ភ្នំពេញៈ នគរ​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​គ្រោង​បញ្ជូន​យុវតី​ខ្មែរ​អ៊ិស្លាម​ ២ នាក់​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី៨កុម្ភៈ ​បន្ទាប់ពី​ឃាត់​ខ្លួន​បាន​៤ថ្ងៃ ​ពាក់ព័ន្ធ​ករណីជួញដូរ​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជាង ១​ គីឡូ​ក្រាម ​នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ ​រាជ​ធានី​ភ្នំពេញ​។

លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ី​ន សុង នាយ​ករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃទី​៧ កុម្ភៈ​ថា យុវតី​ទាំង​២​នាក់​ មានឈ្មោះ​ វ៉ែន សំណាងរ័ត្ន អាយុ​២២​ឆ្នាំ និងឈ្មោះ ឯល អាត់​ទរី អាយុ​១៩​ឆ្នាំ។ពួកគេ​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ រស់នៅ​ផ្ទះ​លេខ១២​ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​។

លោក​ថ្លែង​ថា៖ «សមត្ថ​កិច្ច​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​ន​បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​លើ​ជន​សង្ស័យ​ទាំង​២​នាក់​នេះ ហើយ​នៅ​ថ្ងៃស្អែក​(ថ្ងៃទី៨​កុម្ភៈ)សម​ត្ថកិច្ច​ជំនាញ​យើង​ចាត់​ចែង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​បន្ត​ទៀត»​។

បើតាម​លោក អ៊ី​ន សុង ​ មុន​ឈាន​ដល់​ការឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង២​នាក់​ខាងលើ​ គឺ​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​បាន​ស្រាវ​ជ្រាវ​ដឹងថា មានករ​ណី​ជួញដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ភូមិសា​ស្ត្រ សង្កាត់ ច្រាំង​ចំរេះ ក្នុង​ខណ្ឌ​ឫស្សីកែវ​។ បន្ទាប់ពី​ទទួលបា​ន​គោល​ការណ៍​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរ​បាល​ជាតិ​​ទទួល​ផែន​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​មក ​លោក​​ក៏បាន​បញ្ជា​ឱ្យកម្លាំង​ចេញ​ប្រតិ​បត្តិ​ការ​។

លោក​បន្ត​ទៀត​ថា ប្រតិ​បត្តិ​ការនេះ​មាន​ការ​បញ្ជាពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយ​ក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀននិង​ដោយ​មាន​កម្លាំង​នគរ​បាល​ជំនាញ(ក៣)ដឹកនាំ​ដោយ​លោកឧ​ត្ត​ម​សេនីយ៍​ទោ ​ឡេង​ ប៊ុន​ណា​ នាយ​ករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​និង​លោក​វរ:សេ​នីយ៍​ឯក ទិ​ត ចំរើន នាយ​ការិយាល័យ​(ក៣)​ព្រមទាំង​មានការ​សម្រប​សម្រួល​ពី​លោក ស៊ិត ​វណ្ណ: ព្រះរា​ជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បញ្ជាក់​ថា ប្រតិ​បត្តិការ​នោះ​ធ្វើឡើ​ង​នៅ​​វេលា​ម៉ោងជា​ង​៥ល្ងាច​ថ្ងៃទី៤ កុម្ភៈ​ឆ្នាំ២០២២ ​ដោយសមត្ថកិច្ច​បានឆែក​ឆេរ​ផ្ទះ​លេខ​១២ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ហើយ​បាន​ឃា​ត់ខ្លួន​យុវតី​ចំនួន​២​នាក់ខាងលើ។ចំពោះ​វត្ថុតាង​ដែល​កម្លាំង​សមត្ថ​កិច្ច​ដកហូត​បាន​ពី​ផ្ទះ​ជន​សង្ស័យ​មាន​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​(ICE)មាន​ទម្ងន់​សុទ្ធ​១​គីឡូ​ក្រាម​និង៣០១,៩៩​ក្រាម៕

វីដេអូ៖