ឋាន​ពន្ធនា​គារ ​ធ្វើការ​ស្រប​តាម​នីតិ​វិធី​រដ្ឋបាល​ ​និង​ច្បាប់​ទាំង​អស់​រាប់​តាំង​ពី​ការ​កោះ​ហៅ​ចំនួន​ ​២​ ​លើក​ ​ទៅ​តាម​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈនៃមន្រ្ដី​រាជការ​ស៊ីវិល​។ ក្រុម​ការងារ​ជំនាញ​ក៏​បាន​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ករណី​នេះ​ដោយ​ហៅ​ភាគ​ទីទាំង​ ២​ ​មក​ដោះ​ស្រាយ​គ្នា​ ដោយ​​មិន​ចង់​ឱ្យមាន​រឿង​វែង​ឆ្ងាយ​ ក្នុង​ស្មារ​តី​យុទ្ធ​សាស្រ្ដ​ឈ្នះ​ឈ្នះ​ឬ​ក៏​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​។​

កាល​ពី​ថ្ងៃទី​ ៦​ ​ខែ​កុម្ភៈ​នេះ​ ភ្នំពេញ​ប៉ុស្ដ៍​មិន​ទាន់​អាច​ទំនាក់​ទំនង​ ​លោក​ ​អ៊ិន​ រស្មីឫទ្ធា​ ​ហៅ​ សុខ​ វ៉ាន់​នា​ បំភ្លឺ​ជុំវិ​ញរៀ​ង​នេះ​ បានទេ​៕