ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ​ប្រកាស​ប្តូរផ្តាច់​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឱ្យ​បាន​នៅ​ឆ្នាំ​ ២០២២​ នេះ ​ក្រោយ​ពី​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ចំនួន​ ២ ឆ្នាំ ​កន្លង​មក​នេះ​ ហើយ​លោក​នាយក​រដ្ឋ​មន្រ្ដី​ក៏បន្ត​អំពាវនាវ​ដល់​ជន​រួមជាតិ​ឱ្យ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។

លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ​បាន​បញ្ជាក់​បែបនេះ ​ខណៈ​លោក​អញ្ជើញជា​អធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ ៧ ​នៅ​ចំណុច​រង្វង់មូល​ខ្លាស្ទុះ ​ក្រុង​ក្រចេះ ​ទៅ​ភូមិ​រមាត ​ឃុំ​អូរគ្រៀង ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ ប្រវែង​ប្រមាណ ​៩៣.៥៦ គីឡូម៉ែត្រ ​ដែល​សាង​សង់​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​ ៣៣ លាន​ដុល្លារ​អាមេរិក។