ភ្នំពេញៈ GMAC ប្រកាស​ឱ្យ​បណ្តា​រោងចក្រ​ដែល​ជា​សមាជិក​ទាក់ទង​មក​ GMAC ដើម្បី​ទទួលយក​ម៉ាស់​សម្រាប់​ចែកជូន​កម្មករ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី ​១៦ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ៣១ ខែមីនា បន្ទាប់ពី​ស្ថាប័ន​នេះ​ទទួល​បាន​ការបរិច្ចាគ​ម៉ាស់​ជាង​ ៩ ​លាន​ម៉ាស់​ពី​ក្រុមហ៊ុន Fast Retailing ដែលជា​ក្រុមហ៊ុនមេ​របស់​ម៉ាក Uniqlo ប្រទេស​ជប៉ុន​។

ការជូន​ដំណឹង​របស់ GMAC បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៥ កុម្ភៈ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ដោយ​បាន​លើកឡើងថា សមាគម​ទទួលបាន​ជោគជ័យ​ក្នុងការ​ស្នើសុំ​ការបរិច្ចាគ​ម៉ាស់​ពី​ក្រុមហ៊ុន Fast Retailing ដែលជា​ក្រុមហ៊ុនមេ​របស់​ម៉ាក Uniqlo ពី​ប្រទេស​ជប៉ុន ហើយ​ម៉ាស់​នេះ​អាច​ប្រើ​ឡើងវិញ​បាន​ច្រើនដង​។

GMAC បន្តថា​៖ «​ការបរិច្ចាគ​ម៉ាស់​នេះ គឺ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​សមាគម​ និង​ក្រុមហ៊ុន​ម៉ាក Uniqlo ដើម្បី​ជួយ​ឧស្សាហកម្ម​របស់​យើង​ក្នុង​ការដោះស្រាយ​បញ្ហា​កូវីដ ១៩​។ យើង​នឹង​ចែក​ម៉ាស់​ចំនួន​ ៩​ ទៅ​កម្មករ​ម្នាក់ៗ​។ សូម​សមាជិក​ទាំងអស់​មក​យក​ម៉ាស់​ពី​សមាគម​ចាប់ពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ៣១ ខែមីនា ដើម្បី​ជួយ​ចែក​ទៅ​កម្មករ​របស់លោក លោកស្រី​»​។

បន្ថែម​ពីនេះ GMAC ក៏បាន​ណែនាំ​ឱ្យ​បណ្តា​រោងចក្រ​សហគ្រាស​ដែលជា​សមាជិក​ទាំងអស់​ត្រូវ​ទាក់ទង​មកជា​មុន​តាមរយៈ​លេខ​ទូរស័ព្ទ​ ២ ​ខ្សែ គឺ 015888158 និង 016835835 ដើម្បី​បញ្ជាក់​អំពី​ចំនួន​ម៉ាស់​ដែល​រោងចក្រ​ត្រូវការ និង​កាលបរិច្ឆេទ​មក​ទទួល​យក​ម៉ាស់​ជាក់លាក់​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​នៅ​ថ្ងៃទី​ ៦ កុម្ភៈ​ថា ម៉ាស់​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Fast Retailing ដែលជា​ក្រុមហ៊ុនមេ​របស់​ម៉ាក Uniqlo ប្រទេស​ជប៉ុន​នេះ គឺមាន​សរុប​ជាង​ ៩​ លាន​ម៉ាស់​។ GMAC នឹងធ្វើ​ការបែងចែក​ម៉ាស់​ដែល​ទទួលបាន​ទាំងអស់នេះ​ទៅកាន់​គ្រប់​បណ្តា​រោងចក្រ និង​គ្រប់​កម្មករ​ទាំងអស់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​បាន​ទាក់ទង​មកកាន់ GMAC ក្នុងអំឡុង​ពេលដែល​បានកំណត់​។

លោក​ កាំង ម៉ូនីកា បញ្ជាក់ថា​៖ «​ការ​ចែក​ម៉ាស់​ដល់​កម្មករ​នេះ គឺជា​ការចូលរួមចំណែក​ដ៏មាន​តម្លៃ​របស់ fast retailing ដែលជា​ម្ចាស់​ម៉ាក Uniqlo ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​របស់​យើង​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩»​។

អ្នកស្រី​ គង់ ច័ន្ទម៉ារ៉ាឌី បុគ្គលិក​របស់ GMAC បានឱ្យដឹង​ដែរ​ថា បន្ទាប់ពី GMAC បានប្រកាស​ពី​ការ​ឱ្យមក​ទទួល​ម៉ាស់​ដោយ​ឥតគិតថ្លៃ គឺ​ត្រឹម​រយៈពេល ២ ថ្ងៃ​គឺមាន​បណ្តា​រោងចក្រ​ជាង ​២០ ហើយ ដែល​បាន​ទាក់ទង​ស្នើសុំ​ម៉ាស់​ទាំងនេះ​សម្រាប់​ចែកជូន​កម្មករ​របស់​ពួកគេ​។ អ្នកស្រី​បញ្ជាក់ថា រោងចក្រ​សហគមន៍​ទាំង ២០ ​នេះ គឺ​បានស្នើ​ម៉ាស់​សម្រាប់​កម្មករ​របស់​ពួកគេ​រាប់ម៉ឺន​នាក់ ហើយ​ការទទួល​ស្នើសុំ​ម៉ាស់​ដោយ​ឥតគិតថ្លៃ គឺ​នឹង​ធ្វើឡើង​រហូតដល់​ថ្ងៃ​ផុតកំណត់​។

អ្នកស្រី​បន្ថែមថា​៖ «​ម៉ាស់​យើង​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ ហើយ​យើង​ប្រកាស​ឱ្យ​គាត់​ទាក់ទង​មក​មុន ហើយ​នៅពេល​ថ្ងៃ​កំណត់ គឺ​ពួកគាត់​អាចមក​ទទួល​ម៉ាស់​ដែល​ពួកគាត់​បានស្នើ​នេះ​នៅ​ទីស្នាក់ការ GMAC»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ GMAC ក្នុង​ការស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ជំនួយ ដើម្បី​ទទួលបាន​ម៉ាស់​ទាំងនេះ​សម្រាប់​ចែកជូន​ដល់​កម្មករ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ បន្ថែម​ពីនេះ​លោក​ក៏​រំពឹង​ដែរ​ថា GMAC នឹង​បន្ត​ខិតខំ​ថែមទៀត ក្នុង​ការស្វែងរក​ការគាំទ្រ​ពី​ដៃគូ​ ឬ​ម្ចាស់ជំនួយ​ផ្សេងទៀត​ក្នុង​ការផ្តល់​ជា​សម្ភារ​ផ្សេងៗ​ទៀត ដូចជា​អាល់កុល ម៉ាស៊ីន​ពិនិត្យ​កម្តៅ​ជាដើម សម្រាប់​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​រោងចក្រ​។

ការលើកឡើង​យ៉ាង​ដូច្នេះ​ក៏​ព្រោះតែ​លោក​សង្កេតឃើញថា ថ្មីៗ​នេះ​នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​មួយចំនួន​ហាក់​មិនបាន​គោរព​តាម​វិធាន​សុខាភិបាល​ក្នុង​ការបង្ការ និង​ការការពារ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ​១៩ នៅក្នុង​រោងចក្រ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ជាពិសេស​នោះ​គឺ​ការបាញ់​សម្លាញ់​មេរោគ​នៅក្នុង​រោងចក្រ​ឱ្យបាន​ទៀងទាត់ ខណៈ​រោងចក្រ​ខ្លះ​មិន​បានធ្វើ​ទាល់តែសោះ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ជំងឺ​កូវីដ​មាន​ការថមថយ ក៏​យើង​កំពុង​តែមាន​ការវិវឌ្ឍ​គួរឱ្យកត់សម្គាល់​ជុំវិញ​ជំងឺ​បំប្លែង​ថ្មី​អូមីក្រុង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ GMAC ត្រូវតែ​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ទៅ​ម្ចាស់ជំនួយ ដើម្បី​ធ្វើ​យ៉ាងម៉េច បន្ថែម​សម្ភារ និង​ឧបករណ៍​ការពារ​ទៅដល់​រោងចក្រ សហគ្រាស​ដែលជា​សមាជិក​របស់ខ្លួន​ធ្វើការ​ទប់ស្កាត់​ការរីករាលដាល​នៅ​កន្លែងធ្វើការ​»៕