ភ្នំពេញៈ សេចក្តីព្រាងច្បាប់​ស្តីពី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​ ដែលមាន ១៥​ ជំពូក និង​ ១១៣​ មាត្រា ត្រូវបាន​គណៈរដ្ឋមន្ត្រី​បានអនុម័ត កាលពី​ចុង​សប្តាហ៍​មុននេះ ដែល​វា​នឹង​រួមចំណែក​ផ្តល់នូវ​សារៈប្រយោជន៍​ក្នុងការ អភិវឌ្ឍ​វិស័យ​កសិកម្ម​។​

លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានលើកឡើងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​នេះ កាលពី​ថ្ងៃទី​ ០៤ ខែកុម្ភៈ ឆ្នាំ​ ២០២២​។​

សេចក្តីព្រាងច្បាប់​ស្តី ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​អនុលោម​តាម​មូលដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរ​មាននៅ​ក្នុងប្រទេស​កម្ពុជា​ព្រមទាំង​កិច្ច​ព្រមព្រៀង ​និង​អនុសញ្ញា​ក្នុង​តំបន់ ​និង​អន្តរជាតិ​ស្តីពី​ការការពារ​រុក្ខជាតិ ​និង​ភូតគាម​អនាម័យ​។

លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា៖ «​សេចក្តីព្រាងច្បាប់​នេះ នឹង​រួមចំណែក​ផ្តល់នូវ​សារៈប្រយោជន៍​ក្នុងការ អភិវឌ្ឍ​វិស័យ​កសិកម្ម ដូចជា​ការការពារ​ផលប្រយោជន៍​របស់​ប្រជាកសិករ​តាមរយៈ​ការគ្រប់គ្រង ការពារ​រុក្ខជាតិ​និង​អនុវត្ត​វិធានការ​ភូតគាម​អនាម័យ​ ការគាំទ្រ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ ជំរុញ​ផលិតកម្ម​កសិកម្ម ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជ​ប​នីយកម្ម​កសិកម្ម​…»​។​

លោក​បាន​បន្ថែមថា ច្បាប់​នេះ​ផ្តល់​ប្រយោជន៍​ជាច្រើន​ទៀត​ដូចជា ការផ្តល់​ជំនឿ​ទុកចិត្ត​ជាមួយ ប្រទេស​ដៃគូ​ពាណិជ្ជកម្ម និង​កម្លាំង​ពលកម្ម​ពេញលេញ ក្នុងការ​ចរចា​បើក​ទីផ្សារ​នាំចេញ​កសិផល កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​ទីផ្សារ​ធំៗ​ក្នុង​ពិភពលោក​។​

យោងតាម​សេចក្តីប្រកាស​ពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងការ​អភិវឌ្ឍ​បទដ្ឋាន​គតិយុត្ត​របស់​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ​បង្កើន​ផលិតភាព ពិពិធ​កម្ម​កសិកម្ម នឹង​ក​សិ-​ធុរកិច្ច​។​

សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់ថា ៖ «​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​អនុសាសន៍​របស់ នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​រីកចម្រើន​នៃ​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ​សុវត្ថិភាព​ស្បៀង ការលើកកម្ពស់​គុណភាព​ផលិតផល​កសិកម្ម ការបង្កើន​ការនាំចេញ​កសិផល និង​ធានា​ចីរភាព​អភិវឌ្ឍន៍​ក្នុង​បរិការណ៍​សមាហរណកម្ម​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​ការប្រកួតប្រជែង​»​។

សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​កំណត់​អំពី​ការគ្រប់គ្រង​សុខភាព​រុក្ខជាតិ ការអនុវត្ត​វិធានការ​ការពារ​រុក្ខជាតិ​និង​វិធានការ​ភូតគាម​អនាម័យ ការការពារ​ធនធាន​រុក្ខជាតិ​គ្រប់​ប្រភេទ ការទប់ស្កាត់​ការបង្ក ការ​រាលដាល​ឆ្លង និង​ការ​រាតត្បាត​ពី​សំណាក់​សមាសភាព​ចង្រៃ ការលើកកម្ពស់ ផលិតភាព​កសិកម្ម សន្តិសុខ​ស្បៀង អនាម័យ គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​។​

ច្បាប់​នេះ​ក៏​សម្រាប់​គ្រប់គ្រង​នូវ​សន្តិសុខ​ភូតគាម​អនាម័យ​នៃ​រុក្ខជាតិ ផលិតផល​រុក្ខជាតិ និង​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ភូតគាម អនាម័យ ការសម្រួល​ការធ្វើ​ពាណិជ្ជកម្ម ការនាំចេញ ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់​នូវ​ផលិតផល ដំណាំ រុក្ខជាតិ និង​ផលិតផល​រុក្ខជាតិ​ផងដែរ​៕