មណ្ឌល​គិរី/ស្ទឹង​ត្រែងៈ​ជ​នសង្ស័យ​៦​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​មក​សួរជា​​បន្ត​បន្ទាប់​ពីថ្ងៃ​ទី ៥-៦​ កុម្ភៈ​ពាក់​ព័ន្ធ​ករណី​សម្លាប់​មនុស្ស​ ១ ​គ្រួសារ​នៅ​ភូមិ​មេ​ប៉ៃ ឃុំពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​ កាលពី​ថ្ងៃទី ១​កុម្ភៈ ​ខណៈ​រឿង​ឃាត​កម្ម​១ករណី​ទៀត​ សមត្ថ​កិច្ច​កំពុង​រៀបចំ​សំណុំ​រឿង​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ​ បន្ទាប់​ពី​ចាប់​ខ្លួន​ជនសង្ស័យ​បាន ​៣ នាក់​​ កាល​ពី​ថ្ងៃទី​៤​កុម្ភៈ​ ពាក់​ព័ន្ធ​សម្លាប់​បុរស​ម្នា​ក់នៅ​ភូមិ-​ឃុំសំអាង​ ស្រុក​ថា​ឡា

ប​វិវ៉ា​ត់ ខេត្ត​ស្ទឹង​ត្រែង​។

លោក​ឧត្តម​សេ​នីយ៍​ទោ ​ឡោ ​សុខា ស្នង​ការ​នគរ​បាល​ខេត្ត​មណ្ឌល​គិរី ​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី ៦​ កុម្ភៈ​ថា ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​មណ្ឌល​គី​រី ក្រោយ​ពី​បើក​ការ​ស៊ើប​អង្កេត​ដោយ​មាន​ការ​សហ​ការ​ពី​អង្គ​ភាព​ការពារ​កុមារ​ស៊ី​ភី​យូ ​(CPU) របស់​​អូស្ត្រាលី​និង​អង្គ​ភាព​ពាក់​ព័ន្ធ​ ​បាន​ហៅ​បុរស​ ៦​ នាក់ មក​សាក​សួរ​នៅ​ថ្ងៃទី ៦ ខែ​​កុម្ភៈ ​។

លោក​ប្រាប់​ថា៖ ​«ករណីនេះ​យើង​កំពុង​តែធ្វើ​ការ​ តែ​ក៏មិន​ទាន់​កំណត់​ថា​ បុរស​ទាំង ៦​ នាក់​នោះ​ ជា​ជន​សង្ស័យ​ដែរ។ យើង​មិន​ទាន់​មាន​តម្រុយ​អី​ទេ គ្រាន់​តែ​ហៅ​ពួក​គេ​មក​សាក​សួរ​សិន​ប៉ុណ្ណោះ»​។

ពាក់​ព័ន្ធ​ករណី​នេះ បើ​យោងតា​មបណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គ​ភាព​ការ​ពារ​កុមារ​ (CPU)​ ចុះ​ផ្សាយ​​នៅ​ថ្ងៃទី​ ៤ កុម្ភៈ ឆ្នាំ​ ២០២២​ ថា ក្រុមកា​រងារ​ចម្រុះ​ដែល​ហៅថា​ BRAVO22 ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេតអំពើ​ឃាត​កម្ម​លើ​ក្រុម​គ្រួសារ​ដែលមា​ន​សមាជិ​ក៥នាក់និង​អំពើ​ប៉ុនប៉ង​សម្លាប់​ទៅ​លើ​កុមារា​ម្នាក់​ទៀត។

ក្រុម​ការងារ​ចម្រុះ​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​កិច្ច​សហប្រតិប​ត្តិការ​រ​វាង​ស្នងកា​រដ្ឋាន​នគ​របាល​ខេត្ត​មណ្ឌល​គី​រី,នាយ​កដ្ឋាន​ព្រ​ហ្មទណ្ឌ​កម្រិ​តធ្ងន់ និង​នាយ​កដ្ឋាន​បច្ចេក​ទេស និង​វិទ្យា​សាស្ត្រ​នៃ​ក្រសួងម​ហាផ្ទៃ, ​ក្រុម​ការងារ​ស៊ើប​អង្កេត​បទល្មើស​ឃាត​កម្ម និង​ក្រុម​ការងារ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​នៃ​អង្គ​ភាព​ការពារ​កុមារ (CPU)​។

បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គ​ភាព​ការពារ​កុមារ (CPU) ដដែល​បាន​បន្តថា លោក James McCabe នាយ​ក​ប្រតិ​បត្តិ​អង្គ​ភាព​ការពារ​កុមារ​បាន​ថ្លែងថា​៖ «នេះ​គឺ​ពិតជា​អំពើ​ដ៏​ឃោរ​ឃៅ​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ទៅ​លើ​ក្រុម​គ្រួសារ​ និង​សហ​គមន៍​ដ៏​តូច​នេះ។ ធន​ធាន​ដែល​យើង​មាន​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាន​យក​មកប្រើ​ប្រាស់ ដើម្បី​កំណត់​អត្ត​សញ្ញាណ​រាល់​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​នេះ»​។​

ទាក់​ទ​ងនឹងក​រណីនេះ មាន​កុមារ​អាយុ​ ១២ ​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​រាជ​ធានី​ភ្នំពេញ ​បន្ទាប់​ពី​បាន​រងរ​បួស​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​សកម្ម​ភាពនៃ​​អំពើ​ឃា​តកម្ម​នេះ​​។

លោក ​ចេង ម៉ាប់ អធិកា​ររងក្រុង​សែន​មនោ​រម្យឱ្យ​ដឹង​នៅ​ថ្ងៃទី ៦ កុម្ភៈ​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ក្រាក់ ​សី អាយុ ​១២ ​ឆ្នាំ ដែល​របួស​ធ្ងន់​ ត្រូវ​បាន​កម្លាំង​សមត្ថកិ​ច្ច​ខេត្ត​មណ្ឌលគិរី​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​រាជ​ធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​ ៣ កុម្ភៈ​ ហើយ​នៅពេ​លនេះ​ គេមាន​សុខភា​ព​ប្រសើរ​បន្តិច​ហើយ។

ទោះជាយ៉ា​ងណា​ បើ​តាម​​មន្ត្រីនគ​របាល​១រូបនៃ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​ថ្ងៃទី ៦ ​កុម្ភៈ​ថា មាន​បុរស​ចំនួន​ ៦ ​នាក់​ ត្រូវបាន​សមត្ថ​កិច្ច​ចម្រុះ​ហៅ​សាក​សួរ ​ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ថា អំពើ​ឃាត​កម្មនេះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃទី១​កុម្ភៈ ដោយ​មាន​សមា​ជិក​ក្នុង​គ្រួសារ​ រាប់​ទាំង​ក្មេង​ផង​ចំនួន​ ៥​ នាក់ ​ត្រូវ​គេ​សម្លាប់​នៅភូមិ មេ​ប៉ៃ ឃុំពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា។ ក្នុង​នោះ​ក៏មាន​ក្មេង​ប្រុស​ជា​កូន​អ្នកភូមិ​​ម្នាក់​ផងដែរ​​។

ករណីដោយ​ឡែកមួយទៀត ​បុរស​សង្ស័យ​ចំនួន​៣នា​ក់ ​កំពុង​ត្រូវ​បាន​សមត្ថ​កិច្ច​សាកសួរ​នៅ​ការិយា​ល័យ​ព្រហ្មទណ្ឌ​ខេត្តស្ទឹ​ងត្រែង​ពី​ថ្ងៃទី ៦​ កុម្ភៈ​ បន្ទាប់ពី​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី ៤ កុម្ភៈ ពាក់ព័ន្ធករណី​​សម្លាប់​បុរស​ម្នាក់​ក្រោយពេលបាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​៣១ ម​ករា​ ហើយ​ត្រូវ​គេប្រទះឃើញ​សាកសព​កាល​ពី​ថ្ងៃទី ​៣ ​កុម្ភៈ​។

លោក​ ដួង ស៊ី​វុត្ថា នា​យការិយា​ល័យ​នគរបា​ល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្ទឹ​ងត្រែង​​ឱ្យដឹង​នៅ​ថ្ងៃទី ៦ កុ​ម្ភៈ​ថា ជនរង​គ្រោះ​ក្នុងអំពើ​ឃាត​កម្ម​នេះ​​ឈ្មោះ ​ឌៀ​ម ​ចិន្តា ​អាយុ ​៣១ ​ឆ្នាំ​។ ជនរ​ងគ្រោះ​​រស់នៅ​ភូមិ​ឈ្វាំង ​ឃុំ សំ​អាង​ ស្រុក

​ថា​ឡាប​រី​វ៉ា​ត់ ខេត្ត​ស្ទឹង​ត្រែងតែ​បាន​បាត់​ខ្លួន​ពី​ផ្ទះកាល​ពី​ថ្ងៃទី​ ៣១​ មករា​​មុន​ពេល​គេ​ប្រទះ​ឃើញ​សព​ពីថ្ងៃទី​ ៣ កុម្ភៈ​។​

លោក​ថា៖ ​«ពេលនេះ​យើង​កំពុង​សាក​សួរ​ពួក​គេដូច្នេះ​មិន​ទាន់​ដឹង​ថា​ការ​សម្លាប់​នេះ​ជា​រឿង​គំនុំ​ ឬ​ជា​រឿង​អ្វី​ទេ។ជន​រង​គ្រោះ​មាន​ស្នាម​ផុង​ល​លា​ដ៍​ក្បាល»​​៕