ភ្នំពេញៈ កម្ពុជា​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​ទាំងអស់ ដើម្បី​រក្សា​សន្តិភាព សន្តិសុខ និង​វិបុលភាព របស់​អាស៊ាន ខណៈ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន​ទាំង​ ១០ ​ប្រទេស​កំពុង​ពិភាក្សាគ្នា​នៅ​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ក្នុង​តំបន់​។

ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន (ADSOM WG) នា​ថ្ងៃទី​ ៧ ខែកុម្ភៈ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​អគារ​រដ្ឋបាល​ថ្មី​នៃ​ក្រសួង​ការពារជាតិ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ប្រធាន​ក្រុមការងារ​ឧត្តមមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ ​ប្រទេស​។

លោក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួងការពារជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ឧត្តមមន្ត្រី​ការពារ​ជាតិ​អាស៊ាន​របស់​កម្ពុជា​ជាថ្មី​ម្តងទៀត​បាន​ថ្លែង​កោតសរសើរ​ប្រទេស​ប្រ៊ុយណេ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ធ្វើឱ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពី​ឆ្នាំ​ ២០២១​ បានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​សមិទ្ធផល​ដ៏​អស្ចារ្យ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ក្រសួងការពារជាតិ​កម្ពុជា​នា​ថ្ងៃទី​ ៧ ខែកុម្ភៈ​។

លោក​ថ្លែងថា​៖ «​ឈរលើ​សមិទ្ធផល​ដែល​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​របស់​យើង​បានធ្វើ​កន្លងមក​កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​ទាំងអស់ ដើម្បី​សម្រេចបាន​នូវ​សេចក្តីប្រាថ្នា​នៃ​សន្តិភាព សន្តិសុខ និង​វិបុលភាព​របស់​អាស៊ាន​»​។

កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​អាស៊ាន​នេះ ធ្វើឡើង​មាន​រយៈពេល​ ២​ ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ៧-៨ ខែកុម្ភៈ ក្រោម​ប្រធានបទ «​សាមគ្គីភាព ដើម្បី​សន្តិសុខ​ប្រកបដោយ​សុខដុមរមនា​» ​ដែល​មន្ត្រីជាន់ខ្ពស់​មក​ពី​បណ្តា​ប្រទេស​ជា​អាស៊ាន​ពិភាក្សាគ្នា​អំពី​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​អាស៊ាន និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចុប្បន្ន​ដែល​កំពុង​កើតមានឡើង និង​កំពុង​ប្រឈមមុខ​នឹង​តំបន់​។

លោក ឡៃ ចិន្តា បន្តថា នេះ​ជា​មោទនភាព​របស់​កម្ពុជា​ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមការងារ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន បន្ទាប់ពី​អវត្តមាន​នៃ​កិច្ចប្រជុំ​ទល់មុខ​គ្នា​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំកន្លងមក​ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោក​បានចាត់ទុក​វត្តមាន​ក្រុមការងារ​មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន​នេះ​គឺជា​ការបង្ហាញ​ពី​ការគាំទ្រ​ដ៏​រឹងមាំ​ផ្តល់ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ ២០២២ និង​ជា​សក្ខីកម្ម​មួយទៀត ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការការពារ​ជាតិ​របស់​អាស៊ាន​ដើម្បី​ផលប្រយោជន៍​រួម​។

ក្រុមមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ពិភាក្សាគ្នា​អំពី​គំនិត​ផ្តួចផ្តើម​ដែល​បានដាក់​ចេញ​សម្រាប់​ការពិចារណា និង​ការអនុម័ត​ពី​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM) នៅក្នុង​ខែមិថុនា​ខាងមុខ​។

លោក​ ឡៃ ចិន្តា បាន​ថ្លែងថា​៖ «​ទោះបីជា​យើង​បានទទួល​មតិយោបល់ និង​ធាតុ​ចូល​មួយចំនួន​ពី​សហសេវិក​របស់​យើង​នៅលើ​ឯកសារ​ទាំងនេះ​ក៏ដោយ ការពិភាក្សា​ដោយ​ចេតនា គឺ​ចាំបាច់​ដើម្បី​ធ្វើឱ្យ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​កាន់តែ​ទូលំទូលាយ និង​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជាក់ស្តែង សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​អនាគត​»​។

កម្ពុជា និង​សិង្ហបុរី​បាន​បង្កើត​សេចក្តីព្រាង​នៃ​ចក្ខុវិស័យ​រួម​របស់​អាស៊ាន​ស្តីពី​តួនាទី​នៃ​ការបង្កើត​ការការពារ​ក្នុងការ​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​ការ​ងើបឡើង​វិញ​។ ឯកសារ​នេះ បច្ចុប្បន្ន​មាន​ឈ្មោះថា «​ទស្សនៈ​ទីក្រុង​ភ្នំពេញ​»​។

លោក ឡៃ ចិន្តា បញ្ជាក់ថា​៖ «​ជាការ​ពិតណាស់ ឯកសារ​នេះ​នឹង​ជា​តម្លៃបន្ថែម​មួយទៀត​ នៃ​ស្ថាប័ន​ការពារជាតិ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ទាំងមូល​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត និង​ដំណើរការ​ស្តារឡើងវិញ​ក្នុង​តំបន់​»​។

លោក ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ក្នុង​វិស័យ​ជាច្រើន រួមទាំង​សន្តិភាព និង​សន្តិសុខ​។ លោក​ថ្លែងថា​៖ «​កម្ពុជា​បាននិងកំពុង​សកម្ម​ក្នុងការ​លើកកម្ពស់​ពហុភាគី​និយម ហើយ​កម្ពុជា​គួរតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ការពារ និង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក​»៕