ភ្នំពេញៈ ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បាន​លើកឡើងថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា ក៏​ប្រទេស​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​ដ៏​ធំធេង​លើ​ផ្ទៃដី ២ ០១៧ ​គីឡូម៉ែត្រ​ក្រឡា ដែល​ក្នុងនោះ​ ៧៨៨ គីឡូម៉ែត្រ​ក្រឡា​រង​ផលប៉ះពាល់​ដោយ​គ្រាប់មីន​។

លោក​ លី ធុជ បាន​ថ្លែង​បែបនេះ​ក្នុងពេល​អនុញ្ញាតឱ្យ​លោក Juan Carlos Ruan នាយក​អង្គភាព​គាំទ្រ​ការអនុវត្ត (Implementation Support Unit_ISU) ​នៃ​អនុសញ្ញា​ស្តីពី​ការហាម​ប្រាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​ចោល (​អនុសញ្ញា​អូតាវ៉ា-APMBC) ដែលមាន​ទីស្នាក់​នៅ​ប្រទេស​ស្វ៊ីស​ចូលជួប​ពិភាក្សា​ការងារ​ស្តីពី​ការពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ​។

លោក លី ធុជ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​របស់​គណៈប្រតិភូ ISU-APMBC នៅ​កម្ពុជា​ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គភាព ISU-APMBC ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការផ្តល់​ប្រឹក្សា​យោបល់ និង​ជំនួយ​បច្ចេកទេស​ដល់​ការងារ​បោសសម្អាត​មីន ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា ជាពិសេស​លើ​សំណើសុំ​ពន្យារពេល​បោសសម្អាត​មីន​របស់​កម្ពុជា​លើក​ទី ​១ និង​លើក​ទី ​២​។

លោក​ថ្លែងថា ក្នុងនាម​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​កម្ពុជា​ធ្លាប់បាន​ស្នើសុំ​ពន្យារពេល​បោសសម្អាត​មីន​លើក​ទី ​១ រយៈពេល ១០ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៩ ដើម្បី​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែល​ដឹងថា មាន​គ្រាប់មីន​ទាំងអស់​ឱ្យ​រួចរាល់​ត្រឹម​ឆ្នាំ​ ២០១៩​។ ក្នុង​រយៈពេល ១០​ ឆ្នាំ​នោះ ផ្ទៃដី​ប្រមាណ​ជាង ៥៧៧ ​គីឡូម៉ែត្រ​ក្រឡា សរុប​ចំនួន ៨ ២៩០ ​ចម្ការមីន​បាន​បោសសម្អាត​រួច មីន​ប្រឆាំង​មនុស្ស ១០១ ៤២៤ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១ ៥៦០ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៧៣ ២៣១​ គ្រាប់ ប៉ុន្តែ​ផ្អែក​តាម​ការវាយតម្លៃ​លទ្ធភាព​កម្ពុជា​នៅតែ​មិនអាច​សម្រេចបាន​តាម​គោលដៅ​ឆ្នាំ​ ២០១៩​។

លោក​បន្តថា​៖ «​បន្ទាប់ពី​ការ​ពិនិត្យ​ឡើងវិញ និង​ស្របតាម​ស្មារតី​នៃ «​សេចក្តីថ្លែងការណ៍​ម៉ាពុយតូ​+១៥» កាលពី​ឆ្នាំ​ ២០១៤ កម្ពុជា​បានស្នើ​សុំ​ពន្យារពេល​បោសសម្អាត​មីន​លើក​ទី​ ២ រយៈពេល ៦​ ឆ្នាំ​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៥ សំដៅ​ធ្វើការ​បោសសម្អាត​មីន​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥»​។

លោក លី ធុជ បាន​ជម្រាប​ដល់​គណៈប្រតិភូ​អំពី​បញ្ហា​មីន​នៅ​កម្ពុជា​ថា​៖ «​ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែលជា​លទ្ធផល​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ​នៅក្នុង​ប្រទេស​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ រហូតមកដល់​ចុងឆ្នាំ​ ១៩៩៨»​។ លោក​បញ្ជាក់ថា​៖ «​ក្រោម​នយោបាយ ឈ្នះ‑​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុងឆ្នាំ​ ១៩៩៨ កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស ដែល​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ដោះស្រាយ​ការគំរាមកំហែង​ដោយសារ​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​ការភ័យខ្លាច​»​។

លោក​លើកឡើងថា រយៈពេល​ជិត ៣០ ​ឆ្នាំ​នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ​១៩៩២ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ និង​មានការ​ចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​មិត្ត និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២១ កម្ពុជា បាន​បោសសម្អាត​ផ្ទៃដី ២ ៣២៨ គីឡូម៉ែត្រ​ក្រឡា​បាន​បំផ្លាញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ១ ១១៨ ៨១០ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ២៥ ៩៥២ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់ទាំង​គ្រាប់បែក​ចង្កោម ២ ៩៨៣ ៤១៦ គ្រាប់​ដោយមាន​អ្នកទទួលផល ៧ ៧៣២ ៥៣៦ នាក់​។

លោក​ថ្លែងថា​៖ «​ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ​ប្រទេស​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​ដ៏ធំធេង​លើ​ផ្ទៃដី ២ ០១៧ គីឡូម៉ែត្រ​ក្រឡា​ដែល​ក្នុងនោះ ​៧៨៨ គីឡូម៉ែត្រ​ក្រឡា​រង​ផលប៉ះពាល់​ដោយ​គ្រាប់មីន​»​។

បើតាម​អាជ្ញាធរ​មីន លោក Juan Carlos Ruan បាន​បម្រើ​ការងារ​ជានា​យក ISU តាំងពី​ឆ្នាំ​ ២០១៦ និង​បាន​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​ខ្លឹមសារ​អនុសញ្ញា​អូតាវ៉ា​ទៅគ្រប់​សមាជិក​រដ្ឋ​ភាគី​ទាំងអស់​។ គណៈប្រតិភូ ISU-APMBC បំពេញ​បេសកកម្ម​នៅ​កម្ពុជា​រយៈពេល ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៦-១០ ខែកុម្ភៈ​ក្នុង​គោលបំណង​តាមដាន​ការអនុវត្ត​ការងារ​បោសសម្អាត​មីន​របស់​កម្ពុជា​ឱ្យស្រប​ទៅនឹង​ផែនការ​ដែល​បានអនុម័ត​ឱ្យ​កម្ពុជា​ពន្យារពេល​លើក​ទី​ ២​ នៅ​ទីក្រុង​អូ​ស្លូ​ប្រទេស​ន័រវេស និង​ជួយ​គាំទ្រ​កម្ពុជា​ក្នុងការ​រៀបចំ​ផែនការ​បោសសម្អាត​មីន​ឱ្យ​សម្រេច​ទៅតាម​មាត្រា​ ៥ ​នៃ​អនុសញ្ញា​អូតាវ៉ា​។

តាមរយៈ​បេសកកម្ម​នេះ គណៈប្រតិភូ ISU-APMBC គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន គណៈកម្មការ JBC កម្ពុជា-​ថៃ​, មន្ត្រី UNDP នៃ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល CMAC NPA Halo Trust MAG មជ្ឈមណ្ឌល​តំបន់​អាស៊ាន សម្រាប់​សកម្មភាព​មីន (ARMAC) និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។

ឆ្នាំ​ ២០២២​ នេះ​កម្ពុជា​មានបំណង​រៀបចំ​ពិធី​អបអរសាទរ រំឭក​ខួប​ទី ៣០ ឆ្នាំ​នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា (១៩៩២-២០២២) ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​សុំឱ្យ​អង្គភាព ISU-APMBC ជួយ​គាំទ្រ​ដល់​ការងារ​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ព្រមទាំង​បានស្នើ​សុំ​អង្គភាព ISU-APMBC ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់ជំនួយ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ឱ្យអស់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ​ ២០២៥​។

លោក Juan Carlos Ruan បាន​អបអរ​ និង​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្ត​ទុកដាក់​ចាត់ចែង និង​រៀបចំ​ឱ្យមាន​រចនាសម្ព័ន្ធ​យ៉ាង​ច្បាស់លាស់ សម្រាប់​ការងារ​សម្របសម្រួល​ និង​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបាន​លើ​ការងារ​បោសសម្អាត​មីន​នាពេល​កន្លងមក​ទោះបី​មានការ​រីករាល​ជាសកល​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

លោក Juan Carlos Ruan បានស្នើ​សុំឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​សន្និសីទ​សកល ស្តីពី​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​សិទ្ធិ​របស់​ជន​មាន​ពិការភាព ដែល​គ្រោង​នឹង​រៀបចំឡើង​នៅក្នុង​ឆ្នាំ​ ២០២៣ ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អ៊ឺរ៉ុប​ និង​មាន​ប្រទេស​ប្រមាណ ២០០ ចូលរួម​។ ជាការ​ឆ្លើយតប លោក​ លី ធុជ នឹង​ស្នើសុំ​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​លើ​សំណើ​រៀបចំ​សន្និសីទ​សកល​នេះ​៕