ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​អះអាងថា ជ្រូកពោន​ ឬ​ជ្រូកព្រុល​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN ជា​​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​​ពិភពលោក កំពុង​បន្ត​មាន​វត្ត​មាននៅ​​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​មិនមាន​ការសិក្សា​លម្អិត​អំពី​ចំនួន​សត្វ​នេះឡើយ​។

សត្វ​នេះ​មាន​នៅតាម​តំបន់​ព្រៃ​ធម្មជាតិ​​របស់​ប្រទេស​កម្ពុជា ជាពិសេស​នៅ​​ភាគ​និរតី ភាគ​ឦសាន និង​ភាគ​ខាងជើង​ប្រទេស​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ ថា ជ្រូកពោន ឬ​ជ្រូកព្រុល​​ដែលជា​ប្រភេទ​សត្វ​ក្នុង​ក្រុម​មាន​​ដោយ​កម្រ​ស្ថិតក្នុង​បញ្ជី​ក្រហម​ IUCN ​ដែលជា​ប្រភេទ​ងាយ​រងគ្រោះ​បន្ត​​មាន​វត្ត​មាននៅ​កម្ពុជា​ជាមួយ​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ​ទៀត​ដូចជា​៖ សត្វ​ដំរី ខ្ទីង ទន្សោង ឈ្លូស​យក្ស ខ្លារខិន ខ្លា​ពពក​ជា ដើម​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បញ្ជាក់ថា​៖ «​មិនមាន​ការសិក្សា​ឱ្យបាន​​លម្អិត អំពី​ចំនួន​សត្វ​ជ្រូកពោន នៅ​​លើ​ពិភពលោក និង​នៅ​កម្ពុជា​នោះទេ​តែ​អ្វីដែល​កត់សម្គាល់​ជ្រូកពោន​មាននៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគ​និរតី ភាគ​ឦសាន និង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ របាយការណ៍​ប្រជាសាស្ត្រ​របស់​សត្វ​ជ្រូកពោន ក៏មាន​​ផងដែរ​នៅ​ប្រទេស​ចិន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និង​កោះ​ស៊ូមាត្រា​ប្រទេស​ឥណ្ឌូនេស៊ី​» ។

លោក​បាន​បន្តថា ជ្រូកពោន​បច្ចុប្បន្នកំពុង​រងគ្រោះ ដោយសារ​តែ​ការបរបាញ់ ការដាក់​អន្ទាក់ ដើម្បី​យក​សាច់​ និង​យក​សំណាក ធ្វើ អាជីវកម្ម ដោយសារ​តែ​ពលរដ្ឋ​មួយចំនួន​មានជំនឿថា ខ្លាញ់​ជ្រូកពោន​អាច​យកទៅ​ធ្វើ​ថ្នាំ​​បុរាណ​ជាដើម​។

លោក​បាន​ថ្លែងបន្តថា​៖ «​សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ​ដែល​សុទ្ធសឹង អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​ងាក​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ឱ្យនៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង​ និង​កូនចៅ​យើង​ទាំងអស់​»​។

លោក​បន្ថែមថា សត្វ​ជ្រូក​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​នេះ​ជា​មោទនភាព​របស់​កម្ពុជា និង​ស័ក្តិសម​ដែល​ពិភពលោក​ទទួលស្គាល់​​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធាន​ជីវចម្រុះ​។ ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​​កម្ពុជា​មានឱកាស​គ្រប់គ្រាន់ ដើម្បី​គិតគូរ​ និង​រៀបចំ​ផែនការ​សកម្មភាព​​ផ្សេងៗ​បន្ថែមទៀត​ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​កម្ពុជា​កំពុងមាន​។

បច្ចុប្បន្ននេះ ស្ថានភាព​នៃ​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ភាពល្អប្រសើរ ព្រៃឈើ​ និង​សត្វព្រៃ​ត្រូវបាន​ការពារ​។ សត្វព្រៃ​កម្រៗ​មួយចំនួន​បន្ត​មាន​វត្តមាន​ និង​ខ្លះទៀត​មាន​ស្ថិរភាព និង​ខ្លះ​មានការ​កើនឡើង និង​ខ្លះទៀត​នៅតែ​បន្ត​ថយចុះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​។

យោងតាម​ការសិក្សា​របស់​អ្នកជំនាញ​បានឱ្យដឹងថា ជ្រូកពោន​មាន​ប្រវែង​ក្បាល​ដងខ្លួន​ពី​ ៦៥០-១០៤០ ​មិល្លីម៉ែត្រ ទម្ងន់​ពី​ ៧-១៤ គីឡូក្រាម កន្ទុយ​មាន​ប្រវែង​ចន្លោះ​ពី​ ១២០-១៧០ មិល្លីម៉ែត្រ ជើង​ក្រោយ ១១៥-១៣៤​ មិល្លីម៉ែត្រ​។ វា​ជា​សត្វ​ដែលមាន​មាឌធំ ជើង​ធំៗ និង​មាន​ក្រចក​មាំ​កោង​វែង​ពណ៌​ស ច្រមុះ​រាង​ទ្រវែង​ដូច​សត្វ​ជ្រូក​។

ជាទូទៅ​វា​មាន​សម្បុរ​លឿងខ្ចី ប្រផេះ ឬ​ខ្មៅ ដែល​ប្រែប្រួល​ទៅតាម​រដូវកាល ផ្នែក​លើ​ខ្នង​មាន​ពណ៌​ក្រមៅ​​ជាង​ផ្នែក​ខាងក្រោម​។ នៅលើ​ក្បាល​​មាន​ឆ្នូត​ពណ៌​ចេញពី​ត្រចៀក​កាត់​តាម​ភ្នែក​រហូតដល់​ចុង​ច្រមុះ និង​មាន​ឆ្នូត​ខ្មៅ​នៅ​សងខាង​ភ្នែក​ដល់​ត្រចៀក ​បន្ទាប់មក​មាន​ឆ្នូត​សកាត់​តាម​ថ្ពាល់​​ផ្នែក​ខាងលើ​។ ទ្រូង និង​ត្រចៀក​មាន​​ពណ៌​ស​។

ចំណែក​លក្ខណៈ​ជីវសាស្ត្រ ជ្រូកពោន​ជា​សត្វ​រស់នៅ​តែ​នៅលើ​ដី​តាម​រូង ឬ​ក្រហែង​ថ្ម និង​រកស៊ី​នៅពេល​យប់​។ សត្វ​ជ្រូកពោន មិនសូវ​ពូកែ​ភ្នែក និង​​ត្រចៀក​ទេ វា​ប្រើ​ច្រមុះ​ហិតក្លិន​ច្រើន​​ជាង​។ ការរក​ចំណី ចាប់ផ្តើម​ចេញ​នៅ​​ពេល​ព្រលប់ ដែល​អាហារ​របស់​វា គឺ​​មើម​រុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និង​សត្វ​តូច​។ វា​អាច​មានកូន​ពី ២ ទៅ​ ៣ ​ក្បាល​។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវៈចម្រុះ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ៦ ខែ​​កុម្ភៈ​ថា លោក​មិន​ធ្លាប់បាន​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វ​ជ្រូកពោន ឬ​ជ្រូក​​ព្រុល​នេះ​ទេ ប៉ុន្តែ​បើ​មើល​តាម​ការបង្ហាញ​របស់​ក្រសួង​បរិស្ថាន​អាច​បញ្ជាក់បាន​ថា សត្វ​ជ្រូកពោន​ ឬ​ជ្រូកព្រុល​​នេះ គឺជា​អម្បូរ​សត្វ​ជ្រូកព្រៃ គ្រាន់តែ​​ដាក់ឈ្មោះ​ផ្សេងគ្នា​។

លោក​ថ្លែងថា​៖ «​គេ​អាច​កំណត់​អត្តសញ្ញាណ ឈ្មោះ​​វា​ប្រើ​ឈ្មោះ​ថ្មី​ឱ្យ​ខុស​ប្រភេទ​គ្នា ព្រោះ​ជ្រូកព្រៃ​វា​មាន​ច្រើន​ប្រភេទ​។​សត្វ​ក៏ដោយ រុក្ខជាតិ​ក៏ដោយ​​វា​មានអម្បូរ មាន​ប្រភេទ​របស់​វា អត់​អាច​កើតមក​មានតែ​មួយ​ប្រភេទ​ទេ​នៅលើ​ពិភពលោក បានន័យថា វា​មាន​ច្រើន​ប្រភេទ​។ ​ឧបមា​ដូច​ក្ងោក​អ៊ីចឹង វា​មិនមែន​មានតែ​ក្ងោក​ខ្មែរ​យើង​ទេ មាន​ក្ងោក​ឥណ្ឌា ក្ងោក​ស ក្ងោក​អី ផ្សេងទៀត​អ៊ីចឹង​ជ្រូក​ក៏​ដូចគ្នា​» ។

លោកវិជ្ជា​បានឱ្យដឹង​ទៀតថា ជ្រូក​ដែលជា​ប្រភេទ​សត្វ​កម្រ​នេះ ប្រសិនបើ​មាននៅ​តែ​កម្ពុជា​នោះ​វា​អាចមាន​ហានិភ័យ​ផុត​ពូជ​ទៅ​ថ្ងៃ​អនាគត​ដោយ​ការដាក់​អន្ទាក់ ឬ​បរបាញ់ ប៉ុន្តែ​បើ​វា​មាន​វត្តមាន​នៅក្នុង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​ដែរនោះ វា​នឹង​អាចមាន​វត្តមាន​បន្តបាន​យូរអង្វែង​ទៀត​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ដែល​វា​រស់នៅ​។

លោក​ថ្លែងថា​៖ «​បើ​វា​មាននៅ​ក្នុង​ប្រទេស​ដទៃ​ដែរ យើង​អាច​កំណត់​បាន​ថា​ស្ថានភាព​អភិរក្ស​របស់​វា ប្រសិនបើ​វា​ជិត​ផុត​ពូជ​ក៏ដោយ ប៉ុន្តែ​វា​អត់​អាច​ឈានទៅរក​ការ​ដាច់​ពូជ​ទាំងស្រុង​ទេ ព្រោះ​ធម្មតា​ប្រទេស​នៅ​ជិត​ខាងយើង​ដូចជា​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​អី គាត់​មាន​ឧទ្យាន​ជាតិ​ច្រើន​មាន​តំបន់​ការពារ​ច្រើន អ៊ីចឹង​វា​អត់​សូវ​រង​ហានិភ័យ​ទេ តែ​ប្រសិនបើ​វា​មានតែ​ប្រទេស​យើង​អាហ្នឹង​វា​អាស្រ័យទៅលើ​ការ​គ្រប់គ្រង​អភិរក្ស​ក្នុងស្រុក​យើង​ដែរ​»៕

វីដេអូ៖