ភ្នំពេញៈ ​សាលាឧទ្ធរណ៍​ភ្នំពេញ​​នៅ​ថ្ងៃទី ​៨ ​កុម្ភៈ​បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​បុរស​ម្នាក់​​ក្នុង​សំណុំរឿង​ជួញដូរ​ភ្លុក​ដំរី​ជាង​ ៣ ​តោន​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មក​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​សមត្ថកិច្ច​គយ​កម្ពុជា​ឆែក​ឃើញ​នៅក្នុង​ទូកុងតឺន័រ​កាលពី​ថ្ងៃទី​ ៩ ឧសភា ឆ្នាំ​ ២០១៤ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង-​ខេត្ត ព្រះសីហនុ​។

នៅ​ចំពោះមុខ​ជនជាប់ចោទ​ម្នាក់​ក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក​ចៅក្រម សួស សំអាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សមាសភាព​ចៅក្រម​ ៣ ​រូប និង​មាន​លោក តាន់ សេណារ៉ុង ជា​តំណាង​មហាអយ្យការ​នោះបាន​អាន​អង្គ​ហេតុថា កាលពី​ថ្ងៃទី​ ៩ ឧសភា ឆ្នាំ​ ២០១៤ សាខាគយ និង​រដ្ឋាករ​ប្រចាំខេត្ត​ព្រះសីហនុ​បាន​ស្គែន​ទូ​កុងតឺន័រ​មួយ​នៅ​​ក្នុង​កំពង់ផែ​ក្រុង-ខេត្ត​ព្រះសីហនុ ហើយ​បាន​រកឃើញ​ភ្លុក​ដីរី​កប់​បន្លំ​ជាមួយ​គ្រាប់​សណ្តែក​។

លោក​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​គយ​ឆែក​ឃើញ​ភ្លុក​ដំរី​ចំនួន​ ១០៨ ​ដុំ ស្មើនឹង ៧៧៦ ​ដើម​ទម្ងន់​ ៣ ០០៨ ​គីឡូក្រាម​មក កម្លាំង​គយ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ការស្រាវជ្រាវ​រកឃើញ​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​មួយ​ឈ្មោះ ​រេហូបូសខេមបូឌាខូអិលធីឌី (Reho Both Cambodia Co,Ltd) ​ពាក់ព័ន្ធ​នឹង​ជំនួញ​ភ្លុកដំរី​នោះ​ដែលមាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ខាន់ ស៊ីនិត ភេទ​​ប្រុស អាយុ​ ៤១ ​ឆ្នាំ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បើក​សវនាការ និង​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ១៣​ ធ្នូ ឆ្នាំ​ ២០១៦ ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៣ ​ឆ្នាំ ប៉ុន្តែ​តុលាការ​បង្គាប់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ១ ​ឆ្នាំ រីឯ​ទោស​ ២ ​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់​ចំនួន​ ៥០ ​លាន​រៀល​ចូលក្នុង​ថវិការដ្ឋ​។ ​ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ លោក ខាន់ ស៊ីនិត បាន​ប្តឹង​ជំទាស់​មកកាន់​សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ១២ ​មករា ឆ្នាំ​ ២០១៧​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​​ទី​ ៨ ​កុម្ភៈ លោក ខាន់ ស៊ីនិត បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា លោក​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Reho Both Cambodia ហើយ​បម្រើសេវា​ទទួលបញ្ញើ​ទំនិញ​។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​មួយ​នាំចូល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ហើយក៏​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លោក​ដែរ​។ ​តាមរយៈ​ការងារ​នេះ ក្រុមហ៊ុន​មួយ​នោះបាន​ពឹង​លោក​ឱ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សម្រាប់​នាំ​ទំនិញ​ (​លិខិត​រត់ការ​គយ​) ​ហើយ​ពេលខ្លះ​លោក​បាន​ចុះហត្ថលេខា និង​បោះ​ត្រាទុក​ឈ្មោះ​ក្រុមហ៊ុន​របស់លោក​ទុកចោល​សម្រាប់​ឱ្យ​ក្រុមហ៊ុន​នោះ​ប្រើប្រាស់​ផង​។ ការធ្វើ​បែបនេះ​ក៏ដោយ​មានការ​ជឿទុកចិត្ត​គ្នា​ក្នុងនាម​ជា​អ្នករកស៊ី​ជាមួយគ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​​ខ្ញុំ​ឃើញ​នៅលើ​លិខិត​ចូលទៅ​យក​ទំនិញ​ភ្លុក​ដំរី​នោះ​មានឈ្មោះ​ក្រុមហ៊ុន​របស់ខ្ញុំ​ទៅវិញ​។ ​បែបនេះ​ហើយ​ទើប​​ខ្ញុំ​មិន​សុខចិត្ត ហើយ​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​។ ​ខ្ញុំ​សូម​ចៅក្រម​លើកលែង​បទ​ចោទ​នេះ​ដល់​ខ្ញុំ​ផង​»​។

លោក តាន់ សេណារ៉ុង តំណាង​មហាអយ្យការ​សន្និដ្ឋាន​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា តាមរយៈ​ចម្លើយ​របស់​ជនជាប់ចោទ​ឆ្លើយបំភ្លឺ​ក្នុង​សវនាការ​ពេលនេះ​នៅ​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​តាមផ្លូវ​ច្បាប់​ទេ​។

ហេតុដូច្នេះ​លោក​ស្នើសុំ​ដល់​ជនជាប់ចោទ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​ដាក់ជូន​លោក​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ដើម្បី​សិក្សា​ឱ្យបាន​ល្អិតល្អន់​លើ​សំណុំ​រឿងនេះ​។

លោក​បាន​ថ្លែងថា​៖ «​សំណុំ​រឿងនេះ តុលាការខេត្ត​ព្រះសីហនុ​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ ៣ ​ឆ្នាំ ហើយ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ១​ ឆ្នាំ និង​ព្យួរ​ ២ ​ឆ្នាំ​។ បើ​គាត់​គ្មាន​ឯកសារ​អ្វី​បំភ្លឺ​បន្ថែម​ទេ​​ខ្ញុំ​សូម​តម្កល់​សាលក្រម​របស់​តុលាការខេត្ត​ព្រះសីហនុ​នៅ​ដដែល​»​។

ក្រោយ​ជំនុំជម្រះ​ជិត​ ១​ ម៉ោង​មក លោក​ចៅក្រម​ សួស សំអាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នៃ​សំណុំរឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២២៕

វីដេអូ៖