ឧត្តរមានជ័យៈ ក្រសួង​ការពារ​ជាតិ​គ្រោង​សាងសង់​ «​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​អន្លង់វែង​» ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​ ២០០ ​ក្នុងស្រុក​អន្លង់វែង​នៅ​ខែមីនា​ ខណៈ​មន្ត្រី​ថា ស្តូប​នេះ​នឹង​បង្កើត​តឹកតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ និង​បង្កើត​អត្តសញ្ញាណជាតិ ស្មារតី​ស្នេហា​ជាតិ និង​ការចូលរួម​ការពារ​ទឹកដី​។

សេចក្តី​ប្រកាស​នាយកដ្ឋាន ព័ត៌មាន​នៃ​ក្រសួង​ការពារជាតិ បញ្ជាក់​នា​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា​៖ «​ស្ដូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ អន្លង់វែង គ្រោង​នឹង​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នៅ​ថ្ងៃទី ​៩ ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​»​។

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ និង​កំណត់​ទីតាំង​សាងសង់​ស្តូប​នេះ​កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បាន​ថ្លែងថា រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្តូប​នេះ​​យូរហើយ បន្ទាប់ពី​សម្រេចបាន​នូវ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

លោក​ថ្លែងថា​៖ «​យើង​មាន​ចក្ខុវិស័យ​មួយ​គឺ​ត្រូវតែ​ធ្វើ​អ្វី​​មួយ​មិនមែន​មាន​មហិច្ឆតា​ធ្វើ​ដូច​កាលពី​សម័យ​ពី​បុរាណ​ធ្វើ​ប្រាសាទ​រាប់ម៉ឺន​នោះទេ​។ ​មិនមែន​របៀប​នឹង​ទេ តែ​នឹងធ្វើ​ក្នុង​សភាព​មួយ​បញ្ជាក់​ឱ្យឃើញថា សម័យ​តេជោ​ដែល​នាំមក​នូវ​សន្តិភាព​នេះ​គឺមាន​រឿងរ៉ាវ​ច្រើន​ដែល​ត្រូវ​បរិយាយ​ និង​បញ្ជាក់​។

មិន​ត្រឹមតែ​ដល់​ប្រជាជន​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​ពិភពលោក​ទាំងមូល​ដែល​សព្វ​​ថ្ងៃនេះ​គេ​កំពុង​ផ្ដោត​ការយក​​ចិត្ត​ទុកដាក់​លើ​សន្តិភាព​យូរអង្វែង​មួយផ្នែក ហើយ​មួយផ្នែក​ទៀត​គឺ​ការឯកភាព​ជាតិ​ដ៏​ពេញលេញ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​»​។

លោក ទៀ បាញ់ ធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​សាងសង់​ស្តូប​នេះ​កាលពី​ខែមករា​ថា ស្តូប​នេះ​គ្រោង​សាងសង់​ឡើង​ ដើម្បី​បង្ហាញ​ពី​វប្បធម៌​កតញ្ញូ​ដឹងគុណ ចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាពឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​។

លោក​ថ្លែងថា​៖ «​ថ្នាក់ដឹកនាំ​បាន​ស្វែងរក​សន្តិភាព​ដោយបាន​ចំណាយ​សាច់​ស្រស់ ឈាមស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ ដែល​បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើកដំបូង​នោះ​គឺ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​របប​ប្រល័យ​​ពូជសាសន៍ ប៉ុលពត ២០ មិថុនា​ ១៩៧៧ ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់​»​។

លោក ទៀ បាញ់ បន្ថែមថា ស្តូប​នេះ​ជា​ទីកន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខេត្ត​ឧត្តរមានជ័យ​។ លោក​ក៏​​បាន​រំឭក​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​បាន​ឆ្លងកាត់​​សង្គ្រាម​ដែល​បាន​បង្ក​ភាពមហន្តរាយ​ និង​ភាពឈឺចាប់​ខ្លោចផ្សា​របស់​ប្រជាជន​កម្ពុជា​ក៏ដូចជា​ខេត្ត​ឧត្តរមានជ័យ​ដែល​បាននិងកំពុង​បន្សល់​នូវ​ស្លាកស្នាម​នៅ​មិនទាន់​រលុប​បាត់អស់​នៅឡើយ​។

លោក ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​លោក​ ទៀ បាញ់ ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ​បាន​ថ្លែងថា មកទល់​ពេលនេះ​មាន​មនុស្ស​រាប់ពាន់នាក់​បាន​ចូលមក​សិក្សា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធាតេជោ ភ្នំ​ ២០០ នេះ ទោះបី​តំបន់​នេះ​មិនទាន់មាន​អគារ​ស្កឹមស្កៃ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​ស្តូប ឈ្នះ ឈ្នះ នៅទីនេះ​គឺ​ក្រុមការងារ​ខ្លឹម​សារបាន​ត្រៀម​ដោយបាន​កត់​ទុក​នូវ​ធាតុ​ចូល​ ​និង​ឯកសារ​ជាច្រើន​រួមទាំង​ប្រតិបត្តិករ​ដែល​ត្រូវ​រៀបចំ​ឱ្យ​​ទៅជា​ចម្លាក់​ដែល​នឹង​បង្កើត​តឹកតាង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយមក​រៀនសូត្រ​បង្កើត​នូវ​អត្តសញ្ញាណ​ជាតិ បង្កើត​នូវ​ស្មារតី​ស្នេហា​ជាតិ បង្កើត​នូវ​ការចូលរួម​ក្នុងការ​ការពារ​នូវ​បូរណភាព​ទឹកដី​»​។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​មិនអាច​ទាក់ទង​ ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ​។

វិមាន​ឈ្នះ-ឈ្នះ​បាន និង​កំពុងតែ​សាងសង់ឡើង​នៅតាម​រាជធានី​ខេត្ត​មួយចំនួន​ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ខេត្តកោះកុង ហើយ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​សាងសង់​​នៅតាម​បណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕