ភ្នំពេញៈ ​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ ACU ​ប្រកាស​ឱ្យ​បុគ្គល​​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ ៩​ រូប​ដែល​មិនទាន់​មក​បំពេញ​កាតព្វកិច្ច​ហើយ​បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ទ្វេដង​ក្នុងករណី​រឹងរូស​មិន​ព្រម​ចូលខ្លួន​តាម​ការអំពាវនាវ​នេះ​។

សេចក្តី​ជូនដំណឹង​របស់ ACU បានឱ្យដឹង​នៅ​ថ្ងៃ​ ៧ កុម្ភៈ​ថា ក្នុង​រយៈពេល​ពេញ​ ១ ​ខែ មករា កន្លងមក ACU បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​​តាម​របប ២ ​ឆ្នាំ​រហូត​ទៅដល់​ ៩៩,៨១% នៃ​ចំនួន​ត្រូវ​ប្រកាស​សរុប​ដែល ACU បង្ហាញ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្មារតី​គោរព​តាម​គោលការណ៍​ច្បាប់​របស់​អ្នក​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​នៅ​គ្រប់​ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត​។

ទោះជា​យ៉ាងណា ACU បានឱ្យដឹង​ទៀតថា គិត​ត្រឹម​ម៉ោង​ ១២ ​យប់​ថ្ងៃទី​ ៣១ ​មករា ឆ្នាំ​ ២០២២ នៅមាន​បុគ្គល​ចំនួន​ ៩ ​រូប មិនទាន់​មក​បំពេញ​កាតព្វកិច្ច ទោះបីជា​ក្រុម​ជន​បង្គោល និង​ក្រុម​ការងារ​បាន​ព្យាយាម​ទាក់ទង​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​នៅតែ​មិនអាច​ទាក់ទង​បាន​។

ACU បាន​បញ្ជាក់ថា​ «​ប្រការ​ខាងលើនេះ បង្ខំ​ឱ្យ ACU ត្រូវ​​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​អញ្ជើញ​បុគ្គល​ទាំង​ ៩​ រូបនេះ​ឱ្យចូល​ខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ឱ្យ​បាន​រួសរាន​។ ​ក្នុងករណី​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទៀត ត្រូវ​ផ្តន្ទាទោស​ទ្វេដង​»​។

យោងតាម​សេចក្តីប្រកាស​របស់​ ACU បុគ្គល​ទាំង​ ៩ ​រូប​ដែល​មិនទាន់​មក​បំពេញ​កាតព្វកិច្ច គឺមាន​ឈ្មោះ លោក ទឹម សន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ឈ្មោះ ណយ ណុន នាយរង​ប៉ុស្តិ៍នគរបាល​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឈ្មោះ យិន រស្មី ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង​ និង​ឈ្មោះ លឹម ឡោក​ពិសិដ្ឋ​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​។

ចំណែក​ ៥ ​នាក់​ទៀត​មាន​​ឈ្មោះ សោម សាបាន និង​ឈ្មោះ សេរី ម៉ាណុប ដែល​អ្នក​ទាំង​ ២ ជាទី​ប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ឈ្មោះ ទិត្យរ៉ា ឫទ្ធីនី ជំនួយការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ឈ្មោះ សំ សេរីរ័ត្ន អគ្គនាយករង​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ឈ្មោះ ហេង ពិសាល នាយករង​ខុទ្ទកាល័យ​នៃ​ក្រសួង​ក្រសួង​មុខងារ​សាធារណៈ​។

យោងតាម​មាត្រា​ ៣៨ ​នៃ​ច្បាប់​​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​បាន​ចែងថា ជន​ណា​ដែល​មិន​​បានប្រកាស ទ្រព្យសម្បត្តិ និង​បំណុល​ ឬ​បានប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ទៅតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ខែ ទៅ​ ១​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១​ សែន​រៀល​ទៅ​ ២​ លាន​​រៀល​ហើយក៏​ត្រូវ​បង្ខំ​ឱ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើកឡើងថា ACU គឺ​ធ្វើ​​ទៅតាម​ច្បាប់​ដែល​មានចែង​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​បានកំណត់​យ៉ាងច្បាស់​ចំពោះ​​បុគ្គល​ដែលជាប់​កាតព្វកិច្ច​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ ​លោក​ថា បុគ្គល​ដែល​​ជាប់​កាតព្វកិច្ច​នេះ គឺ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្នុងករណី​ខកខាន​​នឹងត្រូវ​ទទួលទោស​តាមច្បាប់​កំណត់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ មិន​មាន​ព័ត៌មាន និង​ដឹង​ច្បាស់​អំពី​មូល​ហេតុដែល​បុគ្គល​ទាំង​ហ្នឹង មិន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទេ​។ ប៉ុន្តែ​ខ្ញុំ​ដឹងថា នីតិវិធី​នៃ​ការប្រកាស គឺ​មាន​ក្នុង​ច្បាប់​ស្រាប់ ហើយ​ធម្មតា​ខាង​អង្គភាព​គឺមាន​ក្រុមការងារ ជាក់លាក់ និង​មានការ​កំណត់​ពេលវេលា​ច្បាស់លាស់ ដែល​នេះ​មិនមែន​ជា​កំហុសឆ្គង​បច្ចេកទេស​នោះទេ​។ ខ្ញុំ​គិត​ថា ប្រហែលជា​អ្នក​ជាប់​កាតព្វកិច្ច​នេះ​ មានការ​ធ្វេសប្រហែស ឬ​អាចមាន​បញ្ហា​ផ្ទាល់ខ្លួន ដែល​ឈានទៅ​ការសម្រេចចិត្ត​មិន​ប្រកាស​»​។

ជាមួយ​គ្នានេះ លោក ប៉ិច ពិសី បាន​ស្នើឱ្យ​រដ្ឋាភិបាល និង​​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ពិនិត្យ​ឡើង​នូវ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដើម្បី​បើកផ្លូវ​ឱ្យ​ការប្រកាស​ទ្រព្យ​របស់​មន្ត្រី​ជាប់​កាតព្វកិច្ច​ត្រូវ​ធ្វើជា​សាធារណៈ ខណៈ​ច្បាប់​របស់​កម្ពុជា​បច្ចុប្បន្ន​​ចែង​ពី​ការប្រកាស​ទ្រព្យសម្បត្តិ​ ​និង​បំណុល​នេះ​ត្រូវ​ទុកជា​ការសម្ងាត់ ហើយ​ក្នុងករណី​អាច​ពិនិត្យ​ការប្រកាស​ទ្រព្យ​របស់​មន្ត្រី​ណា​ម្នាក់​បាន លុះត្រា​​មាន​ភាពមិនប្រក្រតី​កើតឡើង​។

តាម​លោក ខូយ លឹមហុង ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បានឱ្យ​ដឹងថា មន្ត្រី​ទូទាំង​ប្រទេស​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប គឺមាន​ប្រមាណ​ ៥ ​ម៉ឺន​នាក់​ក្នុង​នោះ​អ្នក​ត្រូវ​ប្រកាស​ក្នុង​ឆ្នាំ​សេស​មាន​ប្រមាណ ៣៥ ០០០ ​នាក់ ខណៈ​អ្នក​ត្រូវ​ប្រកាស​ក្នុង​ឆ្នាំ​គូ​មាន​ប្រមាណ ១៥ ០០០ ​នាក់​។

ទាក់ទង​នឹង​ករណីនេះ ភ្នំពេញ-​ប៉ុស្ដិ៍​មិនអាច​រក​ប្រភព​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ទាំង​ ៩ ​រូបនោះ​បាន​​ទេ នៅ​ថ្ងៃទី​ ៧ ​កុម្ភៈ​។ ក៏ប៉ុន្តែ​​លោក​ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​​អធិការកិច្ច ដែល​ស្ថាប័ន​លោក​​មាន​មន្ត្រី​មួយចំនួន​មិនទាន់​​បានប្រកាស​ទ្រព្យសម្បត្ដិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ទទួលបាន​ការជូនដំណឹង​ជា​​ផ្លូវការ​ពី​ ACU​ ក្នុង​មន្ត្រី​ដែល​បាន​ខកខាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ​នឹង​ចូលខ្លួន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​នៅក្នុង​សប្តាហ៍​នេះ​។

លោក​បាន​បន្តថា មូល​ហេតុ​ដែល​មន្ត្រី​ព្រឹទ្ធសភា​ខកខាន​មិនបាន​បំពេញ​កាព្វកិច្ច​នេះ​​ដោយសារតែ​ពួកគេ​មានការ​យល់ច្រឡំ និង​ខ្លះទៀត​បំពេញ​បេសកកម្ម​ដោយ​លោក​អះអាង​ថា មន្ត្រី​ទាំងនោះ​មិនមាន​ចេតនា​គេចវេះ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការបង្ហាញ​នេះ ថ្នាក់​ដឹកនាំ​ក៏បាន​ផ្សព្វផ្សាយ​បន្ត​ដើម្បីឱ្យ​​មន្ត្រី​ដែល​ខកខាន​ទាំងនេះ ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ក្នុងពេល​ឆាប់ៗ​នេះ នៅពេល​ពួកគាត់​បានទទួល​ដំណឹង​នេះ​»៕