ភ្នំពេញៈ ​ពិធី​អបអរសាទរ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤​ ឆ្នាំ​នៃ​ការបង្កើត​កងទ័ព​កាលពី​ថ្ងៃទី ១២ ​ឧសភា ឆ្នាំ​ ១៩៧៨ ក្នុង​បុព្វហេតុ​រំដោះប្រជាជន និង​ប្រទេស​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ១២ ឧសភា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ នេះ​បើតាម​នាយកដ្ឋាន​ព័ត៌មាន ក្រសួង​ការពារជាតិ​។

គណៈកម្មការ​រៀបចំ​រំឭក​ខួប​បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ៣ ខែកុម្ភៈ ដើម្បី​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៤​ ឆ្នាំ នៃ​ការបង្កើត​កងទ័ព​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​គណៈកម្មការ​រៀបចំ​រំឭក​ខួប​លើក​ទី​ ៤៤ ​នេះ​។

លោក​ ម៉ឹង សំផន មាន​ប្រសាសន៍​ថា​៖ «​ខួប​លើក​ទី​ ៤៤ នៃ​ការបង្កើត​កងទ័ព គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត​ដែល​យើង​ត្រូវ​រៀបចំ​ពិធី​រំឭក​ខួប និង​ធ្វើការ​ចងក្រង​ឯកសារ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​ជាក់ស្តែង​របស់​កម្ពុជា​។ ពិសេស​ពី​សំណាក់​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជា​ប្រតិបត្តិករ​ឯក​តែមួយគត់ ដែល​បាន​យកអាយុ​ជីវិត​របស់​សម្តេច​ធ្វើជា​ដើមទុន​ជាច្រើន​លើក និង​ច្រើនសា​រហូត​ប្រទេសជាតិ​កម្ពុជា​បាន​ចាកផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត នា​ឆ្នាំ​ ១៩៧៩ និង​ទទួល​បាន​សុខសន្តិភាព​ពេញលេញ​នា​ឆ្នាំ​ ១៩៩៨ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​រំឭក​ខួប​លើក​ទី​ ៤៤ នៃ​ការបង្កើត​កងទ័ព​បាន​ពិភាក្សា​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ទៅលើ​ខ្លឹមសារ និង​ទីតាំង​ប្រារព្ធ​ពិធី​។ ក្នុងនោះ​ក៏បាន​សម្រេច​ចាត់​បញ្ជូន​ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​ ១ ​ក្រុម​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅលើ​ទឹកដី​ប្រទេស​វៀតណាម ដើម្បី​បង្ហាញឱ្យឃើញ​ភាព​ពិត​ជាក់ស្តែង​នៃ​ការតស៊ូ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ការបង្កើតឡើង​នូវ​អង្គភាព​ ១២៥ និង​បាន​ឯកភាព​សម្រេច​ជ្រើសរើស​យក​ទីតាំង​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តាខ្មៅ ខេត្តកណ្តាល​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៤៤​ ឆ្នាំ​នា​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២២​។

លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា ការរៀបចំ​ឱ្យមាន​កម្មវិធី​បែបនេះ​គឺជា​ការរំឭក​នូវ​ប្រវត្តិសាស្ត្រ​នៃ​ការរៀបចំ​កងកម្លាំង​ប្រដាប់អាវុធ​កម្ពុជា​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ហើយក៏​ជា​មេរៀន​មួយ​សម្រាប់​ការចងចាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យបាន​ដឹងថា​អ្វីៗ​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃនេះ​រួមមាន​ទាំង​ការអភិវឌ្ឍ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​នោះ គឺមាន​ដើមចម​ចេញពី​ចលនា​តស៊ូ​មួយ​ដែល​វរកងទ័ព​ខ្មែរ​បាន​ក្រោក​ឡើង​ធ្វើ​ការលះបង់​បូជាជីវិត​ដើម្បី​បុព្វហេតុ​នៃ​ការរំដោះ​ប្រជាជន​ខ្មែរ​ចេញពី​របប​ប្រល័យពូជសាសន៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ទិវា​នេះ ឬក៏​ការ​ប្រារព្ធ​ពិធី​នេះ គឺ​បង្ហាញ​ពី​ការដឹងគុណ​របស់​មនុស្ស​ជំនាន់​នេះ​ចំពោះ​វីរ​កងទ័ព​របស់​យើង ដែល​បាន​បូជាជីវិត​សម្រាប់​បុព្វ​-​ហេតុ​នៃ​ការ​រស់​ឡើងវិញ​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ហើយ​វា​ជាការ​បង្ហាញ​អំពី​គុណធម៌ និង​សច្ចធម៌​នៃ​មនុស្ស​ជំនាន់​នេះ​ដែល​មិនដែល​បំភ្លេច​នូវ​គុណូបការៈ​នៃ​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់ សម្រាប់​បុព្វហេតុ​ជាតិ​នៃ​វីរ​កងទ័ព​របស់​យើង​នៅ​សម័យ​នោះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​»៕