សៀមរាបៈ ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​នាំគ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ​សុំ​សេចក្តីសុខ​ដើម្បី​រក្សា​ប្រពៃណី​ពី​បុរាណ​ដែល​បាន​បន្សល់​​ទុក​តាំងពី​ជំនាន់​ដូនតា​មកទល់​​បច្ចុប្បន្ន​។ អ្នកភូមិ​ជឿថា ការធ្វើ​ពិធី​នេះ គឺ​នាំឱ្យ​កូនចៅ​សុខសប្បាយ ធ្វើស្រែ​ចម្ការ​ទទួលបាន​ភោគផល​ច្រើន និង​ចៀសផុត​ពី​ជំងឺ​ផ្សេងៗ​។

ពលរដ្ឋ​នៅ​តំបន់​អង្គរ​បាន​ទៅ​​ជួបជុំគ្នា​នៅមុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ថ្ងៃទី​ ៤ ខែមករា ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​ឡើង​មាឃ​ ឬ​ឡើងអ្នកតា​ដែល​អ្នកភូមិ​ជឿ​​ថា ពិធី​នេះ​នឹង​នាំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើ​កសិកម្ម​ទទួលបាន​ផល​ច្រើន និង​ចៀសផុត​​ពី​ជំងឺ​ទៀតផង​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​​ដឹងថា នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​ក៏​​មិន​ខុសប្លែក​ពី​ឆ្នាំមុនៗ​ប៉ុន្មាន​ដែរ អ្នកស្រុក​ក្នុង​តំបន់​អង្គរ​មាន​ក្មេង ចាស់ ប្រុស​ស្រី​បាន​មក​ជួបជុំគ្នា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​អង្គរ ប្រាសាទ​វត្តអធ្វា អ្នកតា​បាក់រទេះ​ក្នុង​ភូមិ​នគរ​ក្រៅ និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ក្នុង​តំបន់​អង្គរ​ដើម្បី​ប្រារព្ធ​ពិធី​នេះ​​សុំ​សេចក្តីសុខ​ចម្រើន​។ ទាំងនេះ​​សបញ្ជាក់​ឱ្យឃើញថា អ្នកស្រុក​អង្គរ​នៅតែ​បន្ត​ថែរក្សា​ប្រពៃណី​ពី​បុរាណកាល​ដែល​បាន​បន្សល់ទុក​ពី​ដូនតា​មកទល់​បច្ចុប្បន្ន​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា​ «​អ្នកភូមិ​ជឿថា​ការធ្វើ​ពិធី​ឡើង​អ្នកតា​គឺ​នាំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើស្រែ​ចម្ការ ទទួល​បាន​ភោគផល​ច្រើន ចៀស​ផុតពី​ជំងឺ​។ ដូច្នេះហើយ ទើប​ពួកគាត់​ត្រូវ​រៀបចំ​ពិធី​នេះ មិន​ដែល​អាក់ខាន​ទៅ​តាម​លទ្ធភាព ព្រោះ​អ្នកតា​គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​អ្នក​ថែរក្សា​ស្រុក ជា​អ្នក​ឃុំគ្រង​កូន​​ចៅ​ឱ្យបាន​សុខសប្បាយ គួរឱ្យ​គោរពបូជា មិនអាច​មើលងាយ ឬ​លេងសើច​បានទេ​»​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ប្រារព្ធ​ឡើង​តាមបែប​ព្រះពុទ្ធ​សាសនា​ផង​ និង​តាម​ជំនឿ​បែប ព្រហ្មញ្ញសាសនា​ផង ដោយពេល​​ព្រឹក​ព្រលឹម មាន​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ចម្រើន​ព្រះបរិត្ត​ ​និង​វេរភត្តាហារ​ប្រគេន​ព្រះសង្ឃ និង​ពេល​រសៀល​មាន​រៀបចំ​ជា​គ្រឿង​សក្ការៈ តង្វាយ​បូជា ការប្រគំ​ភ្លេងពិណពាទ្យ និង​មាន​ពិធីបួងសួង​សុំ​សេចក្តី​សុខ​ចម្រើន​ផងដែរ​។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ កែវ ចន្ថូ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក បាន​ឱ្យ​ដឹងថា តាម​ទំនៀម​ប្រពៃណី​ពី​បុរាណកាល​មក មិន​ដែល​ខកខាន​ឡើយ​ឱ្យតែ​ដល់​ថ្ងៃ​ ៣ ​កើត ខែ​មាឃ ប្រជាពលរដ្ឋ​តែងតែមាន​ការជួប​ជុំគ្នា ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីចម្រើន​ទៅតាម​ជំនឿ​របស់ខ្លួន​។

ចំណែក​អ្នកស្រី ម៉ុន រស្មី ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​បាន​ថ្លែង​នៅ​ថ្ងៃទី ​៦ ខែកុម្ភៈ​ថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ ​៣​ កើត​ខែមាឃ គាត់​ និង​អ្នកភូមិ​ជុំវិញ​អង្គរ​តែងតែ​ជួបជុំគ្នា​ដើម្បី​ធ្វើ​ពិធី​ឡើង​មាឃ​មិនដែល​ខាន​ឡើយ ព្រោះនេះ​ជា​ទម្លាប់​ពី​បរម​បុរាណ​ចាស់ៗ​បាន​ផ្តែ​ថា កុំឱ្យ​បំភ្លេចចោល ហេតុនេះហើយ​ទើប​ទាំងអស់គ្នា​បាន​បន្ត​ខិតខំ​ធ្វើ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន ពិសេស​ក្នុង​ពិធី​នេះ​គឺ​សុំឱ្យ​កូនចៅ​បាន​សុខ​សប្បាយ រកស៊ី​មានបាន និង​អាច​ថែរក្សា​ប្រពៃណី​ពី​បុរាណ​ឱ្យនៅ​ស្ថិតស្ថេរ​តទៅ ។

អ្នកស្រី​ថ្លែងថា​៖ «​ប្រាសាទ​អង្គរ​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​អ្នកទេសចរ​ទស្សនា​កម្សាន្ត​ទេ តែ​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​ក្នុង​ការគោរពបូជា​របស់​យើង​។ ​យើង​រួមគ្នា​ប្ដេជ្ញា​បន្ត​ធ្វើ​ពិធី​នេះ​ និង​ណែនាំ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ទៀត​ត្រូវតែ​ធ្វើ​ពិធី​បន្តទៅទៀត​ជា​រៀងរាល់ឆ្នាំ​ជា​រៀងរហូត ដើម្បីឱ្យ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​រស់រវើក​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​» ។

អ្នកស្រី ប្រាប់​ថា ចំពោះ​ការរៀបចំ​គ្រឿង​រណ្តាប់​នៅក្នុង​ពិធី​នេះ​គេ​អាច​រៀបចំ​ឱ្យមាន​ស្លាធម៌ បាយសី គ្រឿង​សំណែន​មាន់ស្ងោរ ក្បាលជ្រូក បាយ​សម្ល បង្អែម ផ្លែឈើ ផ្កាភ្ញី ស្រាស និង ទឹកក្រូច​ជាដើម ពិសេស​គឺ​នំបញ្ចុក​គឺ​ធ្វើ​សម្រាប់​ចែកជូន​អ្នកចូលរួម​ពិសា​។ ពិធី​នេះ​ទៀតសោត​ចាប់ផ្តើម​ដោយ​ការសូត្រ​នមស្ការ រំឭក​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​ឆាកហ៊ោ បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ អញ្ជើញ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យចូល​មកកាន់​ទីកន្លែង​ដែល​អ្នកភូមិ​បាន​រៀបចំ​ជូន ព្រមទាំង​មាន​អ្នក​ដែល​ត្រូវ​ចូល​រូប​ស្នង​ឱ្យ​អ្នកតា​ថែរក្សា​នៅ​ទី​ស័ក្តិសិទ្ធិ​ទាំងនោះ អម​ដោយ​ភ្លេងបុរាណ​ខ្មែរ ដែល​មិនអាច​ខ្វះ​បាន​ទៀតផង​៕