ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បើក​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៥៧​ រូប​ស្ដីពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ដើម្បី​បង្កើន​សមត្ថភាព​លើ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​កំពុង​បន្ត​កើនឡើង​។

វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​គ្រប់គ្រង​ពិន័យ​អំពើ​ល្មើសច្បាប់​​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​បណ្ណ​បើកបរ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ​ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ការចូលរួម​ពី​សិក្ខាកាម​មកពី​នាយកដ្ឋាន​​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ១៥ ​រូប ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​១៦ រូប ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ១៥ ​រូប ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ១១​ រូប​សរុប​ទាំងអស់​ ៥៧ ​រូប រួម​ជាមួយ​នឹង​គ្រូ​បង្គោល​ចំនួន​ ៣ ​រូប​មកពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​​សាធារណៈ និង​គ្រូ​បង្គោល​ក្រុមហ៊ុន​​ទ្រូម៉ាន់នី​ (True Money)​ ផងដែរ​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​​នគរបាលជាតិ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​​គោលបំណង​នៃ​ការបើក​វគ្គបណ្តុះបណ្តាល​នេះ មាន​ ៣​ ចំណុច គឺ​ទី​ ១​ បង្កើន​សមត្ថភាព​មន្ត្រី​នគរបាល​ចរាចរណ៍​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​លើ​ការគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ទី​ ២ បង្ហាញ​នូវ​នីតិវិធី​ប្រតិបត្តិការ​ប្រព័ន្ធ ​និង​ការប្រើប្រាស់​ឧបករណ៍​ពិន័យ​​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ទី​ ៣ វិធី​គ្រប់គ្រង​ព័ត៌មាន និង​ការរក្សាទុក​ទិន្នន័យ​នៃ​ការពិន័យ​។

មន្ត្រីនគរបាល​ពេល​ចូលរួម​បណ្ដុះបណ្ដាល​ពីថ្ងៃ​ទី​ ៧ កុម្ភៈ​។ រូបថត ក្រសួង​សាធារណការ

លោក​ថ្លែងថា​៖ «​ការរៀបចំ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​បណ្ណ​បើកបរ​ឱ្យស្រប​ទៅនឹង​ចក្ខុវិស័យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​គឺ​ការកសាង​នូវ​បច្ចេកទេស​បច្ចេកវិទ្យា​ក្នុង​ការគ្រប់គ្រង​បទល្មើស មិន​ថា

​តែ​បទល្មើស​ចរាចរណ៍​ទេ បទល្មើស​​ព្រហ្មទណ្ឌ ឬ​បទល្មើស​ផ្សេងៗ​ទៀត​នោះទេ​ក៏​អាច​រៀបចំ​ចងក្រង​បទល្មើស​​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទំនើប​ផងដែរ​»​។

លោក ប៉ែន បូរាណ បាន​ថ្លែង​អំណរគុណ​ដល់​អគ្គស្នងការ​នគរបាលជាតិ​ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​។ ជាពិសេស​ក្រុមការងារ​អគ្គស្នងការដ្ឋាន​​នគរបាលជាតិ​ដែល​បាន​ផ្តួច​ផ្តើមគំនិត​ថ្មី​ ដើម្បី​ប្រើ​បច្ចេកវិទ្យា​ថ្មី​ឱ្យទាន់​សភាពការណ៍​ទៅតាម​តម្រូវការ​របស់​សង្គម​។

លោក​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា បច្ចេកវិទ្យា​ឥឡូវ​វា​ទំនើប ដូច្នេះ​ការប្រើប្រាស់​ឧបករណ៍​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​នេះ គឺ​ត្រូវតែមាន​ការរៀនសូត្រ ប៉ុន្តែ​ខ្ញុំ​គិតថា ការរៀនសូត្រ​នេះ​គឺ​រៀន​មិនចេះចប់​នោះទេ​។ ជាពិសេស​វគ្គ​សិក្សា​នេះ គឺជា​វគ្គ​ដំបូង​ដែល​រៀន​​អំពី​ឧបករណ៍​ប្រើ​ដោយ​បច្ចេកវិទ្យា​​ដូច្នេះ​សិក្ខាកាម​ត្រូវតែ​ចេះ​បច្ចេកទេស​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ មិនអាច​ចេះ​ស្ទើរៗ​បាន​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា ការប្រើ​ឧបករណ៍​បច្ចេកទេស កាលណា​យើង​បញ្ចូល​ទិន្នន័យ​នេះ​ខុស វា​ក៏​ឱ្យ​លទ្ធផល​មក​យើង​វិញ​ខុស​ដែរ​»​។

បើតាម​លោក ប៉ែន បូរាណ តាមរយៈ​ការបណ្ដុះបណ្ដាល​នេះ​ទាមទារ​ឱ្យ​សិក្ខាកាម​ចេះ​ឱ្យបាន​ស្ទាត់​ ដើម្បីឱ្យ​​ក្លាយជា​គ្រូ​បង្គោល​ក្នុង​ការយកទៅ​បង្ហាត់​ដល់​ស្នងការដ្ឋាន​នគរបាល​​រាជធានី​-​ខេត្ត​នីមួយៗ​បន្តទៀត​។

លោក​បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាល​នេះ​ក្នុង​បំណង​បង្កើន​សមត្ថភាព​មន្ត្រីនគរបាល​ចរាចរណ៍​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នៃ​កម្មវិធី​ដក​​ពិន្ទុ​បណ្ណ​បើកបរ និង​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ​( Driver’s License Point Deduction and Fine Mobile App) ​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ (POS) ​និង​បង្ហាញ​នូវ​នីតិវិធី​ប្រតិបត្តិការ​គ្រប់គ្រង​ព័ត៌មាន រក្សាទុក​ទិន្នន័យ​នៃ​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ ដើម្បីឱ្យ​សិក្ខាកាម​ជា​មន្ត្រីនគរបាល​ចរាចរណ៍​អាច​យកទៅ​អនុវត្ត​ជាក់ស្តែង​​បាន​ផងដែរ​។

លោក​បាន​បន្តថា ការបង្កើត​កម្មវិធី Fine Mobile App នេះ​គឺជា​គំនិត​​ផ្ដួចផ្ដើម​មួយ​ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក៏ដូចជា​ការ​រឹតបន្តឹង​លើ​ការងារ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក្នុងពេល​អញ្ជើញ​ធ្វើជា​អធិបតី​សម្ពោធ​ឱ្យប្រើ​កំណាត់​ផ្លូវជាតិ​លេខ ​៧ ក្នុង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ៧​ ខែកុម្ភៈ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​គ្រាន់តែ​នៅ​ថ្ងៃទី​ ៧ ខែ​កម្ភៈ​ (១ ​ថ្ងៃ​) ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ ១២ ​លើក​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ១៣ ​នាក់ រងរបួស​សរុប​ ៨​ នាក់ ក្នុងពេលដែល​ជាង​ ១ ​ខែ មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នោះ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៧ កុម្ភៈ​ថា ក្រោយពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ជា​ប្រក្រតី​​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ ​ធូរស្រាល បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យស្លាប់ និង​របួស​មាន​ការកើនឡើង​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា ​២ ក្នុងនោះ​ទី​ ១ យើង​ត្រូវ​កែប្រែ​ឥរិយាបថ​អ្នកបើកបរ​នាពេល​បច្ចុប្បន្ន និង​ទី​ ២ យើង​ត្រូវ​បណ្ដុះ​ឥរិយាបថ​ឱ្យមាន​ការគោរព​សុវត្ថិភាព​ចរាចរណ៍ ដោយ​ចាប់ផ្ដើម​តាំងពី​កុមារ​ឡើងមក ដើម្បី​ឱ្យមាន​ឥទ្ធិពល​យូរអង្វែង​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​»៕