ភ្នំពេញៈ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៥ កុម្ភៈ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ចំនួន​ ៤​ នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ខណៈ​សហជីព​បាន​អះអាងថា អតីត​បុគ្គលិក​ចំនួន ៦ ​នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយពេល​យក​សំណាក ប៉ុន្តែ​មន្ត្រីនគរបាល​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទៅតាម​ដីកា​តុលាការ​តែ ២ ​នាក់​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃទី ​៤ កុម្ភៈ គណៈកម្មការ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ថ្នាក់​រាជធានី-​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រមូលផ្ដុំ​ធ្វើបាតុកម្ម ហើយ​តម្រូវឱ្យ​ពួកគេ​មក​ធ្វើ​សំណាក​រក​វីរុស​កូវីដ-១៩ ក្រោយពី​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង ១ ​ករណី​លើ​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ​។

សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៥ កុម្ភៈ បានឱ្យដឹងថា ក្រោយពី​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ធីតា បាន​ធ្វើ​តេស្ត​យក​សំណាក​ដើម្បី​ស្វែងរក​មេរោគ​កូវីដ​ ១៩ លើ​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ២៦៣ នាក់ មន្ទីរ​សុខាភិបាល​បាន​ប្រកាសថា ជា​លទ្ធផល​មាន​បាតុករ​ចំនួន ៤ នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ ដោយ​លទ្ធផល​នេះ គឺ​ពុំទាន់​យក​សំណាក​អស់​គ្រប់គ្នា​នោះទេ​។

ជាមួយ​នឹង​ការរកឃើញ​នេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន ធ្វើ​ចត្តាឡីស័ក​រយៈពេល ៧ ថ្ងៃ​ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធាន​សុខាភិបាល ហើយ​បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ ត្រូវយក​សំណាក​នៅតាម​កន្លែង​ដែល​បានកំណត់ និង​រាយការណ៍​អំពី​លទ្ធផល​មក​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ជា​កំហិត​។

សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុមបាតុករ ព្រមទាំង​បងប្អូន​បាតុករ ដែល​មិនទាន់បាន​យក​សំណាក​វិភាគ​មេរោគ​កូវីដ​ ១៩ ត្រូវ​ទៅធ្វើ​តេស្ត​រក​មេរោគ​តាម​កន្លែង​ដែល​បានកំណត់​នៅ​រាជធានី​ភ្នំពេញ​»​។

​ជាមួយ​នឹង​ការ​ទៅធ្វើ​តេស្ត​យក​សំណាក​តាម​ការកំណត់​របស់​មន្ត្រី​សុខាភិបាល​នេះដែរ កាលពី​ថ្ងៃទី ​៥ កុម្ភៈ សហជីព ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា សមាជិក​របស់ខ្លួន​ចំនួន​ ៦​ នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ចាកចេញ​ពី​កន្លែង​ធ្វើតេស្ត​យក​សំណាក​នៅ​កោះពេជ្រ​។ សហជីព​នេះ បាន​អះអាង​ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង ៦ នាក់​នេះ​គឺមាន​ឈ្មោះ លោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត អ្នកនាង ទូច ដាណែត អ្នកស្រី អ៊ុក សោភ័ណ អ្នកនាង ឯម គន្ធា និង​លោក សៅ សម្បត្តិ​។

សហជីព ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សង្កត់ធ្ងន់​ថា​៖ «​តាម​ការស្នើសុំ​របស់​ក្រសួង​សុខាភិបាល​ដែល​ឱ្យ​ពួកយើង​ជា​កូដករ​ទៅធ្វើ​តេស្ត​យក​សំណាក​។ ប៉ុន្តែ​ឥឡូវ​បែរជា​មក​ព័ទ្ធចាប់​ពួកគាត់​ទៅវិញ​។ យើងខ្ញុំ​ប្រកាស​ជំហរ​សហការ​ក្នុង​ការយក​សំណាក​ហើយ សូម​ស្នើ​ក្រសួង​សុខាភិបាល​បន្ត​ចុះមក​យក​សំណាក​របស់​ពួកយើងខ្ញុំ ដើម្បី​បញ្ចៀស​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍ ហើយ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​»​។

ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ​លោក​ សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៦ កុម្ភៈ ថា នគរបាល​រាជធានី​ភ្នំពេញ គឺ​បាន​ឃាត់ខ្លួន អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ​ចំនួន​តែ​ ២ នាក់​ប៉ុណ្ណោះ​គឺ​ឈ្មោះ ជួប ចាន់ណាត និង​ឈ្មោះ សេង វណ្ណារិទ្ធ​។ ការឃាត់ខ្លួន​នេះ​គឺ​យោងទៅតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដោយយោង​លើ​មាត្រា ​១១ នៃ​ច្បាប់​ប្រយុទ្ធប្រឆាំង​កូវីដ​ ១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃាត់ខ្លួន​តាម​ដីកា​តែ ២ នាក់​ប៉ុណ្ណោះ​ពាក់ព័ន្ធ​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​បន្ត​នីតិវិធី​ក្នុងការ​សាកសួរ​ពួកគាត់​នៅ​ស្នងការដ្ឋាន​។ យើង​មាន​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន ដូច្នេះ​យើង​អាច​នឹង​បញ្ជូនទៅ​តុលា​ការ​ក្នុងពេល​ឆាប់ៗ ដើម្បី​បន្ត​នីតិវិធី​។ ចំណែក​ ៤​ នាក់​ទៀត ដែល​បានប្រកាស​នោះ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន គឺ​តែ​ប៉ុណ្ណឹង​»​។

សូមជម្រាបថា វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​បុគ្គលិក​ដែល​ត្រូវ​បានបញ្ចប់​កិច្ចសន្យាការងារ​ជាង​ ៣០០ នាក់​ត្រូវបាន​បន្ត​អូសបន្លាយ​មកដល់​បច្ចុប្បន្ន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​សម្រេច​កាត់បន្ថយ​បុគ្គលិក​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ ២០២១ ជាង ១ ០០០ នាក់ នៅក្នុង​ចំណោម​បុគ្គលិក​ជាង ៨ ០០០ នាក់​។ បន្ទាប់ពី​ការចរចា​មិន​ចុះសម្រុង​គ្នា បុគ្គលិក​ទាំងអស់​ក៏បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅក្បែរ​ក្រុមហ៊ុន ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២១ មក ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​ពួកគេ​ចូលធ្វើការ ហើយ​ការតវ៉ា​នេះ​ក៏​នាំឱ្យ​ថ្នាក់ដឹកនាំ​ និង​សកម្មជន​របស់​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ​ចំនួន​ ៩ ​នាក់​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​ក្នុងនោះ​ ៨ នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពីបទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»៕