ភ្នំពេញៈ មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ (Sunhak Peace Prize) បានប្រកាស​ជា​ផ្លូវការ ចំពោះ​ម្ចាស់​ជយលាភី​ពានរង្វាន់​សន្តិភាព​ចំនួន​ ៣ ​ដោយ​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ ២ ​ទៀត​ត្រូវបាន​ប្រគល់ជូន​សាស្ត្រាចារ្យ​ផ្នែក​វ៉ាក់សាំង និង​ស្ថាប័ន​ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​។

​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​សាធារណរដ្ឋ​កូរ៉េ​ និង​បន្ត​ផ្សាយ​នៅ​កម្ពុជា​ស្តីពី «​ការប្រកាស​ជា​ផ្លូវការ​នូវ​ជយលាភី​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ លើក​ទី​ ៥ រួមទាំង​ពានរង្វាន់ ស្ថាបនិក​»​។

ពានរង្វាន់​នេះ​ធ្វើ​ឡើងជា​រៀងរាល់​ ២​ ឆ្នាំ​ម្តង​ និង​ផ្តោតទៅលើ​ប្រធានបទ​ផ្សេងៗ​គ្នា​ទៅតាម​ឆ្នាំ​នីមួយៗ ហើយ​សម្រាប់​ពានរង្វាន់​នៅ​ឆ្នាំ​ ២០២២ នេះ​គឺ​ផ្តោតទៅលើ​ការឆ្លើយតប​ទៅកាន់​វិបត្តិ​សុខភាព​ពិភពលោក ជាពិសេស​វិបត្តិ​កូវីដ​ ១៩​ និង​ការរៀបចំ​ការការពារ និង​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត​។

សមាជិក​គណៈកម្មការ​ជ្រើសរើស​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​លោក Yun Young-ho បានប្រកាសថា សម្រាប់​ឆ្នាំនេះ​បានផ្តល់​ពានរង្វាន់​សន្តិភាព ចំពោះ​បុគ្គល ​២ ​រូប និង​ស្ថាប័ន​ចំនួន​ ១​។ លោក​បន្តថា ពានរង្វាន់​កតញ្ញូ​ពិសេស​របស់​ស្ថាបនិក គឺ​ត្រូវបាន​ផ្តល់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ខិតខំ​កិច្ចសហប្រតិបត្តិការ​យ៉ាងមុតមាំ សម្រាប់​បុព្វហេតុ​សន្តិភាព​ពិភពលោក ហើយ​តែងតែ​ខិតខំ​ធ្វើការ​សម្រាប់​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ទៅទៀត លោក​ក៏​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅ​ឆ្នាំ​ ២០២២​។

លោក​ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺជា​វឌ្ឍនភាព​មួយ​ និង​ជា​កិច្ចការងារ​មួយ​ដ៏ល្អ ដែល​នេះ​គឺជា​ការដើរ​សម្រាប់​សេចក្តីសុខ​រមនា​ដល់​មនុស្ស​ជាតិ ហើយ​នេះ​ជា​គំរូ​សម្រាប់​សន្តិភាព​ទាំងមូល​»​។ លោក​បន្តថា បន្ថែម​ពីនេះ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​តែងតែមាន​ប្រសាសន៍ថា មនុស្សជាតិ​ទាំងអស់ គឺមាន​ភាព​ស្មើៗ​គ្នា មិន​ថា ជាតិសាសន៍​ណា​ទេ ទាំង​ពណ៌​សម្បុរ និង​សាសនា​។ លោក​គូសបញ្ជាក់ថា អ្នកទទួល​ពានរង្វាន់​ទាំង​ ៣​ នេះ​គឺជា​អ្នកដឹកនាំ​សម្រាប់ធ្វើ​ការដឹកនាំ​សន្តិភាព​ពិភពលោក​។

ពានរង្វាន់​មួយទៀត​ប្រគល់ជូន លោកស្រី​បណ្ឌិត Damo Sarah Catherine សាស្ត្រាចារ្យ​ផ្នែក​វ៉ាក់សាំង ដែល​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​សម្រាប់​ការពារ​មេរោគ​កូវីដ​ ១៩ ហើយ​លោកស្រី​តែងតែ​ខិតខំ​ស្វែងរក​មាគ៌ា​វ៉ាក់សាំង ដើម្បី​ផ្តល់ជូន​មនុស្ស​គ្រប់គ្នា ហើយ​លោកស្រី​ជឿជាក់ថា វ៉ាក់សាំង​គួរតែ​ផ្តល់​ដល់​មនុស្ស​គ្រប់គ្នា មិន​ថា​ប្រទេស​ក្រីក្រ​នោះទេ​ជាពិសេស​ជួយ​ជ្រោមជ្រែង​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​​កូវីដ ​១៩​។ លោក​បន្តថា សម្រាប់​ស្ថាប័ន​វិញ ពានរង្វាន់​បាន​ទៅលើ Gavi ដែលជា​ស្ថាប័ន​មួយ​បង្កើតឡើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទៅដល់​ការ​ផ្តល់នូវ​ប្រភេទ​វ៉ាក់សាំង​នៅលើ​ពិភពលោក ដែល​ស្ថាប័ន​នេះ រៀបចំ​ប្រព័ន្ធ​បញ្ជូន​វ៉ាក់សាំង​ទៅកាន់​ប្រទេស​នីមួយៗ និង​អភិវឌ្ឍ​ស្ថាប័ន​​កូវ៉ាក់ ដែល​នៅពេលនេះ​មាន ១៤៤​ ប្រទេស​ និង​រាប់លាន​ដូស ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទាំងអស់នោះ​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្ស៊ី តំណាងឱ្យ​កម្ពុជា​បាន​ឡើង​ថ្លែង​សុន្ទរកថា មាគ៌ា​ដើម្បី​បង្កើត​សុខសន្តិភាព ដូច​មានការ​ផ្សះផ្សា និង​កិច្ចការងារ​ដ៏លំបាក គឺ​ទាមទារ​ពេលវេលា​ដ៏ស្មុគស្មាញ ដូច្នេះហើយ​យើង​មិនអាច​បោះបង់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​បានទេ ពីព្រោះ​សន្តិភាព​នឹង​ត្រូវបាន​ប្រមូលផល​ដោយ​ការរួម​ធ្វើការ​ជាមួយគ្នា និង​បង្កើន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អនុញ្ញាត​បញ្ជាក់ថា គ្រប់​កិច្ចសហប្រតិបត្តិការ​គឺជា​គោលការណ៍​ដ៏ចម្បង សម្រាប់​ការគោរព​គ្នា​ទៅវិញ​ទៅមក អព្យាក្រឹត​នីមួយៗ ជាពិសេស​ការយល់​គ្នា ការជឿជាក់​គ្នា និង​ការបង្កើត​អន្តរ​ផលប្រយោជន៍​រវាង​ប្រទេសមួយ​ទៅ​ប្រទេសមួយ​»​។

ទាក់ទង​នឹង​ការផ្តល់​ពានរង្វាន់​សន្តិភាព​នេះ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​មានប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​តួអង្គ​សំខាន់​សម្រាប់​សន្តិភាព​នៅ​កម្ពុជា​ដោយសារ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​រាប់​ទសវត្សរ៍ ហើយ​លោក​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ធ្វើឱ្យ​កម្ពុជា​បាន​សន្តិភាព​ពេញលេញ​។ ទន្ទឹម​នឹងនោះ លោក​ក៏បាន​ចូលរួមចំណែក​ច្រើន​ផងដែរ​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ក្នុង​បេសកកម្ម​សន្តិភាព​ពិភពលោក​តាមរយៈ​អង្គការ​សហប្រជាជាតិ​»​។

បេសកជន​ពិសេស​សម្រាប់​សន្និបាត​ពិភពលោក​ឆ្នាំ ២០២២ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង សន្តិភាព និង​ការផ្សះផ្សា (២០១៥-២០១៦) ​នៃ​រដ្ឋាភិបាល​នេប៉ាល់​លោក Ek Nath Dhakal បាន​ថ្លែងថា ពានរង្វាន់​ស៊ុនហាក់​នេះ គឺ​មិនអាច​កាត់ថ្លៃ​បាន​ដែលជា​ការបូជា និង​ពលិកម្ម​នៃ​បុព្វហេតុ​សន្តិភាព​របស់​ស្ថាបនិក​ពេញ​មួយជីវិត ហើយ​យើង​មិនអាច​ធ្វើការ​ប្រៀបធៀប​ជាមួយ​ពានរង្វាន់​ផ្សេងៗ​នោះទេ​។

ជយលាភី​ម្នាក់ៗ​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់ និង​មេដាយមាស​នៅឯ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​ ២០២២ (​កិច្ចប្រជុំ​កំពូល​ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​) ​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ​ ​ពានរង្វាន់​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ២០១៣ ដើម្បី​ផ្តល់​កិត្តិយស​ដល់​បុគ្គល និង​ស្ថាប័ន​នានា​ដែល​បានរួម​ចំណែក​ដ៏អស្ចារ្យ​ដល់​សន្តិភាព និង​សុខុមាលភាព​សកល​ដែល​ទាក់ទង​ជាមួយ​កត្តា​មួយ​នៅក្នុង​កត្តា​សំខាន់​ទាំង​ ៣ ​គឺ ការអភិវឌ្ឍ មនុស្ស​ប្រកបដោយ​ចីរភាព ការដោះស្រាយ​ជម្លោះ​ ឬ​ការអភិរក្ស​អេកូឡូស៊ី​។

លោកស្រី​បណ្ឌិត​ ហាក់ ចាហាន់ មូន បាន​បង្កើត​ពានរង្វាន់​នេះ​ឡើង ដើម្បី​ឧទ្ទិស​ដល់​កេរមរតក​របស់​ស្វាមី​លោកស្រី គឺ លោក​បណ្ឌិត​ សាន់ ម៉ុង មូន ដែល​បាន​លះបង់​ជីវិត​របស់គាត់​ ដើម្បី​កសាង​វប្បធម៌​សន្តិភាព​ពិភពលោក​ក្រោម​បដា​រួមមួយ​គឺ «​យើង​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ ក្រោម​ព្រះ​តែមួយ​»៕