ភ្នំពេញៈ រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​បាននិង​កំពុង​ស្វះស្វែងរក​ទីផ្សារ​បន្ថែម​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន សម្រាប់​យក​ថវិកា​ទៅ​បង្កើន និង​ពង្រឹង​ការងារ​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ក្រោយពី​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០២០ បាន​ទឹកប្រាក់​ជាង​ ១១​ លាន​ដុល្លារ​អាមេរិក​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ កុម្ភៈ​ថា ក្រោយពី​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចាប់ពី​ឆ្នាំ​ ២០១៦-២០២០ បាន​ទឹកប្រាក់​ចំនួន ១១,៦ ​លានដុល្លារ​អាមេរិក រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​បាននិង​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​មាន​យក​ថវិកា​មក​បង្កើន​ និង​ពង្រឹង​ការងារ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក​ថា នេះ គឺជា​មោទនភាព​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក​។ ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ចូលរួម​អភិវឌ្ឍ​សហគមន៍​នៅ​មូលដ្ឋាន​។ ក្នុងនោះ​រួមមាន​សហគមន៍​តំបន់​ការពារធម្មជាតិ ដែល​បាន​ចូលរួម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ផ្តល់​ជម្រើស​ថ្មី និង​កែប្រែ​ជីវភាព​សម្រាប់​ពួកគាត់ បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូទេសចរណ៍​។

ជាមួយ​គ្នា​នោះ​ថវិកា​ដែល​បាន​ពី​ការលក់​កាបូន​ក៏​ប្រើ​សម្រាប់​ការបណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្កា សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

លោក ​នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​ការលក់​ឥណទាន​កាបូន​ចំនួន​ ២ ​គម្រោង​បានធ្វើ​ឡើង​ទី​ ១​ នៅ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ទី​ ២ ​គម្រោង​រ៉េដបូក ក្រវាញ​ខាងត្បូង​ (​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែនជម្រក​សត្វព្រៃ​តាតៃ​)​។ បច្ចុប្បន្ន ក្រសួង​បរិស្ថាន និង​ដៃគូ​បាននិងកំពុង​បន្ត​រៀបចំ​នីតិវិធី​លក់​ឥណទាន​កាបូន​នៅ​ដែនជម្រក​សត្វព្រៃ ព្រៃ​ឡង់ ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ថែមទៀត​»​។

ក្រុមហ៊ុន​ធំៗ​ដែល​សម្រេច​ទិញ​ឥណទាន​កាបូន​ដោយ​ឈរលើ​មូលដ្ឋាន​ការវាយតម្លៃ​ពី​ទីភ្នាក់ងារ​ឯករាជ្យ ដែល​បញ្ជាក់ថា កម្ពុជា​មាន​សមត្ថភាព​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែល​លក់​ឥណទាន​កាបូន​នោះបាន​ល្អប្រសើរ​ស្របតាម​លក្ខខណ្ឌ​កំណត់​។ ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត មាន​ក្រុមហ៊ុន​ Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci ជាដើម​។ នេះ​បើតាម​លោក​​ នេត្រ ភក្ត្រា​។

បើតាម​លោក​ ភក្ត្រា មកដល់​ពេលនេះ​មានតែ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។ មុននឹង​ទិញ​ឥណទាន​កាបូន​នេះ មាន​ការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេងៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដើម្បី​ធានា​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូរ​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវចម្រុះ​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​ការសម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បានបង្ហាញ ថា​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ ហើយ​ធនធាន​ធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក​ លាក់ រតនា មន្ត្រី​ផ្នែក​កិច្ចការ​ទំនាក់ទំនង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ មករា​ថា តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​អង្គការ WCS ការលក់​ឥណទាន​កាបូន​អាច​អនុញ្ញាតឱ្យ​កម្ពុជា​ផ្តល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​ដល់​ជីវចម្រុះ​ និង​ការអភិរក្ស​ព្រៃឈើ ខណៈ​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ផងដែរ​។

លោក​ថា ដើម្បី​កម្ពុជា​មាន​ទីផ្សារ​សម្រាប់​លក់​ការបូន​បន្ថែមទៀត អង្គការ WCS នៅតែ​បន្ត​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ និង​ស្វែងរក​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ផ្សេងៗ​ទៀត​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។

លោក​ថ្លែងថា​៖ «​អង្គការ WCS និង​ក្រសួងបរិស្ថាន​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទីផ្សារ​អន្តរជាតិ ដើម្បី​ចូល​ប្រើ​បណ្តាញ​សកល​នៃ​អ្នកទិញ​ឥណទាន​កាបូន​ដែលមាន​សក្តានុពល​»​។

ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ២ កុម្ភៈ ប្រកាសថា​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន កិច្ចពិភាក្សា និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​» នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ១១ ​កុម្ភៈ វេលា​ម៉ោង​ ១​ និង​ ៣០​ នាទី រសៀល​នៅ​សាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់​ទី ​៥ ក្រសួងបរិស្ថាន​ក្រោម​វត្តមាន លោក​ សាយ សំអាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

លិខិត​បញ្ជាក់ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​ត្រូវ​បានអនុម័ត និង​ដាក់ជូន​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (UNFCCC) ​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១៕