ភ្នំពេញៈ​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​បាន​អំពា​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​គោរព​ច្បាប់​ចរា​ចរណ៍​កុំឱ្យ​មាន​ការ​ស្ដាយ​ ក្រោយ​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង​ ដោយ​កាល​ពី​ថ្ងៃទី​ ៦​ ខែ​កម្ភៈ​នេះ​ ក្នុង​រយៈ​ពេល ១​ ថ្ងៃ ​មាន​មនុស្ស​ស្លាប់​ ៨​ នាក់ និង​រ​ង​របួស​ ១៤​ នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ តែ​បែរ​ជា​កូ​វីដ​ ១៩​ មិន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​ ១ ខែ​មក​នេះ​។

លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន ​បាន​អំពាវ​នាវ​បែប​នេះ​ពេល​អញ្ជើញ​ធ្វើ​ជា​អធិប​តី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ នៅ​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ​ក្រុង​ក្រចេះ​ ទៅ​ភូមិ​រមាត​ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ ប្រវែង​ប្រមាណ​ ​៩៣.៥៦​ គីឡូ​ម៉ែត្រ​ ដែល​សាង​សង់​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ចិន​ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣៣​ លាន​ដុល្លារ​អាមេរិក​។​​

លោក​នាយក​រដ្ឋ​មន្ដ្រី​ថ្លែង​ថា​៖ «​​កូ​វីដ​ ១៩​ ជាង​ ១ ​ខែ​ហើយ​ អត់​មាន​មនុស្ស​ស្លាប់​ដោយ​សារ​កូ​វីដ ​១៩​ ទេ​។​ ពីមុន​កូ​វីដ​ ១៩ ស្លាប់​ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ​ឥឡូវ​គ្រោះ​ថ្នាក់​ចរ​ចរណ៍​ពី​ម្សិល​មិញ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​មាន​ ១១ ​ករណី​ ស្លាប់ ៨ ​នាក់ ​និង​របួស​ ១៤​ នាក់​។​ នេះ​ជា​របាយ​ការណ៍​របស់​ស​ម្ដេច​ក្រឡា​ហោ​ម ​ស ​ខេង​។ ​អ៊ីចឹង​បែ​រ​ជា​កូ​វីដ​ ១៩ ​អត់​មាន​មនុស្ស​ស្លាប់​ក្នុង​ពេល​១​ខែ​គ្រោះ​ថ្នាក់​ច​រា​រណ៍​ គឺ​ស្លាប់​មនុស្ស​រាល់​ថ្ងៃ​»​។​

លោក​បន្ត​ថា​៖ «​អ៊ីចឹង​ទេ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​អត់​មាន​អ្នកណា​គ្រោះថ្នាក់​ជំនួស​យើង​ទេ​។ អា​ពេលដែល​វា​បុក​ទៅហើយ បាក់ជើង​ស្អី​ទៅហើយ ស្លាប់​ទៅហើយ វា​ហួសពេល​ហើយ ទោះបី​យំ​យ៉ាងម៉េច​ក៏​វា​មិន​រស់​ឡើងវិញ​ដែរ​។ អ៊ីចឹង សូម​ប្រុងប្រយ័ត្ន​ទៅលើ​បញ្ហា​នេះ​»​។​

លោកនាយក​រដ្ឋមន្ដ្រី​បង្ហាញ របាយការណ៍​របស់លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ផ្ញើឱ្យ​រៀងរាល់ថ្ងៃ​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ បានកើត​ឡើង ១១ ករណី ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ៨ នាក់ និង​របួស ១៤ នាក់​។

លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព កុំ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​។ កុំ​យកដៃ​ម្ខាង​មក​និយាយ ចំណែក​ដៃ​ម្ខាង​ទប់​ចង្កូត​ម៉ូតូ និង​ប្រាប់​ដល់​ក្រុមគ្រួសារ​កុំ​ខ​ល​ទៅ​ដៃគូ​របើ​ដឹងថា ពួកគេ​កំពុង​បើកបរ​ចេញពី​កន្លែង​ការងារ​មក​គេហដ្ឋាន ព្រោះ​អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​លើក​ទូរស័ព្ទ​និយាយ​ជាដើម​។

លោក ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបញ្ជាក់​ក្នុងពេល​ធ្វើជា​អធិបតី​នៃ​ពិធី​ទិវា​អន្តរជាតិ រំឭក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី ១៦ កាលពី​ថ្ងៃទី ២៣ ខែធ្នូ​នេះ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ថា ឥឡូវនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាននិងកំពុង​សិក្សា​យ៉ាង​ហ្មត់ចត់ ដើម្បី​ឈានទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្ដែ​ប្រហែលជា​មិនមែន​ធ្វើ​វិសោធនកម្ម​ទេ ដោយសារ​ថា ចំណុច​ដែល​ត្រូវ​កែប្រែ​នោះ​ច្រើនពេក ដូច្នេះ​អាចមាន​លទ្ធភាព​ធ្វើ​ច្បាប់​ថ្មី​។​

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ថ្លែង​នៅ​ថ្ងៃទី ៧ កុម្ភៈ​នេះ​ថា​ក្រោយពី​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ​បើក​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​១៩​មានការ​ធូ​ស្រាល បញ្ហា​ប្រឈម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ចំពោះ​ចំនួន​អ្នក​គ្រោះ​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ និង​របួស​។

លោក​ថ្លែងថា​៖«​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា ២ ក្នុងនោះ​ទី​១ យើង​ត្រូវ​កែប្រែ​ឥរិយាបថ​អ្នកបើកបរ​នាពេល​បច្ចុប្បន្ន និង​ទី​២ យើង​ត្រូវ​បណ្ដុះ​ឥរិយាបថ​ឱ្យមាន​ការគោរព​សុវត្ថិភាព​ចរាចរណ៍ ដោយ​ចាប់ផ្ដើម​តាំងពី​កុមារ​ឡើងមក​ដើម្បី​ឱ្យមាន​ឥទ្ធិពល​យូរអង្វែង​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​។​

លោក​លើកឡើងថា បើសិនជា​មានការ​ចាប់​ផ្ដើម​បណ្ដុះ​ឥរិយាបទ​ឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍​ដល់​កុមារ​ចាប់ពី​បច្ចុប្បន្ន រហូតដល់​១០-២០ ឆ្នាំ​ខាងមុខ​នោះ​ស្ថានភាព គ្រោះថ្នាក់​ចរាចរណ៍​នឹងមាន​ភាពប្រសើ​ឡើងវិញ​មិន​ខាន​៕