ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានស្នើ​ទៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ប្រមូល​ទិន្នន័យបឋម ចំពោះ​ការ​លួច​សាងសង់​សំណង់​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែលជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​នៅ​វៀតណាម ដោយ​មិនបាន​ស្នើសុំ​ការអនុញ្ញាត​ពី​កម្ពុជា​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ការផ្ទុះ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ បន្ទាប់ពី​បានឃើញ​សំណង់​ប្រាសាទ​អង្គរ​របស់​ខ្មែរ​ត្រូវបាន​វៀតណាម សាងសង់​នៅ​តំបន់​ទេសចរណ៍​ក្នុង​ទីក្រុង​ដាណាង ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​របស់​វៀតណាម ហៅ​ឈ្មោះថា​ «​សួន​ទេសចរណ៍​អាស៊ី​»​។ យោងតាម​គេហទំព័រ​ផ្នែក​ទេសចរណ៍​របស់​វៀតណាម សំណង់​ប្រាសាទ​របស់​ខ្មែរ ត្រូវបាន​គេ​សង់​ឡើង​ចម្រុះ​ជាមួយ​សំណង់​តំបន់​ទេសចរណ៍​របស់​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ី​។

ពាក់ព័ន្ធ​ករណីនេះ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ​ថា ក្រសួង​បានធ្វើការ​មួយ​ជំហាន​ហើយ ដោយបាន​ធ្វើការ​ទំនាក់ទំនង​ទៅខាង​អគ្គរាជទូត​កម្ពុជា​ប្រចាំ​វៀតណាម ដើម្បីឱ្យ​គាត់​រក​លទ្ធភាព​ចុះ​ទៅដល់​ទីតាំង​ប្រមូល​ទិន្នន័យបឋម​។ ចំណាត់ការ​នេះ ធ្វើឡើង​បន្ទាប់​ក្រសួង​បានធ្វើការ​ស្រាវជ្រាវ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ទាំង​អាជ្ញាធរ​ជាតិ​អប្សរា រកឃើញថា ការសាងសង់​នោះ​មិនមាន​ការសុំច្បាប់ ឬ​សុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ខ្មែរ​ទេ​។

លោក​បន្តថា​៖ «​អ៊ីចឹង​ទោះជា​លទ្ធផល​ ឬ​ព័ត៌មាន​ណាមួយ​ដែល​ប្រមូលបាន​បឋម​ផ្លូវការ​ហើយ យើង​នឹង​អាចធ្វើ​តាមរយៈ​ក្រសួងការបរទេស​កម្ពុជា​ធ្វើការ​ជាមួយ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​អន្តរាគមន៍​លើ​រឿងនេះ​ឱ្យ​គាត់​បំភ្លឺ ឬ​អាច​សួរនាំ​ដើម្បី​បញ្ជាក់​ច្បាស់លាស់​»​។

លោក​បាន​គូសបញ្ជាក់ថា ជាធម្មតា​កម្ពុជា​មិន​លើក​ទឹកចិត្ត​ឱ្យមាន​ការចម្លង​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​ទេ ប៉ុន្តែ​ក្នុងករណី​មាន​ការស្នើសុំ​នោះ​យើង​ផ្តល់​កិច្ចសហការ ដើម្បី​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថា​៖ ​ព្រោះ​ប្រទេស​ខ្លះ គេ​មាន​ការស្នើសុំ​យើង ដើម្បី​រៀបចំ​ពិព័រណ៍​ក្នុង​សួនឧទ្យាន​ណាមួយ ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​កិត្យានុភាព​បេតិកភណ្ឌ​ដែលជា​តម្លៃ​សកល ហើយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​មាន​កាតព្វកិច្ច ការចូលរួម​លើកកម្ពស់​លើកស្ទួយ និង​ផ្តល់​កិច្ចសហការ​» ។

លោក​បន្តទៀតថា នៅពេល​មានការ​ស្នើសុំ​នោះ​កម្ពុជា​នឹង​អាច​បញ្ជូន​អ្នកជំនាញ​ត្រឹមត្រូវ ដើម្បី​រៀបចំ​ឱ្យ​ស្របតាម​រចនាប័ទ្ម​ខ្មែរ​ចៀសវាង​ការធ្វើ​ខុស ដែល​ធ្វើឱ្យ​បាត់បង់​តម្លៃ​បេតិកភណ្ឌ​សកល​។

លោក​ថា​៖ «​ឧទាហរណ៍​គេ​ស្នើសុំ​ផ្នែក​ណាមួយ​នៃ​ខ្លោងទ្វារ​​អង្គរវត្ត​យើង​ទៅ​ជួយ​មើល​ក្បាច់​ផ្តល់​ការណែនាំ​ជា​មតិយោបល់​ថា​ត្រូវធ្វើ​យ៉ាងម៉េច​តាម​រចនាប័ទ្ម ប៉ុន្តែ​ដល់ពេល​អត់​មានការ​ស្នើសុំ​បែបនេះ​ជាគោលការណ៍​មួយ​រំលោភ​លើ​សិទ្ធិ​ជា​ម្ចាស់​ដើម​»​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ថ្លែងថា ករណី​ចម្លង​ប្រាសាទខ្មែរ​នេះ​មិនមែនជា​លើក​ទី​ ១ ​ទេ គឺមាន​តាំងពី ឆ្នាំ ១៩៣១ ដែល​កម្ពុជា​ស្ថិតនៅក្រោម​អាណានិគម​បារាំង​មក​ម្ល៉េះ ដោយ​ប្រទេស​ខ្លះ​សុំ​ការអនុញ្ញាត ខណៈ​ប្រទេស​ខ្លះទៀត​មិន​សុំ​ការអនុញ្ញាត​។ លោក​ថា​៖ «​ចំពោះ​ការចម្លង​ដោយ​គ្មាន​ការអនុញ្ញាត​បែបនេះ​ទី​ ១ ​ខ្វះ​ក្រមសីលធម៌ ទី​ ២ ធ្វើឱ្យមាន​ការយល់ឃើញ​ថា នេះ​ជាការ​កេងចំណេញ​ពី​វប្បធម៌​បេតិកភណ្ឌ​ខ្មែរ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ព្រោះ​ការកេងចំណេញ​នេះ​តាមរយៈ​រូបភាព​ទាក់ទាញ​នូវ​វិស័យ​ទេសចរណ៍​ ប៉ុន្តែ​អត់​ស្មោះត្រង់​»​។

លោក​បន្តថា ការលួចចម្លង​បែបនេះ វា​អាច​នឹង​បង្កឱ្យមាន​ការភាន់ច្រឡំ​មកលើ​ប្រាសាទខ្មែរ ដោយសារ​ការសាងសង់​នោះ​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ លោក​ថា​៖ «​វា​ធ្វើឱ្យ​រូបភាព​ដែល​គាត់​យកទៅ​ចម្លង​នោះ ខ្លះ​ជា​ព័ត៌មាន មិន​ត្រឹមត្រូវ មិន​ច្បាស់លាស់ ដែល​ធ្វើឱ្យ​ជះឥទ្ធិពល​ខ្លះៗ​ដែរ មកលើ​យើង​ជា​ម្ចាស់​បេតិកភណ្ឌ​ដើម​»​។

យ៉ាងណាក្តី​លោក​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការចម្លង​របស់​វៀតណាម​តាំងពី​រចនាប័ទ្ម ទាំង​ទ្រង់ទ្រាយ និង​បានធ្វើ​របាយការណ៍​បច្ចេកទេស​មួយ​ជូនទៅ​ក្រសួង​វប្បធម៌​រួចហើយ​។

បន្ថែម​ពីនេះ​លោក​ថា ក្នុងករណី​មិនមាន​ការបំភ្លឺ​ច្បាស់លាស់​ណាមួយ​ពី​ភាគី​វៀតណាម កម្ពុជា​នឹង​ធ្វើការ​ជាមួយ អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​ពិនិត្យមើល និង​វាយតម្លៃ​លើ​​ករណីនេះ ដោយសារ​ការចម្លង​នោះ​ស្ថិតនៅ​តំបន់​សួន​ទេសចរណ៍​អាស៊ី​។

លោក​បន្តថា កម្ពុជា​ក៏​នឹង​ពិភាក្សា​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ករណី​ចម្លង​ប្រាសាទខ្មែរ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​សកល នៅ​តំបន់​ទេសចរណ៍​ប្រទេស​ដទៃទៀត​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ថ្ងៃ​​អនាគត ព្រោះ​មិនមែនជា​រឿង​ល្អ​ទេ ក្នុងការ​ចម្លង​ពី​កន្លែង​ ១ ​ទៅ​កន្លែង​១៕

វីដេអូ៖