តាកែវៈ កម្មករ​រោងចក្រ​ដេរ​កាបូប ហាធ័រ អ៊ីនធើណេសិនណល នៅ​ភូមិ​ចោមពល ឃុំ​ពពេល ស្រុក​ត្រាំកក់​ចំនួន ៨១ ​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​ ៨ កុម្ភៈ ដែល​មន្ត្រី​ថា ការដួលសន្លប់​នេះ គឺ​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ និង​បរិយាកាស​ការងារ​មិនល្អ​នៅក្នុង​រោងចក្រ​។

អភិបាលរង​ខេត្តតាកែវ​លោក លី សា​វេត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ទទួលដំណឹង​នេះ រូបលោក និង​មន្ត្រី​អធិការកិច្ច​ការងារ​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត និង​ស្រុក​ត្រាំកក់ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះជួយ​ករណី​កម្មករ​សន្លប់​នេះ​។ ក្នុងនោះ​រកឃើញ​មាន​កម្មករ​ដួលសន្លប់​ចំនួន ៨១ ​នាក់​ដោយ​គិត​ត្រឹម​ម៉ោង ​១២ និង​ ២៣ នាទី នា​ថ្ងៃទី​ ៨ ខែកុម្ភៈ ហើយ​កម្មករ​ដែល​ដួលសន្លប់​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រកា​។

លោក​បន្តថា ក្រោយពី​បាន​សាកសួរ​ព័ត៌មាន​ពី​កម្មករ និយោជិត និង​តាមរយៈ​ក្រុមការងារ​បាន​ចុះ​អង្កេត​កន្លែងធ្វើការ​ជាក់ស្តែង​បាន​ពិនិត្យឃើញថា ការដួលសន្លប់​នេះ​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ហើយ​មានការ​គរ​សម្ភារ​ (​ផលិតផល​សម្រេច​) ​នៅ​ច្រកចេញ​-​ចូល ដែល​បណ្តាលឱ្យ​មានការ​បាំង​ខ្យល់​ចេញចូល​អគារ និង​កង្ហារ​មួយ​ចំនួន​តូច​ត្រូវបាន​ខូច​។ «​នេះ​ជា​ព័ត៌មាន​បឋម​ដែល​បាន​ចុះ​ស្រាវជ្រាវ​ដល់​រោងចក្រ ហើយ​យើង​កំពុង​សាកសួរ​ព័ត៌មាន និង​ការចុះ​អង្កេត​ថែមទៀត​»​។ ធម្មតា​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា មន្ត្រី​ជំនាញ​ចាប់ផ្តើម​ធ្វើ​អធិការកិច្ច ពីព្រោះ​រាល់​ឆ្នាំកន្លងមក កម្មករ​ភាគច្រើន​ដួលសន្លប់​នៅ​ខែមីនា មេសា និង​ឧសភា​ជា​ខែ​ដែលមាន​អាកាសធាតុ​ក្តៅ​។ លោក​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​មាន​កម្មករ​សរុប ១ ៤១៥ ​នាក់ ប្រុស ២០៦ ​នាក់ និង​មាន​ជនជាតិ​ចិន​ចំនួន ៣០ ​នាក់ ។

បើតាម​លោក លី សាវេត គណ:កម្មការ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ និយោជិត តាម​សហគ្រាស គ្រឹះស្ថាន ក៏បាន​ទៅដល់​ក្រុមហ៊ុន​នោះ​ប្រហែល​ម៉ោង ២ និង ៣០ ​នាទី​រសៀល ដើម្បី​ពិនិត្យ​ និង​ផ្តល់​អនុសាសន៍​បន្ថែម​ដល់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ដើម្បី​អនុវត្ត​បន្ត​ចៀសវាង​ការដួលសន្លប់​បែបនេះ​ម្តងទៀត​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ យល់ថា ករណី​កម្មករ​ដួលសន្លប់​ជា​រឿង​ដដែលៗ ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់​រោងចក្រ​។ លោក​ជំរុញ​ដល់​ស្ថាប័ន​ជំនាញ ពង្រឹង​ការចុះ​ធ្វើ​អធិការកិច្ច​នៅតាម​រោងចក្រ សហគ្រាស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ លោក​ថា​៖ «​អាចមកពី​មន្ត្រី​អធិការកិច្ច​របស់​យើង​នៅ​ធូររលុង ស្រប​ពេល​ដែល​ក្រុមហ៊ុន និង​រោងចក្រ​ខ្លះ​មិនសូវ​គោរព​ច្បាប់ ទើប​ធ្វើឱ្យ​មានការ​ធ្វេសប្រហែស​បញ្ហា​ហានិភ័យ​កើតឡើង​»​។

លោក​លើកឡើងថា ការដួលសន្លប់​ជា​ញឹកញាប់​អាច​នឹង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ ជាពិសេស​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន ដែលនាំឱ្យ​អ្នកបញ្ជា​ទិញ​មានការ​ពិចារណា​។

របាយការណ៍​របស់​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់​ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​និយោជិត​តាម​សហគ្រាស គ្រឹះស្ថាន (​ទ.ស.ប.ក) នៃ​របប​សន្តិសុខ​សង្គម​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ មាន​កម្មករនិយោជិត​សន្លប់​ចំនួន ៣ រោងចក្រ​មាន​កម្មករនិយោជិត​ជា​ស្ត្រី​សរុប ៣៨ នាក់ ហើយ​ភាគច្រើន​នៃ​កម្មករនិយោជិត​ដួលសន្លប់ ដោយ​ផ្តើមចេញពី​កម្មករនិយោជិត​សន្លប់​ម្នាក់ ឬ ២ នាក់​ប៉ុណ្ណោះ បន្ទាប់មក​មាន​កម្មករ​និយោជិត​បាន​ដួលសន្លប់​តៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​គេ​ហៅថា​ជា​ជំងឺ​ស្នេហ៍​ហ្វូង​។ ទ.ស.ប.ក បាន​រកឃើញ​មូលហេតុ​ចម្បងៗ​ចំនួន ៧ ចំណុច​ដែល​បណ្តាលឱ្យមាន​ករណី​ដួលសន្លប់​តាម​បណ្តា​រោងចក្រ គឺ ១- បញ្ហា​គីមី ២- បញ្ហា​រូបសាស្ត្រ ៣- បញ្ហា​ជីវសាស្ត្រ ៤- បញ្ហា​ចិត្តសាស្ត្រ​សង្គម ៥- បញ្ហា​មេកា​និក ៦- បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ និង ៧- បញ្ហា​ការងារ​បន្ថែម​ម៉ោង​ជាដើម​។

លោក ប៉ុក វណ្ណថាត ទីប្រឹក្សា​ក្រសួង​ការងារ​ និង​ជា​ប្រធាន ទ.ស.ប.ក បញ្ជាក់ថា​៖ «​ក្នុងចំណោម​បញ្ហា​ទាំងអស់ ដែល​ក្រុមការងារ​បាន​ស្វែង​រកឃើញ​ខាងលើ​នេះ គឺ​បញ្ហា​ចិត្តសាស្ត្រ​សង្គម បញ្ហា​រូបសាស្ត្រ និង​បញ្ហា​ជីវសាស្ត្រ មាន​ភាគរយ​ខ្ពស់​ជាងគេ​»៕

វីដេអូ៖