ភ្នំពេញៈ អង្គការ​ UNIDO (​អង្គការ​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល​) សហការ​ជាមួយ​រដ្ឋបាល​ជលផល​ចុះហត្ថលេខា និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ ដើម្បី​លើក​កម្ពស់ និង​ធានា​ដល់​ការកែច្នៃ​សុវត្ថិភាព​ម្ហូបអាហារ​ក្នុង​វិស័យ​ជលផល ដែល​រដ្ឋមន្ត្រី​រំពឹងថា បើ​កម្ពុជា សម្រេច​បាន​នូវ​ការច្នៃ​នៃ​ទិន្នផល​ត្រី​នោះ​នឹង​ឱ្យ​កម្ពុជា​ទទួលបាន​ចំណូល​កាន់តែ​ច្រើន​។ ពិធី​ចុះហត្ថលេខា និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៨ ​ខែកុម្ភៈ នៅ​សណ្ឋាគារ​រ៉ាហ្វល់​ឡឺរ៉ូយ៉ាល់​ភ្នំពេញ ដែលមាន​អ្នកពាក់ព័ន្ធ​មកពី​បណ្តា​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន អ្នកស្រាវជ្រាវ និង​សង្គម​ស៊ីវិល​ជាច្រើន​ចូលរួម​។

អង្គការ UNIDO បានឱ្យដឹងថា ការបង្កើត​ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​គម្រោង CAPFish បាន​រៀបចំឡើង​ដើម្បី​បង្ក​លទ្ធភាព​ដល់​អ្នកតាក់តែង​គោលនយោបាយ គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​វិស័យ​ជលផល​ជាពិសេស ការ​ស្រាវជ្រាវ​ និង​នវានុវត្តន៍​នៃ​ជលផល​ក្រោយ​ប្រមូលផល​តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​នេះ​។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល ជលផល បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ​នេះ​នឹងចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កម្ពុជា​បាន​ជួបប្រទះ​ទាក់ទង​នឹង​ការកែច្នៃ​ផ្នែក​ម្ហូបអាហារ​នេះ ខណៈ​កម្ពុជា​នៅ​មិនទាន់​មាន​ការកែច្នៃ​នេះ​ឱ្យបាន​ពេញលេញ​នៅឡើយ​។

លោក​ថា​៖ «​ចាំបាច់​ត្រូវ​រៀបចំ​ឱ្យមាន​ការបង្កើត​ភាពជា​ដៃគូ​ពី​ស្ថាប័ន​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​ធានា​ដល់​ការស្រាវជ្រាវ នវានវត្តន៍​សំដៅ​រួមចំណែក​បង្កើត​ផលិតផល និង​បច្ចេកទេស​ថ្មីៗ កាត់បន្ថយ​ថ្លៃដើម និង​បាត់បង់​ក្រោយ​ការប្រមូលផល ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ផលិតកម្ម​»​។

លោក​ ពុំ សុថា ថ្លែងថា គម្រោង CAPFish នឹង​ជំរុញ​លើកកម្ពស់​ការស្រាវជ្រាវ និង​នវានុវត្តន៍​សំដៅ​បង្កើត​បច្ចេកវិទ្យា​កែច្នៃ​ផលជលផល ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក​ និង​នាំចេញ​។ ថ្នាល​បច្ចេកវិទ្យា​នេះ​នឹង​សម្របសម្រួលការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ ឬ​កែលម្អ​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ផល​ជលផល ក្រោយ​ប្រមូលផល​ការផ្តល់​មូលនិធិ​សម្រាប់​និស្សិត​ធ្វើ​កម្មសិក្សា​និង​អាហារូបករណ៍ ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ជាដើម​។

លោក វេង សាខុន ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ស្ថាប័ន​ស្រាវជ្រាវ និង​ឧត្តមសិក្សា គឺជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជាពិសេស​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ច្នៃប្រឌិត និង​គុណភាព​នៃ​ផលិតផល​។ ការចូលរួម​ចំណែក​របស់​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុងការ​ស្រាវជ្រាវ និង​នវានុវត្តន៍​កំពុង​ឆ្លើយតប​យ៉ាង​ល្អ ចំពោះ​កំណើន​វារីវប្បកម្ម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែលមាន​អត្រា ២០% ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ទាំងនេះ​អាច​នឹង​បាត់បង់​ឱកាស ប្រសិនបើ​ធនធាន​ពី​វារីវប្បកម្ម​ទាំងនោះ​មិនត្រូវ​បាន​ដំណើរការ​ល្អ​ជាមួយនឹង​ការបន្ថែម​តម្លៃ ដើម្បី​បំពេញ​សក្តានុពល​ពេញលេញ​របស់​វា​។

លោក​ថា​៖ «​ការធ្វើ​ពិពិធកម្ម​ផលិតផល​ជលផល​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ គឺជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ជាពិសេស​ដើម្បី​គាំទ្រ​ដល់​ការនាំចេញ​ផលិតផល​នេសាទ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​»​។

លោក វេង សាខុន ថា ក្នុង​ឆ្នាំ​ ២០២១ ​កន្លងមកនេះ ទិន្នផល​ត្រី​ដែល​កម្ពុជា​សម្រេចបាន​សរុប គឺមាន​ប្រមាណ​ជាង ៨០០ ពាន់​តោន ឬ​ស្មើ ១,៧ ពាន់​លាន​ដុល្លារ នៃ​ចំនួន​ទិន្នផល​សរុប​របស់​ប្រទេស ដែល​លោក​សម្លឹង​ឃើញថា បើ​កម្ពុជា​សម្រេចបាន​នូវ​ការកែច្នៃ​ផលិតផល​ទាំងនេះ ព្រម​ទាំង​សម្រេចបាន​នូវ​ការនាំចេញ​ទៅ​ក្រៅប្រទេស​ទៀត​នោះ ទិន្នផល​ដែល​ទទួលបាន​ពី​វិស័យ​ជលផល​នេះ​នឹង​កាន់តែ​មានការ​កើនឡើង​។

លោក តែ តាំងប៉ ​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែង​ដោយ​រំពឹងថា ក្នុងពេល​ខាងមុខ​ថ្នាល​នេះ​នឹង​បាន​ចូលរួមចំណែក​ដ៏ធំធេង​ដល់​វិស័យ​ឯកជន ក្នុង​ការស្រាវជ្រាវ និង​បង្កើត​ការកែច្នៃ​ដែល​ប្រកបដោយ​សុវត្ថិភាព​លើ​ផ្នែក​ម្ហូបអាហារ​។

លោក​ថា​៖ «​គោលដៅ​របស់​ថ្នាល​នេះ គឺ​គាំទ្រ​ដល់​ផលិតផល ទិន្នផល​ក្រោយ​ប្រមូល​ផល​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​ជំនាញ​ស្រាវជ្រាវ និង​នវានវត្តន៍​របស់​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​កម្ពុជា​។ ចក្ខុវិស័យ​ថ្នាល​នេះ គឺ​នឹង​ផ្តល់​ការគាំទ្រ​ដល់​ផលិតកម្ម​អាហារ​ទាំងមូល​អ៊ីចឹង​ក្នុងនាម​វិស័យ​ឯកជន យើង​នឹង​បន្ត​ចែករំលែក​ដល់​សមាជិក​ឱ្យបាន​យល់ដឹង​បន្ថែមទៀត​ពី​ការចូលរួម ជាពិសេស​សហគ្រាស​ពាក់ព័ន្ធ​នឹង​ការកែច្នៃ​អាហារ​»៕