ប៉ៃលិនៈ នគរបាល​គ្រោង​បញ្ជូន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ ពាក់ព័ន្ធ​រួមគំនិត​គ្នា​ដាក់​ថ្នាំ​បំពុល​ក្នុង​កែវស្រា​សម្លាប់​ប្តី​ដើម​កាលពី​ថ្ងៃទី​ ១៣ មករា ឆ្នាំ​ ២០២២ ក្នុងភូមិ អូរកន្ធៀងវ៉ា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ យោងតាម​នគរបាល​ស្រុក​សាលា​ក្រៅ​។

លោក ឡោ ពុធ អធិការរង​នគរបាល​ស្រុក​សាលាក្រៅ​ថ្លែង​នៅ​ថ្ងៃទី​ ៧ កុម្ភៈ​ថា ស្ត្រី​សង្ស័័យ​ឈ្មោះ ឈឹម ឈន អាយុ​ ៤២ ​ឆ្នាំ រីឯ​ប្រុស​ស្នេហ៍​របស់គាត់​ឈ្មោះ ខៀវ បញ្ញា អាយុ ៣១ ​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ពិន សាខន អាយុ​ ៤៥ ​ឆ្នាំ​ត្រូវជា​ប្តីដើម​របស់​ស្ត្រី​សង្ស័យ​។

លោក​ថ្លែង​ដោយ​ដកស្រង់​សម្ដី​ជនសង្ស័យ​ជា​ប្តី​ចុង​ថា ថ្វីដ្បិតតែ​ស្ត្រី​ឈ្មោះ ឈឹម ឈន មាន​ប្តី​រួច​ហើយក៏​ពិតមែនតែ​ស្ត្រី​រូបនេះ​បាន​យក​គាត់​ធ្វើជា​ប្តី​ចុង ហើយ​ថែមទាំង​រួមរស់​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយគ្នា​។ ប៉ុន្តែ​ដោយសារ​តែ​គេ​គិតថា រស់នៅ​រាល់ថ្ងៃ​មិន​ពេញមុខ​ពេញមាត់​ជា​ប្តី និង​ហាក់បី​ដូចជា​លួចប្រពន្ធគេ​នោះគេ​ក៏​បែកគំនិត​រក​វិធី​សម្លាប់​ប្តី​ដើម​ចោល​ទៅ​។

លុះ​នៅវេលា​ម៉ោងជាង​ ៥ ​ល្ងាច​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២ គាត់​បាន​ជុំគ្នា​ផឹកស្រា​ទាំង​ ៣​ នាក់​ដូច​សព្វមួយដង​រហូត​ដល់ពេល​ជនរងគ្រោះ​ស្រវឹងស្រា​ភ្លេចភ្លាំង​ស្មារតី​ក៏​លួច​យក​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​ចាក់​ចូលក្នុង​កែវស្រា​ឱ្យ​ជនរងគ្រោះ​ផឹក​។ ពេល​ជនរងគ្រោះ​ពុល​សន្លប់​បាត់បង់​ស្មារតី​ហើយក៏​បបួល​ស្ត្រី​ ឈឹម ឈន ឌុប​ជនរងគ្រោះ​តាម​ម៉ូតូ​ទៅ​ទម្លាក់ចោល​ក្នុង​ចម្ការ​ដំឡូងមី​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា​ ៤០០ ​ម៉ែត្រ​។

លោក ឡោ ពុធ អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ​ឱ្យដឹងថា ក្រោយ​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​មក​បាន​ពិនិត្យ​ឃើញថា នៅ​ផ្នែក​ឆ្អឹង​ថ្ពាល់​ខាងស្តាំ​មាន​ស្នាម​ប្រេះ បន្ទាប់មក​សមត្ថកិច្ច​ក៏​កោះហៅ​ប្រពន្ធ​របស់​ជនរងគ្រោះ​មក​សាកសួរ ហើយ​ឈានដល់​បាន​តម្រុយ​ក៏​ឃាត់ខ្លួន​បុរស​ឈ្មោះ ខៀវ បញ្ញា តែម្តង​៕