ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ប្រកាស​ទទួល​ជួប​សិស្ស​ទើប​ប្រឡង​ជាប់​និទ្ទេស A កម្រិត​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ឆ្នាំ​សិក្សា ២០២០-២០២១ ​ជាង​ ១ ៧០០ ​នាក់ នា​ថ្ងៃទី​ ២៨ ខែកុម្ភៈ ខាងមុខនេះ​នៅ​រាជធានី​ភ្នំពេញ​។

ខណៈ​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ នា​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ឆ្ពោះ​ទៅ​ភូមិ​រមាត ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ​ប្រវែង​ប្រមាណ ៩៣,៥៦ ​គីឡូម៉ែត្រ ដែល​សាងសង់​ក្រោម​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៣៣ ​លាន​ដុល្លារ​អាមេរិក លោក​ ហ៊ុន សែន បាន​ថ្លែងថា ទោះបីជា​ក្នុងពេល​រីករាលដាល​កូវីដ​ ១៩ សិស្សានុសិស្ស​បាន​បន្ត​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ក៏ដោយ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​ទទួលបាន​លទ្ធផល​ល្អ​និទ្ទេស A ជាង​ ១ ៧០០ នាក់​លើសពី​ឆ្នាំកន្លងមក​។ ដូច្នេះ​ជំនួប​នេះ​គឺជា​ការលើក​ទឹកចិត្ដ​ចំពោះ​ការខិតខំ​រៀនសូត្រ​របស់​ពួកគេ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ទោះបីថា ឥឡូវ​នៅ​ទីក្រុង​ភ្នំពេញ​កូវីដ​ ១៩ នេះ​អូមីក្រុង វា​កើនឡើង​បន្តិច ក៏ប៉ុន្តែ​ខ្ញុំ​គិតថា​ធ្វើបាន​។ ខ្ញុំ​កំណត់​យក​ដូចជា​ថ្ងៃទី​ ២៨ ព្រោះ​បញ្ហា​ដែល​ត្រូវ​រង់ចាំ កុំ​អី​ជួប​យូរហើយ​»​។

លោក​បន្តថា​៖ «​ផ្ដាំផ្ញើ​ទៅ​ក្មួយៗ ចៅៗ ដែលជា​សិស្ស​និទ្ទេស A កុំ​អី​ជួប​យូរហើយ ក៏ប៉ុន្តែ​យើង​អត់​នឹកស្មានថា ដំណាក់កាល​រៀន​តាម​អនឡាញ ហើយ​ដំណាក់​កាល​កូវីដ​ ១៩ ប៉ុន្តែ​បែរជា​ក្មេងៗ ចៅៗ​របស់​យើង​ប្រឡង​ជាប់​និទ្ទេស​ A រហូត​ទៅដល់​ជាង​ ១ ៧០០ ​នាក់ ជិត​ ១ ៨០០ ​នាក់ ដែល​កាលពីមុន​ត្រឹមតែ ៤០០-៥០០ ​នាក់ ប៉ុណ្ណឹង​ទេ​។ ចាប់តាំងពី ១៦ ​នាក់​ឆ្នាំ​ដំបូង ហើយ​ឡើង​បណ្ដើរៗ ប៉ុន្ដែ​លើក​នេះ​និទ្ទេស A ឡើងទៅ​ដល់​ជាង​ ១ ០០០ ​នាក់​»​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា ក្រុមហ៊ុន ជីបម៉ុង គឺជា​ក្រុមហ៊ុន​មួយ​ដែល​តែងតែ​ជួយឧបត្ថម្ភ iPad សម្រាប់​ឱ្យ​កូនសិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A​។ ដូច្នេះ​ត្រូវ​បញ្ជា​ទិញ​ឱ្យ​ក្រុមហ៊ុន​ផលិត​។ ផលិត​រួចហើយ​នឹង​នាំ​មកដល់​ស្រុក​ខ្មែរ​ថ្ងៃទី​ ២២ ខែកុម្ភៈ ខាងមុខ​នេះ ដូច្នេះ​ទើប​លោក​កំណត់​ជួប​សិស្ស​និទ្ទេស A នៅ​ថ្ងៃទី​ ២៨ កុម្ភៈ ខាងមុខ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ ខ្ញុំ​ប្រកាសថា​នឹង​ទទួល​សិស្ស​និទ្ទេស A នៅឯ​ទីក្រុង​ភ្នំពេញ ហើយ​សូម​ប្រគល់ឱ្យ​អាជ្ញាធរ​ខេត្ដ​ទាំងអស់ ចៅហ្វាយ​ខេត្ដ​មក​ទីនេះ​ច្រើនណាស់​។ ខេត្ដ​ត្រូវ​ទទួលខុសត្រូវ​លើ​ការជូន​កូនសិស្ស​បូក​ជាមួយ​ឪពុកម្ដាយ​ទៅ​ទីក្រុង​ភ្នំពេញ​ចេញថ្លៃ​សណ្ឋាគារ​អី​ខ្លួនឯង​ទៅ ព្រោះ​ខេត្ដ​មាន​លុយ ហើយ​ខេត្ដ​នឹងមាន​លុយ​ច្រើនជាង​ខាងលើ​ទៀត​»​។

លោក​បន្តថា​៖ «​បើ​លោកជំទាវ​ម៉ែន សំអន​ [​រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​] ឬ​អ្នក​ដទៃទៀត​ជួយ​សុទ្ធតែ​ម៉ូតូ ១ ​នាក់ ១​ គ្រឿង​រួចទៅហើយ​។ ប៉ុន្ដែ​សំខាន់​ចៅៗ​ចង់​ជួប​នាយករដ្ឋមន្ដ្រី ហើយ​នាយករដ្ឋមន្ដ្រី​ក៏​ចង់​ជួប​សិស្ស​ពូកែ​របស់​យើង ដើម្បី​ជាការ​លើកទឹក​ចិត្ដ សម្រាប់​ការរៀនសូត្រ​»​។

«​ក៏ប៉ុន្ដែ​ខ្ញុំ​គិតថា ទាំង​ពួក​ចៅហ្វាយ​ខេត្ដ ដែល​បាន​ឧបត្ថម្ភ​កូនសិស្ស​និទ្ទេស​ A ទាំង​ក្រុមការងារ ដែល​ចុះ​តាម​បណ្ដា​ខេត្ដ​ជួយ​តាម​ខេត្ត ទាំង​កូនសិស្ស ទាំង​ឪពុកម្ដាយ​ចង់ទៅ​ទីក្រុង​ភ្នំពេញ​។ អ៊ីចឹង​ខ្ញុំ​គិតថា ត្រឹមតែ​ ១ ៧០០-១៨០០ ​នាក់​ថែមទាំង​ក្រុម​គ្រួសារ​ទៀត គឺ​យើង​អាច​ទទួល​រៀបចំ​នៅ​ភ្នំពេញ​»​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ ហ៊ុន សែន​។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី ខេត្ដ​ក្រចេះ​ចំនួន​កូនសិស្ស​មិន​ច្រើន​ទេ ប៉ុន្ដែ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A មាន​រហូតដល់​ ៤៥ នាក់​។ ឥឡូវ​ខេត្ដ​ក្រចេះ បើតាម​ស្ថិតិ​មានស្រុក​ចំនួន​ ៥​ស្រុក ប៉ុន្ដែ​ក្រចេះ​មាន​សាកលវិទ្យាល័យ ១ ​កន្លែង មាន​វិទ្យាល័យ ១២​ កន្លែង​។ បើ​គិត​ជា​មធ្យមភាគ​ក្នុង​ ១ ​ស្រុក មាន​វិទ្យាល័យ​ ២ មាន​អនុវិទ្យាល័យ ៤៣ ខណៈ​ខេត្ដ​នេះ​មាន ៤៣ ​ឃុំ-សង្កាត់ និង​មាន​សាលាបឋមសិក្សា​ចំនួន​ ២៨៦ ​សាលា ក្នុងពេលដែល​ខេត្ដ​មាន​ភូមិ​សរុប​ចំនួន​ ២៩៥ ​ភូមិ និង​មាន​សាលាមត្តេយ្យ​សិក្សា​ចំនួន​ ១០២ ​កន្លែង​។ នេះហើយ​ជា​ការកាត់​បន្ថយ​គម្លាត​រវាង​ទីក្រុង​ និង​ជនបទ​បាន​ដំណើរការ​បែបនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៤ មករា ស្តីពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ ឱ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២៧-២៨ ធ្នូ ឆ្នាំ​ ២០២១ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី​-​ខេត្ត​សរុប​ចំនួន​ ២០៤​ មណ្ឌល​។ បន្ទប់​ប្រឡង​ចំនួន​ ៤ ៦១៥ ​បន្ទប់ និង​បេក្ខជន​ចុះឈ្មោះ​ក្នុង​បញ្ជី​សរុប​ចំនួន​ ១១៤ ១៨៧​ នាក់ ក្នុងនោះ ១០៤ ២៩៩​ នាក់​ជា​បេក្ខជន​ចំណេះ​ទូទៅ​។ ចំនួន​ ៤ ៤១៧ ​នាក់ ជា​បេក្ខជនស្វៃរិន ៣ ៤៣៦ ​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​ ២០៣៥ ​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​។

បេក្ខជន​ប្រឡង​ជាប់ ៧២ ០១៦ ​នាក់ ត្រូវជា ៦៥.៦៥% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ចំនួន​ ៦៨.៦២%)​។ ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន​ ១ ៧៥៣ ​នាក់ (​ឆ្នាំ ២០១៩ ចំនួន​ ៤៤៣ ​នាក់​)​។ និទ្ទេស​ B មាន​ចំនួន​ ៥ ២១៥ ​នាក់ (​ឆ្នាំ​ ២០១៩ ចំនួន​ ២ ៤៣០ ​នាក់​)​។ និទ្ទេស C មាន​ចំនួន ១១ ៦៣៤ ​នាក់​ (​ឆ្នាំ​ ២០១៩ ចំនួន ៥ ៨៤៧ ​នាក់​)​។ និទ្ទេស D មាន ២៣ ៤៩៩​ នាក់​ (​ឆ្នាំ​ ២០១៩ ចំនួន​ ១៤ ១០០ ​នាក់​)​។ និទ្ទេស E មាន​ចំនួន​ ២៩ ៩១៥ ​នាក់​ (​ឆ្នាំ​ ២០១៩ ចំនួន​ ៥៦ ២៣២ ​នាក់​)​។

​បេក្ខជន​គ្រប់​រាជធានី-​ខេត្ត​ទទួលបាន​និទ្ទេស​ A ១ ៧៥៣ ​នាក់​ក្នុងនោះ បេក្ខជន​មកពី​រាជធានី​ភ្នំពេញ​ចំនួន​ ៥៦៥ ​នាក់ ខេត្តសៀមរាប​ ១៥៣ ​នាក់ កណ្តាល​ ១២៧​ នាក់ បាត់ដំបង​ ១២៣ ​នាក់ កំពង់ចាម​ ១១៨ ​នាក់ បន្ទាយមានជ័យ ៩៩ ​នាក់ តាកែវ​ចំនួន​ ៩៩​ នាក់ ព្រៃវែង​ ៨៧ ​នាក់ កំពត​ចំនួន​ ៧៥ ​នាក់ ត្បូងឃ្មុំ​ចំនួន​ ៥៤ ​នាក់ ក្រចេះ​ចំនួន​ ៤៥​ នាក់ កំពង់ធំ ៤១ ​នាក់ កំពង់ស្ពឺ ៣៣ ​នាក់ ពោធិ៍សាត់ ២៨ ​នាក់ ស្វាយរៀង​ ២៦ ​នាក់ កំពង់ឆ្នាំង ២២ ​នាក់ ព្រះសីហនុ​ចំនួន​ ២០ ​នាក់ រតនគិរី​ចំនួន​ ៩ ​នាក់ ស្ទឹងត្រែង​ចំនួន​ ៦ ​នាក់ ប៉ៃលិន​ ៦​ នាក់ ឧត្តរមានជ័យ​ ៥ ​នាក់ កោះកុង​ចំនួន​ ៤ ​នាក់ ព្រះវិហារ​ ៤ ​នាក់ កែប​ ៣ ​នាក់ និង​ខេត្តមណ្ឌលគិរី​ ១ ​នាក់​៕