ភ្នំពេញៈ រដ្ឋា​ភិ​បាលជ​ប៉ុន បន្ត​ផ្ដល់​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន ​១ ​គ្រឿង​ទៀត​តម្លៃ​ប្រមាណ ៨០ ម៉ឺន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​សកម្មភាព​បោ​សម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់​នៅ​ខេត្ដ​បាត់ដំបង ខណៈ​បច្ចុប្បន្ន​កម្ពុ​ជាមាន​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​នេះ​ប្រមាណ ៥០ គ្រឿង​សម្រាប់​អនុវត្ដ​សកម្មភាព​បោសសម្អាត​មីន​នូវ​ទូទាំងប្រទេស​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)​។​

លោក ហេង រតនា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី ​៦ កុម្ភៈ​នេះ​ថា គ្រឿងចក្រ​កម្ទេច​គ្រាប់មីន ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​សកម្មភាព​បោ​សម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់ បាន​បញ្ជូនទៅ ដល់ទី​បញ្ជាការ ​CMAC​ ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ​។

លោក​ថ្លែងថា គ្រឿងចក្រ​ទាំងនេះ ផលិត​នៅ​ប្រទេស​ជប៉ុន ១ គ្រឿង មានតម្លៃ​ប្រមាណ ៨០ ម៉ឺន​ដុល្លារ​។ លោក​បញ្ជាក់ថា ជាការ​កត់សម្គាល់ ទោះបី​បញ្ហា​កូ​វីដ​នៅ​បន្ត​ញាំញី​ពិភពលោក​ក៏ដោយ ក៏​ក្រុមហ៊ុន​ជប៉ុន បាន​ខិតខំ​ប្រឹងប្រែង​ផលិត និង​ផ្តល់ជូន​អង្គភាព​ CMAC ​ទៅតាម​ផែនការ​កំណត់​ដែរ​។​

លោក រតនា ថ្លែងថា​៖ «​ជំនួយ​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​បន្ថែម ១​គ្រឿង​នេះ គឺជា​ចំណែក​នៃ​គម្រោង​បោសសម្អាត​មីន​រយៈពេល ៣ ឆ្នាំ ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ដល់​កម្ពុជា សម្រាប់​បោសសម្អាត​មីន​នៅក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្ដ​ពោធិ៍សាត់ ដែល​ CMAC ​កំពុងតែ​អនុវត្ដ​»​។​

លោក​បានឱ្យដឹងថា​គម្រោង​បោសសម្អាត​មីន​រយៈពេល ៣ ឆ្នាំ ២០២០-២០២២ ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្ដ​ពោធិ៍សាត់ ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ចប់​នៅ​ចុងខែ​កម្ភៈ​នេះ​។ ប៉ុន្ដែ​រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​គាំទ្រ​ក្នុង​រយៈពេល ៤ ឆ្នាំ​បន្តទៀត​។

បើតាម​លោក ហេង រតនា គុណប្រយោជន៍​សំខាន់​នៃ​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​នេះ គឺ​បាន​ជួយ​បង្កើនល្បឿន​នៃ​ការ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​គ្រឿងចក្រ​នេះ គឺជា​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន ដោយ​វាយ​ចោះ​ទៅក្នុង​ដី កម្ទេច​គ្រាប់មីន​តែម្ដង​ដោយ​មិនបាច់​ឱ្យមាន​ការចុះទៅ​រាវរក​គ្រាប់មីន​ដោយ​មន្ដ្រី​ CMAC ​នោះទេ​។

លោក​ថា គ្រឿងចក្រ​នេះ បាន​ជួយ​កាត់បន្ថយ​ការលំបាក​ដល់​មន្ដ្រី​ដោះមីន ដែល​ស្ថិតនៅ​ទីតាំង​ប្រឈម​ការលំបាក ដូចជា​តំបន់​ព្រៃ ព្រៃ​ឬ​ស្សី ដែល​មនុស្ស​ពិបាក​ចូល​រុករក​មីន ប៉ុន្ដែ​គ្រឿងចក្រ​អាច​ចូល​ទៅបាន​។

លោក​ថ្លែងថា​៖ «​តាមរយៈ​គ្រឿងចក្រ​នេះ​យើង​បាន​កាត់បន្ថយ​ការលំបាក​ទាំងអស់​សម្រាប់​អ្នកដោះមីន​។ គ្រឿងចក្រ​នេះ​ប្រើ​សម្រាប់​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​។ បច្ចុប្បន្ន​ CMAC​ មាន​គ្រឿងចក្រ​កម្ទេច​មីន​ជាង ៥០ គ្រឿង​ដែល​កំពុង​ប្រតិ​ប​ត្ដិ​ការ បោសសម្អាត​មីន​នៅ​ទូទាំងប្រទេស​»​។​

បើតាម​អាជ្ញាធរ​មីន​ទោះបីជា​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ជំងឺ​សកលក៏ដោយ​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ ​២០២១ កម្ពុជា ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ផ្ទៃដី ១៥៣ គីឡូម៉ែត្រ​ក្រឡា កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស បាន​ចំនួន ២០ ០២៦ គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ៣៧២ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន ៧៣ ៥៦៦៕

វីដេអូ៖