បន្ទាយមានជ័យៈ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខេត្ដ​បន្ទាយ​មាន​ជ័យ​សរុប​ ១៩៦ ៤០០ គ្រួសារ ​ស្នើនឹង​ ៧៩៤ ២៤៥ នាក់​ មាន​ពល​រដ្ឋចំនួន​ ៨៥% ​ជាកសិករ ​ក្នុង​នោះ​ពលរដ្ឋ​ចំនួន​ ៥៣.៣ ភាគរយ ​មាន​ទឹក​ស្អាត​ប្រើ ​ប៉ុន្ដែ​រដ្ឋបាល​ខេត្ដ​នេះ​អះអាង​ថា ​ពល​រដ្ឋ​មិន​មាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើ​ប្រាស់​និង​ធ្វើ​ស្រែ​ចម្ការ​ឡើយ។​

របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ដ​បន្ទាយ​មានជ័យ ​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ ​សង្កាត់ ​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​នា​ថ្ងៃ​ទី៨ ​កុម្ភៈ ​ឱ្យ​ដឹង​ថា ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាខេត្ត​មួយ​ក្នុង​ចំណោម​រាជធានី​-ខេត្ត​ទាំង​២៥​ទូទាំង​ប្រទេស ​ដែល​មាន​ចម្ងាយ​៣៦០គីឡូ​ម៉ែត្រ ​ពី​រាជ​ធានី​ភ្នំពេញ។ ខេត្តនេះ​មាន​ព្រំប្រទល់​ខាងកើត​ទល់នឹង​ខេត្ត​សៀមរាប ​ខាងលិច​ទល់នឹង​ព្រះរាជាណា​ចក្រ​ថៃ ​ប្រវែង ​១៥៣គីឡូម៉ែត្រ ​ជាប់​នឹង​ខេត្ត​ស្រះកែវ ​និង​ខេត្ត​បូរីរ៉ាំ ​ខាងជើង​ទល់នឹង​ខេត្ត​ឧត្តរមានជ័យ ​ខាងត្បូង​ទល់នឹង​ខេត្ត​បាត់​ដំបង។

ខេត្ត​នេះ​មាន​ផ្ទៃដី​សរុប​៦ ៦៧៩គីឡូម៉ែត្រ​ការ៉េ ​ចែកចេញ​ជាក្រុង​២ ​ស្រុក៧ ​ ឃុំ៥៥ ​សង្កាត់១២ ​ភូមិ​៦៥៩ ​ដែល​មាន​ពលរដ្ឋ​សរុប​ចំនួន​១៩៦ ៤០០គ្រួសារ ​ស្មើនឹង ​៧៩៤ ២៤៥នាក់ ​ក្នុងនោះ​ស្រី ​៤០៤ ៥៩៥នាក់។ ពលរដ្ឋ​ក្នុង​ខេត្ដ​មាន​មុខរបរ​សំខាន់​៨៥% ​ជាកសិករ ​១០% ​ជាអាជីវករ ​ពាណិជ្ជករ ​និង​៥% ​ប្រកប​មុខរបរ​ផ្សេងៗ។

លោក ​ជា យុទ្ធារុណ ​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជន​បទ​ខេត្ដ​បន្ទាយ​មានជ័យ​ ថ្លែង​ក្នុង​សន្និ​សីទ​នេះ​ថា​ គិត​ត្រឹម​ឆ្នាំ​២០២១​ ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ស្ថានីយ​ចែក​ចាយ​ទឹក​ចំនួន​៦២ស្ថានីយ ​សម្រាប់​ចែកចាយ​ទឹក​ទៅតាម​ភូមិ ​ឃុំ ​សង្កាត់​នានា​ក្នុង​ខេត្ដ។ ខេត្ដ​ក៏មាន​អណ្ដូង​ស្នប់​ចំនួន​៣ ២៣១ ​មាន​អណ្ដូង​លូ​ចំនួន​ ១៨០១អណ្ដូង ​ មាន​អណ្ដូង​ចម្រុះ ​២ ៧៦៦អណ្ដូង ​និង​មាន​ស្រះ​សហគមន៍​ចំនួន​១ ១៨៣ស្រះ។ ប៉ុន្ដែ​ក្នុង​ចំណោម​ស្រះ​ទាំងនេះ​ ស្រះ​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​រដូវ ​មាន​ចំនួន​ ៦៩១ស្រះ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា ​ចាប់ពី​ឆ្នាំ​២០២០​មក​ រាជរដ្ឋា​ភិបាល​បានផ្ទេរ​ភារកិច្ច ​លើ​ការជួសជុល​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​នៅតាម​ជនបទ​ទៅ​ឱ្យ​ថ្នាក់​ក្រោម​ជាតិ ​ដោយ​ឃុំ ​សង្កាត់ ​ក្រុង​ ស្រុក ​ជាអ្នក​លើក​សំណើ​ថវិកា​មក​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើការ​ជួសជុល ​ឬ​កែលម្អ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​នៅ​មូលដ្ឋាន។ ក្នុង​នោះ​អណ្ដូង​ទឹក​មួយ​អាច​ប្រើ​ប្រាស់​បាន​ចាប់ពី​១៥ ​ទៅ២០ គ្រួសារ។

លោក​បញ្ជាក់ថា​៖«យើង​អាច​វាយ​តម្លៃ​បាន​ថា ​ក្នុង​ខេត្ដ​បន្ទាយ​មាន​ជ័យ​មាន​ពលរដ្ឋ​ចំនួន​៥៣.៣ភាគរយ​នៅ​ឡើយ​ទេ​ដែល​ប្រើប្រាស់​ទឹក​ស្អាត ​ចំណែក​ពលរដ្ឋ​៤៦.៧ ​ដែល​មិនទាន់​បានប្រើ​ប្រាស់​ទឹក​ស្អាត»។

លោក​យុទ្ធារុណ ​លើកឡើង​ទាក់ទង​នឹង​ស្ថានីយ​ចែក​ចាយ​ទឹក ​រដ្ឋបាល​ខេត្ដ​មាន​គណៈកម្មការ​ប្រើ​ប្រាស់​ទឹក ​ដែល​គណៈ​កម្មការ​នេះ​បង្កើត​ឡើង​ក្នុង​សហគមន៍​ ដែល​សហគមន៍​ជាអ្នក​គ្រប់​គ្រង​ដោយ​ផ្ទាល់ ​តាំងពី​ថ្នាក់ឃុំ​ រហូត​ដល់​ថ្នាក់​ស្រុក។ គណៈ​កម្មការ​បាន​ប្រមូល​ថវិកា​ពីការ​លក់ទឹក​ទុក ​សម្រាប់​ជួសជុល​នៅពេល​ប្រព័ន្ធ​ស្ថានីយ​ចែកចាយ​ទឹក​មាន​បញ្ហា ​ឬ​ខូច​ខាត​ ព្រោះ​កាលណា​ប្រើ​ប្រាស់​ទៅ​នឹង​មាន​ការខូច​មាន​ការដាច់។

ចំណែក​ការប្រើ​ប្រាស់​ទឹក​អណ្ដូង ​រដ្ឋបាល​ខេត្ដ​ក៏មាន​គណៈកម្មការ​ប្រើ​ប្រាស់​ទឹក​អណ្ដូង​ដែរ ​ក្នុងនោះ​អ្នក​ដែល​ជាម្ចាស់​ដី​លើ​ទីតាំង​អណ្ដូង​ គឺជា​ប្រធាន​គណៈកម្មការ​ និង​ប្រមូល​ថវិកា​ សម្រាប់​មើលថែ ​និង​ជួសជុល​អណ្ដូង​នៅ​ពេល​មាន​បញ្ហា​ខូចខាត​ផ្សេងៗ។

លោក​យឹម ប៊ុនរ៉ុម ​ប្រធាន​មន្ទីរ​ធនធាន​ទឹក ​និង​ឧត្តុនិយម ​ថ្លែង​ក្នុង​សន្និសីទ​នេះ​ដែរ​ថា ​វិស័យ​ធនធាន​ទឹក​ក្នុង​ខេត្ដ​បន្ទាយ​មានជ័យ ​ក្រសួង​ធនធាន​ទឹក ​ក៏ដូចជា​រដ្ឋបាល​ខេត្ដ​ បាន​គិតគូរ​រួចជា​ស្រេច​ក្នុង​១ឆ្នាំៗ​ លើ​បរិមាណ​ទឹក​នៅតាម​អាង​ស្ដុកទឹក​នីមួយៗ​ថា ​តើ​អាង​ស្ដុកទឹក​ទាំងនោះ​អាច​ធ្វើ​ស្រែបាន​ប៉ុន្មាន​ ដំណាំ​បាន​ប៉ុន្មាន ​និង​ទឹក​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុន្មាន​ជាដើម។

លោក​ថ្លែង​ថា​៖«ដោយសារ​ការខ្លាច​ខ្វះ​ទឹក​នេះ​ហើយ​បាន​ជាយើង​មាន​ផែនការ​កំណត់ថា​ក្នុង​១ឆ្នាំ​ តើ​យើង​ត្រូវ​ធ្វើ​ស្រែ​ប៉ុន្មាន​ហិកតា ​ធ្វើ​ដំណាំ​កសិកម្ម​ប៉ុន្មាន។ បើ​ពលរដ្ឋ​ធ្វើ​ទៅតាម​ផែនការ​កំណត់​នោះ​នឹង​មិនមាន​ការខ្វះខាត​ទឹក​ប្រើ​ប្រាស់​ទេ។ អាង​ស្ដុក​ទឹក​នៅ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ទាំងអស់ ​គឺ​គ្មាន​អាងណា​មួយ​ខ្វះ​ទឹកទេ ​ហើយ​យើង​ក៏មាន​ប្រឡាយ​តូចៗ​ដើម្បី​បង្ហូរ​ជួយ​ដល់​ដំណាំ​កសិកម្ម»។​

លោក​ខេង ស៊ុម ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មានជ័យ​ថ្លែង​ក្នុង​សន្និសីទ​នេះ​ដែរ​ថា ​វិស័យ​ធនធាន​ទឹក​ ជា​ផ្នែក​មួយ​ដ៏សំ​ខាន់​ក្នុង​ការជំរុញ​ឱ្យ​វិស័យ​កសិកម្ម​មាន​ការរីក​ចម្រើន។ ឆ្នាំ២០២១​កន្លង​ទៅនេះ ​រដ្ឋបាល​ខេត្ដ​បានខិតខំ​ស្តារ ​និង​កែលម្អ​ប្រព័ន្ធ​អាង​ស្ដុកទឹក​ជាច្រើន​កន្លែង ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ការស្រោចស្រព​ដំណាំ​ស្រូវ ​និង​ដំណាំ​ផ្សេងៗ។

លោក​ឱ្យដឹង​ថា​៖«សមិទ្ធផល​នៃ​ប្រព័ន្ធ​ធារាសាស្រ្ត​ដែល​ផ្តល់​លទ្ធភាព​ក្នុង​ការស្រោចស្រព ​ទាំង​តូច​ទាំង​ធំ ​ចំនួន​៨៧ ​ក្នុង​នោះ ​បែងចែក​ជា ​ខ្នាតធំ​៦ប្រព័ន្ធ ​ខ្នាតមធ្យម​៧៥ប្រព័ន្ធ ​និង​ខ្នាតតូច​ ៦ប្រព័ន្ធ ​ដែល​ខ្នាត​ធំ​ស្រោច​ស្រព​ចាប់​ពី​ដំណាំ​បាន​៥ ០០០ហិកតា​ឡើង ​ខ្នាត​មធ្យម​ស្រោចស្រព​ក្រោម ​៥ ០០០ហិកតា ​និង​ខ្នាត​តូច​ស្រោច​ស្រព​ចាប់​ពី ​៥០០ហិកតា​ចុះ»៕