ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រាប់​ទៅ​អ្នក​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា ថា កិច្ចព្រមព្រៀង​ ៥​ ចំណុច​របស់​អាស៊ាន គឺ​លោក​នៅតែ​បន្តធ្វើ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​នៅ​ប្រទេស​នេះ ហើយ​លោក​ក៏​មិន​បោះបង់​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ដែរ បើទោះបី​ទទួលរង​ការរិះគន់​ពី​ប្រជាជន​មីយ៉ាន់ម៉ា​ក៏ដោយ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​ ៧ នៅ​ខេត្តក្រចេះ​នា​ថ្ងៃទី​ ៧ ខែកុម្ភៈ​លោក​ ហ៊ុន សែន ទទួលស្គាល់ថា ក្នុងឋានៈ​លោក​ជា​ប្រធាន​អាស៊ាន​ត្រឹម​រយៈពេល​ ១​ ឆ្នាំ គឺ​មិនអាច​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ឱ្យ​ចប់​ទាំងស្រុង​នោះទេ ព្រោះ​វា​ជា​បញ្ហា​សាំញ៉ាំ ដែល​គ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​ ៧០ ​ឆ្នាំ​កន្លងមកហើយ​។

លោក​បានបញ្ជាក់​ជាថ្មី​ថា ការដែល​ប្រជាជន​មីយ៉ាន់ម៉ា​រិះគន់​លោក​ខ្លាំងៗ​អំពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង​ (Min Aung Hlaing) កាលពីដើម​ខែមករា គឺជា​ការខុសឆ្គង​មួយ ពីព្រោះ​លោក​មិនមាន​ផលប្រយោជន៍​អ្វី​ក្រៅតែពី​ចង់​ជួយ​ប្រជាជន​មីយ៉ាន់ម៉ា​ឱ្យ​ចេញផុត​ពី​សង្គ្រាម​នោះទេ​។ វិធីសាស្ត្រ​របស់លោក​គឺ​ពន្លត់​ភ្លើងសង្គ្រាម​ជាមុនសិន មុននឹង​ដំណើរការ​ប្រជាធិបតេយ្យ​។

លោក​ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ទៅកាន់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​ប្រឆាំង​លោក​​ថា​៖ «​តើ​អ្នកឯង​មានលទ្ធភាព​ផ្តួលរំលំ​អ្នកកាន់អំណាច​នៅ​ណៃពិដោ​សព្វថ្ងៃ​បាន​ឬ​អត់​? អ្នកឯង​មាន​ទាហាន​ប៉ុន្មាន​សម្រាប់​ច្បាំង​ជាមួយ​ទាហាន​ជាប់​ (​ប្រមាណ​) កន្លះ​លាន​នាក់​នៅ​មីយ៉ាន់ម៉ា​នោះ​? បើ​អ្នកឯង​ចង់​ធ្វើសង្គ្រាម​ធ្វើទៅ​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ប្រឹងប្រែង​អស់​ប៉ុណ្ណឹង​ហើយ​! តែ​ខ្ញុំ​ក៏​មិន​បោះបង់ចោល​ការខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​ដែរ ក្នុងឋានៈ​ជា​សមាជិក​អាស៊ាន ហើយ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​។ កុងសង់ស៊ីស​ ៥​ ចំណុច​ត្រូវតែ​បន្តធ្វើ [​ការអំពាវនាវ​] ​ចំពោះ​អ្នក​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា​»​។

ខណៈ​ក៏មាន​ការរិះគន់​អំពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ក្នុង​ការជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​កន្លងមក លោក​ ហ៊ុន សែន អះអាងថា លោក​ក៏​ទទួល​បាន​ការគាំទ្រ​ជាច្រើន​ផងដែរ​ពី​ដំណើរ​ទស្សនកិច្ច​នេះ ព្រោះ​វា​ជា​វិធីសាស្ត្រ ក្នុង​ការបញ្ចៀស​មិនឱ្យ​មាន​មនុស្ស​ស្លាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​អ្នកទោស​ត្រូវបាន​ដោះលែង​។ ខ្ញុំ​ចង់ឱ្យមាន​បទ​ឈប់​បាញ់​។ ខ្ញុំ​ចង់ឱ្យ​មានការ​ផ្តល់ជំនួយ​មនុស្សធម៌​។ ខ្ញុំ​ចង់ឱ្យមាន​ការសន្ទនា​។ អ្វីៗ​ទាំងអស់​ហ្នឹង​សុទ្ធតែ​នៅក្នុង​កុងសង់ស៊ីស​ ៥​ ចំណុច​»​។

លោក ​រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៧ កុម្ភៈ ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ ៥​ ចំណុច​របស់​អាស៊ាន​ជា​អភិក្រម​ត្រឹមត្រូវ​ (rightapproach)​ ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ព្រោះ​វា​ជា​ជំហរ​រួម​របស់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ការធ្វើ​បែបនេះ កម្ពុជា​មិន​រង​ការរិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ ជាពិសេស​ពី​សមាជិក​អាស៊ាន​ដទៃទៀត​ផងដែរ ដែល​ចោទថា ការធ្វើ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​ជួប​របប​សឹក​ហាក់ជា​ការទទួលស្គាល់​ភាពស្របច្បាប់​របស់​របប​នេះ​»៕