ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​បង្កើន​កញ្ចប់​ថវិកា​ជា​បន្តបន្ទាប់ សម្រាប់​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ តាមរយៈ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​កំណែទម្រង់​នេះ​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អាទិភាព​នានា​។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការ​លើកកម្ពស់​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ និង​គណនេយ្យភាព​សង្គម នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ លោក​ ម៉ាអុន ម៉ាអូណាត ​ប្រធាន​អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​បាន​ថ្លែងថា ក្នុង​រយៈពេល​ ២០​ ឆ្នាំ​មកនេះ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​នៅតាម​ថ្នាក់ក្រោម​ជាតិ​ និង​បាន​បង្កើន​កញ្ចប់​ថវិកា​ជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ​ ២០០២​ រដ្ឋាភិបាល​បានផ្តល់​ថវិកា​ដល់​ឃុំ-សង្កាត់​ជា​មធ្យម​ប្រមាណ ៤ ៥០០ ​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២២​ នេះ​គឺ​ផ្តល់​ថវិកា​ជា​មធ្យម​រហូតដល់​ ១២៧ ០០០ ដុល្លារ​។ រីឯ​ក្រុង-ស្រុក​នៅ​ឆ្នាំ ២០១៣ ទទួល​កញ្ចប់​ថវិកា​ជា​មធ្យម ៧ ៩០០ ​ដុល្លារ ខណៈ​ឆ្នាំ ២០២២ ទទួលបាន​ថវិកា ៥៧ ​ម៉ឺន​ដុល្លារ​។ សម្រាប់​ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​សរុប​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​ ១ ០៤៣ លាន​ដុល្លារ ក្នុង​នោះ​ផ្តល់ជូន​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​សរុប​ប្រមាណ ៦៩៧ ​លាន​ដុល្លារ ។

លោក​បញ្ជាក់ថា ការបង្កើន​ថវិកា​ជា​បន្តបន្ទាប់​នេះ ដោយសារ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​រយៈពេល ​២០ ​ឆ្នាំ​មកនេះ​។ លោក​ថា ផ្អែក​តាម​សមិទ្ធផល​រយៈពេល​ជិត ២ ​ទសវត្សរ៍​មកនេះ​បង្ហាញ​ឱ្យ​យើង​ឃើញថា កំណែទម្រង់​នេះ​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អាទិភាព​នានា​។

លោក​ថា​៖ «​ប្រការនេះ​បានរួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការលើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

បើតាម​លោក ​ម៉ាអុន ម៉ាអូណាត កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ការអភិវឌ្ឍ មូលដ្ឋាន​ជាការ​បើក​ឱកាស​ឱ្យមាន​ការចូលរួម​ពី​ពលរដ្ឋ ដោយ​អនុវត្ត​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​ ១ ​ឆ្នាំ​ ២០១០-២០២០ ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន រួមជាមួយ​ការផ្ទេរ​មុខងារ និង ធនធាន ដើម្បី​ធានា​លើកកម្ពស់​ប្រសិទ្ធភាព​គុណភាព ការអភិវឌ្ឍ​មូលដ្ឋាន និង​ការផ្តល់សេវា​ចាំបាច់​នានា​ជូន​ពលរដ្ឋ​។

ពាក់ព័ន្ធ​កំណែទម្រង់​នេះ​លោក ម៉ាអូណាត បញ្ជាក់ថា បច្ចុប្បន្ន​អង្គភាព​ច្រកចេញចូល​តែមួយ​ទូទាំង​ប្រទេស​មាន​ចំនួន ១១៤ ក្រុង-ស្រុក ខណៈ​ខេត្ត​មួយ​ចំនួន​កំពុង​បង្កើន​ការសាងសង់​នៅតាម​ស្រុក​ផងដែរ ដើម្បី​បង្ខិត​សេវា​ដល់​ពលរដ្ឋ​។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម លោក ខ្លូត ផន បាន​លើកឡើងថា គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​បានផ្តល់​សិទ្ធិអំណាច​ និង​ផ្តល់​មូលនិធិ​ដល់​ឃុំ​សង្កាត់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​។

លោក​បាន​លើកឡើងថា ការអភិវឌ្ឍ​ឃុំ​មួយ​កន្លងមក រដ្ឋាភិបាល​មិនទាន់​ទម្លាក់​មូលនិធិ​ឱ្យ​ឃុំ សង្កាត់ គឺ​មិនទាន់មាន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​នៅឡើយ​ទេ នៅ​ឆ្នាំ​ ២០០២​។ លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ឃុំ​សង្កាត់​អត់​មាន​ថវិកា​ទេ អ្វីៗ​គឺ​ក្រសួង​ស្ថាប័ន និង​រាជរដ្ឋាភិបាល​ជា​អ្នកអនុវត្ត ហើយ​ឃុំ​ខ្លះ​បាន ឃុំ​ខ្លះ​អត់​បានទេ ប៉ុន្តែ​ដល់​យើង​ធ្វើ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រោយ​ការបោះឆ្នោត ២០០២ មក ឃុំ សង្កាត់​មាន​មូលនិធិ​ផ្ទាល់ខ្លួន ហើយ​មកដល់​ឥឡូវ​មូលនិធិ​នេះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​កើន ដែល​យើង​អាច​សម្រេច និង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​បាន​ច្រើន​»​។

អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អង្គការ Internews លោក​ ម៉ៃ ទិត្យថារ៉ា ដែល​រៀបចំ​កម្មវិធី​បាន​ថ្លែងថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គួរផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ការអភិវឌ្ឍ និង​កញ្ចប់​ថវិកា​ដល់​អ្នក​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​តម្លាភាព គណនេយ្យភាព​សង្គម និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចុះផ្សាយ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន ដើម្បី​ជា​ប្រយោជន៍​រួម​។ លោក​ថា​៖ «​ព័ត៌មាន​ទាំងអស់​មិនត្រូវ​លាក់បាំង​ទៀត​ទេ ត្រូវតែ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​។ ឧទាហរណ៍​ថា តើ​ឃុំ​នោះ​ទទួលបាន​ថវិកា​ប៉ុន្មាន ហើយ​អ្វី​ដែលជា​គម្រោង​អាទិភាព​របស់គាត់ អ៊ីចឹង​គាត់​ត្រូវ​បិទ​នៅ​សាលាឃុំ​ដើម្បីឱ្យ​ពលរដ្ឋ​បានទទួល​ព័ត៌មាន​»​។

ក្នុង​វេទិកា​នោះដែរ ភាគី​គណៈកម្មាធិការ​ជាតិ​សម្រាប់ អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏បាន​ស្នើឱ្យ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន ​និង​នៅតាម​គោលដៅ​ឱ្យបាន​ច្រើន ខណៈ​អ្នកសារព័ត៌មាន​បានស្នើ​សុំ​កិច្ចសហការ​ពី​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្តល់​ព័ត៌មាន​សម្រាប់​ការចុះផ្សាយ​។

សម្រាប់​សំណើ និង​មតិយោបល់​ដែល​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នោះ ភាគី​គណៈកម្មាធិការ​ជាតិ​សម្រាប់​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ក្រុម​អ្នកសារព័ត៌មាន​បាន​សន្យា​នឹង​ជួយ​គ្នា​ទៅវិញទៅមក​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន​៕