កំពង់ស្ពឺៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត កំពង់ស្ពឺ​ កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួនជនសង្ស័យ​​ ដែល​បាន​​កាប់​យុវជន​ម្នាក់​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ កាលពី​យប់​ថ្ងៃទី ៥ កុម្ភៈ​ ស្ថិត​ក្នុងភូមិ អង្គ​តា​ឡឹ​ក ឃុំ សំបូរ ស្រុក សំរោង​ទង ។

លោក សម សាក់ ស្នងការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​កំពង់​ស្ពឺ​ប្រាប់​នៅ​ថ្ងៃទី ៦ កុម្ភៈ​ថា យុវជន​រងគ្រោះ​ឈ្មោះ​ សឺ​ន សៅ​កៀរ ភេទ ប្រុស​អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ អង្គ​តា​ឡឹ​ក ឃុំ សំបូរ ស្រុក​សំរោង​ទង។

យុវជន​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​កណ្តាល​វាលស្រែ​កាលពី​ថ្ងៃ ៥ កុម្ភៈ​នៅ​ចំណុច​ខាងលើ។

លោក​ថ្លែង​ថា៖ ​«រឿង​នេះ​ជា​រឿង​ឃាតកម្ម​ ហើយ​ពេលនេះ​សមត្ថ​កិច្ច​ជំនាញ​ខេត្ត​ កំពុង​បើក​ការស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​ហើយ។ ទាំង​កម្លាំង​ខេត្ត និង​កម្លាំង​ស្រុក​សំរោង​ទង​ កំពុងធ្វើការ​ងារ​នេះ​យ៉ាងសកម្ម​បំផុត»។

លោក សម សាក់​​ បាន​ថ្លែង​ដោយ​យោងទៅលើ​ការ​បំភ្លឺ​​របស់សា​ក្សី​ថា កាលពី​វេលា​ម៉ោងជាង ១០ យប់​ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ​២០២២ មាន​យុវជន ​៣​ នាក់ ​បាន​ជិះ​ម៉ូតូ ១ ​គ្រឿង​ម៉ាក​ C-125 ឌុប​គ្នា។

លុះ​ជិះ​ដល់​កន្លែងកើតហេតុ​ ស្រាប់​តែមាន​មនុស្ស​ជិះ​ម៉ូតូ (មិន​ចាំ​ចំនួន​ម៉ូតូ និង​មនុស្ស) សំដៅ​មក​កាប់​ពួកគេ​ម្នាក់។

ចំណែក​គ្នា​គេ ២ ​នាក់​ទៀត ​បាន​រត់​គេច​រួច​ខ្លួន​ពី​ការកាប់​ប្រហារ​នេះ។

លោក​បញ្ជាក់​ប្រាប់ថា យុវជន​រងគ្រោះ​ ត្រូវបាន​ជនសង្ស័យ​កាប់​ត្រូវ​គល់​គុម្ពត្រចៀក​ខាងឆ្វេង​រយះ​ដល់​ចង្ការ​ដួល​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ ស្ថិត​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាង​លើ។

ចំណែក​យុវជន​រងគ្រោះ ​២ ​នាក់​ទៀត ​រត់​ចោល​ស្បែក​ជើង​ទុក​នៅ​កណ្តាល​វាល​ស្រែ។

ទោះយ៉ាង​ណា បើតាម​នគរ​បាល​មូលដ្ឋាន​ឃុំ សំបូរ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹង​នៅ​ថ្ងៃ​ទី ៦ កុម្ភៈ ថា អំពើ​មនុស្សឃាត​នេះ​ បើទោះបីជា​ជនសង្ស័យ​រត់​រួចខ្លួន​យ៉ាង​ណាក្តី​ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​វែកមុខ​ ដើម្បី​ចាប់ខ្លួន​ជនដៃ​ដល់​ យ​កមក​ផ្តន្ទា​ទោស។

អ្វី​ដែល​សំខាន់​គឺ​សាក្សី​ស្ថិត​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផ្ទាល់ និង​ជា​អ្នក​បាន​ឃើញ​សកម្មភាព​ប្រព្រឹត្ត​របស់​ជន​ល្មើស។

មន្ត្រី​ដដែល​ថា៖ «ពេលនេះ​ យើង​ចាប់​ជនល្មើស​អត់​បាន​មែន តែ​ផ្អែក​តាម​ជំនាញ​របស់​យើង​ គឺ​សមត្ថកិច្ច​មាន​វិធី​សាស្ត្រ​ទាក់ទង​ការ​បង្ក្រាប​ ឬ​ចាប់​ជន​បង្ក​បទ​ល្មើស​បាន»៕