The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំណាត់​ផ្លូវជាតិ​លេខ​ ៧ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ ៧ ដែលមាន​ប្រវែង​ជាង​ ៩៣ គីឡូម៉ែត្រ​នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃ​ម្សិលមិញ​។ ហុង មិនា

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ

ក្រចេះ: ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​ដែលមាន​ប្រវែង​ជាង​ ៩៣​ គីឡូម៉ែត្រ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្ពោធ​ដាក់ឱ្យ​ប្រើ​​ជា​ផ្លូវការ បន្ទាប់ពី​បញ្ចប់​គម្រោង​លើក​​កម្ពស់​គុណភាព​ផ្លូវ​នេះ​កាលពី​ឆ្នាំ​ ២០១៨ ក្រោម​ជំនួយឥតសំណង​របស់​ចិន​ក្នុងតម្លៃ​ជាង ៣៣ ​លាន​ដុល្លារ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ នៅ​ខេត្តក្រចេះ​កាលពីថ្ងៃ​ទី​ ៧ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ផ្លូវ​នេះ​គឺជា​ចំណែក​មួយ​នៃ​ការជួយ​របស់​មិត្ត​ចិន​សម្រាប់​តភ្ជាប់​ក្នុង​តំបន់​ឦសាន ។ លោក​បន្តថា កម្ពុជា​ជា​បណ្តើរៗ​បាន​​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​របស់ខ្លួន ដែល​ក្នុងន័យនេះ​ខេត្ត​មួយចំនួន​ត្រូវបាន​ចងភ្ជាប់​ទៅក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​រួមមាន ខេត្តក្រចេះ​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បញ្ជាក់ថា នៅ​ចុងឆ្នាំ​ ២០២១ និង​ដើម​ឆ្នាំនេះ​មាន​សមិទ្ធផល​ចំនួន​ ៣ ​ហើយ​ដែល​ត្រូវបាន​សម្ពោធ​ឱ្យប្រើប្រាស់​រួមមាន ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ស្ទឹងត្រង់-​ក្រូចឆ្មារ ពហុកីឡដ្ឋាន​មរតកតេជោ ដែលជា​ជំនួយឥតសំណង​ដ៏ធំ​របស់​ចិន និង​ការដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ ៧ នេះ​។

លោក​មានប្រសាសន៍​ថា​៖ «​នៅក្នុង​ដើមឆ្នាំ​នេះ ក្រៅពី​ចិន យើង​នឹងមាន​បើក​ការដ្ឋាន​របស់​កូរ៉េខាងត្បូង​សម្រាប់​ផ្លូវជាតិ​លេខ ​៤៨ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​លេខ​ ៥ ដែលជា​ហិរញ្ញប្បទាន​របស់​ជប៉ុន​ពី​បាត់ដំបង​ទៅ​សិរីសោភ័ណ ហើយ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ស្ពាន​ជា​បន្តបន្ទាប់​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ឱ្យ​​ដឹងថា សម្រាប់​ខេត្តក្រចេះ​នឹង​សម្ពោធ​បើក​ការដ្ឋាន​ការសាងសង់​ស្ពាន​ឆ្លង​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ នៅ​ឆ្នាំ ២០២៣ ខាងមុខ​ផងដែរ​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា​ផ្លូវជាតិ​លេខ​ ៧​ គឺជា​គម្រោង​ជំនួយ​របស់​ភាគី​ចិន​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​អាចជួយ​ដល់​ការធ្វើ​ចរាចរណ៍​ក្នុងប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​មមាញឹក​ជាខ្លាំង​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។

Content image - Phnom Penh Post
លោក​ ហ៊ុន សែន កាត់​ខ្សែបូ​សម្ពោធ​ឱ្យប្រើ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ម្សិលមិញ​។ ហុង មិនា

លោក​ថា​៖ «​អាច​និយាយ​បានថា វា​មិន​ត្រឹមតែ​ជា​គម្រោង​សំខាន់​មួយ​សម្រាប់​ជំនួយ​ភាគី​ចិន​ជួយ​ភាគី​កម្ពុជា​ប៉ុណ្ណោះ​ តែ​ក៏​ជា​គម្រោង​ពិសេស​​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជំនួយ​របស់​ចិន​ជូន​ចំពោះ​ប្រទេស​លើ​សកលលោក​នាពេលនោះ​ផងដែរ​»​។

លោក​ឱ្យដឹងថា បន្ទាប់ពី​ការដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​នេះ រដ្ឋាភិបាល​ចិន​នឹង​ពិចារណា​បន្ត​ជួយ​ជួសជុល​កំណាត់​ផ្លូវ​ខាងជើង និង​ផ្តល់ជំនួយ​សាងសង់​តាម​បណ្តា​វិស័យ​នៅ​កម្ពុជា​តាម​លទ្ធភាព​របស់​ខ្លួន​។

លោក​ថា​៖ «​ផ្លូវជាតិ​លេខ​ ៧ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាពចាស់ទុំ​សម្រាប់​ជំនួយ​របស់​ចិន​មក​កម្ពុជា​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ​ទេ ក៏​ជា​សក្ខីភាព​ក្នុង​ការអភិវឌ្ឍ​ចំណងមិត្តភាព​រវាង​ចិន និង​កម្ពុជា និង​សាង​វាសនា​រួមគ្នា​កាន់តែ​ស៊ីជម្រៅ​ទៀត​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដែរ​ថា សមិទ្ធផល​ថ្មី​នេះ គឺជា​ចំណងដៃ​ដ៏ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន ដែល​កើតចេញពី​ចំណងមិត្តភាព​ដែកថែប​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ។

លោក​បន្តថា កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​គឺជា​ខ្សែ​ផ្លូវ​ដ៏មាន​សក្ដានុពល​មួយ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ខេត្ត​សំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ឆ្ពោះទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤ ​របស់​កម្ពុជា ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​សម្រាប់​បម្រើឱ្យ​សកម្មភាព​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​។

លោក​បញ្ជាក់ថា ផ្លូវជាតិ​លេខ​ ៧ ក៏​ប្រទាក់ក្រឡា​ជាមួយ​ផ្លូវជាតិ​មួយចំនួនទៀត​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​ (CLV DTA) ដើម្បី​ប្រែក្លាយ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ទាំង​ ៣ ​ទៅជា​តំបន់​មានការ​អភិវឌ្ឍ​។

គម្រោង​លើកកម្ពស់​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​នេះ​គឺជា​ជំនួយ​ឥតសំណង​ពី​រដ្ឋាភិបាល​ចិន​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានចាប់ផ្តើម​ការដ្ឋាន​សាងសង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៦ និង​បានបញ្ចប់​ការសាងសង់​នៅ​ខែធ្នូ ឆ្នាំ​ ២០១៨ ដោយ​ប្រើពេល​អស់​ ២៤ ​ខែ ​និង​បាន​ចំណាយ​ថវិកា​អស់​ ៣៣,៣៧ ​លាន​ដុល្លារ​អាមេរិក​។

កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​ ៩៣,៥៦ ​គីឡូម៉ែត្រ​ពី​រង្វង់មូល​ខ្លា​ស្ទុះ ក្នុងភូមិ​កាប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​ទៅ​ភូមិ​រមាត ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​៕

អត្ថបទគួរចាប់អារម្មណ៍