ភ្នំពេញៈ កម្ពុជា និង​ជប៉ុន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​ចំនួន​ ៤ នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ រួមមាន អគារ​រដ្ឋបាល អគារសិក្សា អគារ​បណ្ណាល័យ និង​សាលពហុបំណង​ក្រោម​ជំនួយ​ឥតសំណង​របស់​ជប៉ុន​នៅ​ទី​ ៩ ខែកុម្ភៈ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​អប់រំ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បញ្ជាក់​នា​ថ្ងៃទី​ ៨ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​ទាំង​ ៤ ​នេះ​នៅ​​ទីតាំង​នៃ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​។

ការកែលម្អ​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​វិទ្យាស្ថាន​គរុកោសល្យ​នេះ​ធ្វើឡើង​ក្រោម​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ ដែលជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ JICA​។

សេចក្តី​ប្រកាស​ព័ត៌មាន​​បញ្ជាក់ថា គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​មូលដ្ឋាន​ជា​រូបវន្ត​ចាំបាច់​សម្រាប់​វិទ្យាស្ថាន​គរុកោសល្យ​ចំនួន​ ២ ​គឺ នៅ​រាជធានី​ភ្នំពេញ និង​បាត់ដំបង ដើម្បី​ប្រែក្លាយជា​គ្រឹះស្ថាន​អប់រំ​គ្រូបង្រៀន​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល​ ៤​ ឆ្នាំ ដោយ​ពង្រីក និង​កែលម្អ​នូវ​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដែល​បម្រើ​ដល់​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ផ្តល់​សម្ភារ​ចាំបាច់​សម្រាប់​ការបង្រៀន​។

ប្រភព​ដដែល​បញ្ជាក់ថា «​តាម​ការរំពឹងទុក គម្រោង​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​បង្កើន​គុណភាព​ការអប់រំ​នៅ​បឋមសិក្សា និង​មធ្យមសិក្សា​បឋមភូមិ តាមរយៈ​ការបង្កើន​គុណភាព​របស់​គ្រូបង្រៀន​»​។

ក្រៅពី​សាងសង់​អគារ​ថ្មី​ចំនួន​ ៤​ នេះ គម្រោង​នេះ​ក៏បាន​បំពាក់​នូវ​សម្ភារ​សម្រាប់​បន្ទប់​ពិសោធន៍​វិទ្យាសាស្ត្រ បន្ទប់​កុំព្យូទ័រ និង​បន្ទប់​តន្ត្រី និង​សិល្បៈ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរៀន និង​ការបង្រៀន​។

ក្រៅពី​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​នេះ ទីភ្នាក់ងារ JICA និង​ក្រសួង​អប់រំ​ក៏បាន​ និង​​កំពុង​អនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​ការកសាង​មូលដ្ឋានគ្រឹះ​ដល់​វិទ្យាស្ថាន​គរុកោសល្យ​ទាំង​ ២ ដោយ​អភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​សម្រាប់​ការអប់រំ​បរិញ្ញាបត្រ​សម្ភារ​សម្រាប់​បង្រៀន និង​ប្រឡង​ប្រព័ន្ធ​គ្រប់គ្រង​របស់​វិទ្យាស្ថាន​ក៏ដូចជា​ការកសាង​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់​ដំឡើង​គុណវឌ្ឍិ​គ្រូបង្រៀន​។

គម្រោង​នេះ​ក៏បាន​ផ្តោតលើ​ការអភិវឌ្ឍ​សមត្ថភាព​របស់​គ្រូឧទ្ទេស រួមមាន សមត្ថភាព​ដើម្បី​ស្រាវជ្រាវ​អប់រំ និង​អភិវឌ្ឍ​កម្មវិធីសិក្សា និង​កម្មវិធី​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​ជប៉ុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​កិច្ចសហការ​ដ៏ល្អ​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​សេនាធិការ ក៏ដូចជា​របស់​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ជា​អាទិភាព​សម្រាប់​កំណែទម្រង់​ការអប់រំ​គ្រូបង្រៀន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៨ ខែកុម្ភៈ​ថា ការកែលម្អ​អគារ​ថ្មី​ចំនួន​ទាំង​ ៤​ នេះ​គឺ​ដើម្បី​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការរៀន ការបង្រៀន និង​ការគ្រប់គ្រង​វិទ្យាស្ថាន​គរុកោសល្យ​នេះ​៕