សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំណើរការ​ជួស​ជុល​ព្រះពុទ្ធបដិមា​ចំនួន​ ៣ ​អង្គ​បន្ថែមទៀត នៅ​រួតបាកាណ​នៃ​ប្រាសាទអង្គរវត្ត បន្ទាប់ពី​ ១ ​អង្គ​បានធ្វើ​ការជួសជុល​រួចរាល់​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។ អ្នកជំនាញ​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​បញ្ជាក់ថា ការជួសជុល​នេះ​អាច​នឹង​ប្រើពេល​ ៥ ​ខែ​ ឬ​លើសពីនេះ​។

លោក​ សយ សុភារិន្ទ មន្ត្រីបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិអប្សរា​បានឱ្យដឹងថា មន្ត្រី​ជំនាញ​កំពុងដំណើរការ​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន​ ៣ ​អង្គ​បន្ថែមទៀត នៅ​រួត​បាកាណ​នៃ​ប្រាសាទ​អង្គរវត្ត​។ ដំណើរការ​ជួសជុល​ព្រះពុទ្ធ​បដិមា​ចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២២ ហើយ​គ្រោង​ប្រើ​ពេលវេលា​ជួសជុល​ចំនួន​ ៥ ​ខែ​។

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា គម្រោង​ជួសជុល​ព្រះពុទ្ធ​បដិមា​ខាងលើ​មាន​ការសហការ​គាំទ្រ​គំនិត​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ថវិកា​ពី​លោកស្រី សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០ អ្នកជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះ​ពុទ្ធបដិមា ១ ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​ដែលមាន​ការខូចខាត​ទ្រុឌទ្រោម​។

លោក​ សយ សុភារិន្ទ បញ្ជាក់ថា មូលហេតុ​នាំឱ្យ​ព្រះពុទ្ធ​បដិមា​នៅ​រួត​បាកាណ រង​ការខូចខាត​ទ្រុឌទ្រោម ដោយសារ​កត្តា​ធម្មជាតិ ទីកន្លែង​មាន​ជ្រាប​ទឹក ទឹក​ហូរ​ច្រោះ មាន​ទឹកនោម និង​លាមក​សត្វ​ប្រចៀវ​ច្រើន​។ ដូច្នេះ​ក្រុម​ការងារ​ធ្វើការ​រើ​សំណាញ់​ចាស់​ចោល ដើម្បី​ជំនួស​នូវ​សំណាញ់​ថ្មី​ដែល​សង្ឃឹមថា ប្រចៀវ​នឹង​មិនអាច​ចូលទៅ​ទំ​នៅ​ទីតាំង​ខាងលើ​បាន​ទៀតឡើយ​។

លោក​ថា ព្រះពុទ្ធ​រូប​ទាំង​ ៣​ អង្គ​នោះ គឺជា​ថ្មភក់ ដែល​ចាស់​បុរាណ​បាន​យកទៅ​បិទ​ភ្ជាប់​តាម​ទ្វារ​ទាំង​ ៤ ​ទិស​នៃ​ប្រាសាទ​អង្គរវត្ត មាន​កាយវិការ​ជា​អភ័យមុទ្រៈ​។ ព្រះ​ពុទ្ធរូប​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់ ដែល​អ្នកជំនាញ​គិត​អំពី​ម្រាក់ ដោយសារតែ​ផ្ទាំង​ម្រាក់​ផ្ទាត់​របក​ចេញពី​ផ្ទៃ​ថ្ម​ដែល​គ្រប​លើ​ព្រះពុទ្ធ​រូបនោះ​។

លោក​ថ្លែងថា​៖ «​ម្រាក់​ហ្នឹង​មិនមែន​មានតែ​នៅលើ​ដងខ្លួន​របស់​ព្រះពុទ្ធ​រូប​ទេ គឺមាន​ផ្ទៃ​សងខាង​ទៀត​ដែល​រាបស្មើ​ជុំវិញ​ព្រះអង្គ​ហ្នឹង ហើយ​ម្រាក់​ហ្នឹង​ចាប់ផ្តើម​ផ្ទាត់​ចេញ​។ អ៊ីចឹង ខ្លះ​របក​ជ្រុះ​មកក្រោម​អ៊ីចឹងទៅ​។ ឥឡូវ​ហ្នឹង ការជួសជុល គឺ ទប់ស្កាត់ ហានិភ័យ​របស់​ម្រាក់ ដែល​របក​ចេញពី​ផ្ទៃ​ថ្ម ផ្ទៃ​ខ្លួន​ព្រះអង្គ​»​។

លោក​ថា ការជួសជុល​នេះ​គឺត្រូវធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​ម្រាក់​ផ្ទាត់​របក​ចេញពី​ថ្ម​បន្ថែមទៀត​។ ចំណែក​កន្លែង​ដែល​របេះ​របក​ចេញ​ហើយ​នោះ​ត្រូវ​រក​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​សង្កត់​ផ្តិត​ផ្ទាំង​ម្រាក់​នោះ​ឱ្យ​ដិត​ជាប់​ទៅនឹង​ផ្ទៃ​ថ្ម​វិញ​។ ម្រាក់​នោះ​ក៏ត្រូវ​បាន​គេ​លាប​លើ​កំបោរ​បាយអ​ដែល​កំពុង​ចាប់ផ្តើម​ពុកផុយ​ជ្រុះ​ផងដែរ​។ ដូច្នេះ អ្នកជំនាញ​ត្រូវការពារ​ដោយ​រក​វិធី​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យ​កំបោរ​បាយអបន្ត​របេះ​ពុកផុយ​តទៅទៀត​។

លោក​ប្រាប់ថា ម្រាក់​មាន​ ២ ​ប្រភេទ ដែល​ជាន់ទី​ ១ គឺជា​ម្រាក់​ពណ៌​ខ្មៅ​។ នៅ​ពីលើ​ម្រាក់​ពណ៌ខ្មៅ​នោះ​មាន​ម្រាក់​ពណ៌​ក្រហម​មួយទៀត​។ មាន​កន្លែង​ខ្លះ​ត្រូវបាន​គេ​បិទ​ទឹកមាស​ពីលើ ប៉ុន្តែ​កន្លែង​ទឹកមាស​បាន​របក​ជ្រុះ​អស់​នៅ​សល់តែ​កន្លែង​មួយចំនួន​។ ឥឡូវ​ក្រុមការងារ​កំពុង​សម្អាត​កន្លែង​ដែលមាន​ស្នឹម​ផ្សែង​ទៀនធូប និង​ទឹកនោម​ប្រចៀវ​ហូរ​ជ្រាប​។

លោក​ថ្លែងថា​៖ «​នៅលើ​ម្រាក់​ពណ៌​ខ្មៅ​មាន​ស្នឹម ដូចជា​ស្នឹម​ផ្សែង​ធូប​ផ្សែង​ទៀន មាន​ក្តាំងធូលី ក្តាំង​ដី កំណក​អំបិល អាចម៍​ប្រចៀវ ទឹកនោម​ប្រចៀវ វា​ហូរ​ដាន​ជាប់​នៅលើ​ផ្ទាំង​ម្រាក់​ហ្នឹង​។ អ៊ីចឹង​យើង​សម្អាត​ស្នឹម​ខ្មៅ​ដែល​បង្កឡើង​ដោយ​ផ្សែង​ធូប​ទៀន ហើយ​និង​អាចម៍​ប្រចៀវ ទឹកនោម​ប្រចៀវ​អី ដែល​ហូរ​ជ្រាប​កាត់ម​កលើម្រាក់​ហ្នឹង យើង​កាត់ចេញ សម្អាត​ចេញ​ឱ្យអស់​»​។

បើតាម​មន្ត្រី​បច្ចេកទេស​រូបនេះ ការជួសជុល​អាច​នឹង​មិន​ចប់​ទៅតាម​ពេលវេលា​កំណត់​នោះទេ​។ ព្រោះ​ការធ្វើ​នេះ​ទាមទារ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ត្រូវ​ធ្វើតេស្ត​សាកល្បង​អំពី​សារធាតុ​ដែល​ត្រូវ​យកមក​ធ្វើ​ផង ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ដល់​ពណ៌​ដើម​នៃ​ព្រះ​ពុទ្ធរូប​។

លោក​ថ្លែងថា​៖ «​ការធ្វើ​ហ្នឹង​យើង​កំណត់​ពេលវេលា​មិន​បានទេ ព្រោះនេះ​ជាការ​ងារ​មួយ​ត្រូវ​ប្រុងប្រយ័ត្ន​ណាស់​។ អានេះ​យើង​គិត​មើល​តាំងពី​សតវត្សរ៍​ទី​ ១៥​ មក យើង​ប្រហែស​មិន​បានទេ តែ​ធ្វើ​ខុស​មិន​បានទេ​។ អ៊ីចឹង​យើង​ទាមទារ​ពេលវេលា ព្យាយាម និង​មាន​ការអត់ធ្មត់​ខ្ពស់​»៕