ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៣​ នាក់​ទៅ​តុលាការ ក្រោយពី​បាន​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ ខណៈ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់ខ្លួន ៤ ​នាក់​បន្ថែមទៀត​។

អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៣​ នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​ ៥ កុម្ភៈ បន្ទាប់ពី​ចាកចេញ​ពី​កន្លែង​ធ្វើតេស្ត​យក​សំណាក​កូវីដ​ ១៩ ​នៅ​កោះពេជ្រ ដែល​ការឃាត់ខ្លួន​នេះ​គឺធ្វើឡើង​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ពាក់ព័ន្ធ​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​​ជំងឺ​កូវីដ​ ១៩ ដោយយោង​លើ​មាត្រា​ ១១ នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​កូវីដ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ កុម្ភៈ​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់ ស្នងការ​នគរបាល​រាជធានី​បានសម្រេច​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​តុលាការ​នៅ​ថ្ងៃទី ​៨ កុម្ភៈ​។ លោក​ថា​៖ «៣​ នាក់​នេះ គឺមាន​ឈ្មោះ ជួប ចាន់ណាត ឈ្មោះ សេង វណ្ណារិទ្ធ និង​ឈ្មោះ សៅ សម្បត្តិ​»​។

ជាមួយ​គ្នានេះ លោក សាន សុខសីហា ​ក៏បាន​ឱ្យដឹងទៀតថា សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក និង​តាម​ចាប់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ​ចំនួន​ ៤ ​នាក់​បន្ថែមទៀត ដែលមាន​ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា​, អេង ស្រីបូ​, ម៉េង កាន់នីកា និង​ឈ្មោះ ម៉េង ចន្តា បន្ទាប់ពី​បានទទួល​ដីកា​បញ្ជា​របស់​ព្រះរាជអាជ្ញារង​លោក សេង ហៀង ពាក់ព័ន្ធ​នឹង​បទល្មើស​ដូចគ្នា​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ថ្លែង​នៅ​ថ្ងៃទី​ ៨ ​កុម្ភៈ​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។

ជាមួយ​គ្នានេះ អតីត​បុគ្គលិក​ដែល​ត្រូវបាន​សមត្ថកិច្ច​ប្រកាស​តាម​ចាប់ខ្លួន​ទាំង ៤ ​នាក់​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា ពួកគេ​មិនបាន​គេចវេះ​ពី​ការចូល​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​នោះទេ ហើយក៏​ប្រកាស​ចូលខ្លួន​តាម​ដីកាកោះ​ក្រោយ​ធ្វើ​ចត្តាឡីស័ក​រួចរាល់​តាម​វិធាន​សុខាភិបាល​។

អ្នកនាង អេង ស្រីបូ ជា​អតីតបុគ្គលិក​ម្នាក់​ក្នុងចំណោម​ ៤ ​នាក់ ដែលមាន​ឈ្មោះ​ក្នុង​ដីកាកោះ​បាន​លើកឡើងថា ពួកគេ​ក្នុង​ពេលនេះ​គឺ​កំពុង​បន្តធ្វើ​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​បន្ទាប់ពី​ទទួលបាន​លទ្ធផល​អវិជ្ជមាន ដោយ​មិនមាន​ចេតនា​គេចវេះ​ដូច​ការចោទប្រកាន់​នោះឡើយ​។

អ្នកនាង​បញ្ជាក់ថា​៖ «​ក្នុងការ​ចុះផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន និង​ទូរទស្សន៍​មកលើ​ការ​ស្វែងរក​ចាប់ខ្លួន ហើយ​ខ្ញុំ​ផ្ទាល់​នឹង​ទំនាក់ទំនង​ទៅ​ចូលខ្លួន​ស្រាយ​បំភ្លឺ​នៅ​តុលាការ​។ ខ្ញុំ​សូម​បញ្ជាក់ដែរថា តាំងពី​ថ្ងៃទី​ ៣ ខែ​ ១ រហូតដល់​ថ្ងៃទី​ ៦ ខែ​ ២ ខ្ញុំ​មិនបាន​ចូលរួម​ធ្វើ​កូដកម្ម​ទេ ដោយសារ​មានធុរៈ​ផ្ទាល់ខ្លួន​។ ខ្ញុំ​បានធ្វើ​តេស្ត​រហ័ស​ដោយ​លទ្ធផល​អវិជ្ជមាន​ហើយ​ខ្ញុំ​ជាប់​ធ្វើ​ចត្តាឡីស័ក​តាម​ក្រសួង​។ ខ្ញុំ​នឹង​កាន់​ដីកា​របស់​ព្រះរាជអាជ្ញា​ចូលខ្លួន​ទៅតាម​ការកំណត់​»​។

នៅ​ថ្ងៃទី​ ៨​ កុម្ភៈ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ-​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក៏​ប្រកាស​ដែរ​ថា ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ចំពោះ​អ្នក​ដែល​ «​អវិជ្ជមាន​» ​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន ៧ ​ថ្ងៃ និង ៣ ​ថ្ងៃ​ទៀត​ក្នុង​ការរង់ចាំ​លទ្ធផល​ពី​ម៉ាស៊ីន PCR សរុប​គឺមាន​រយៈពេល ១០ ​ថ្ងៃ​។ សហជីព​នេះ​បញ្ជាក់ថា ក្រោយពេល​បញ្ចប់​ធ្វើ​ចត្តាឡីស័ក អតីត​កម្មករ​ទាំងអស់​នឹង​បន្ត​ធ្វើការ​តវ៉ា​បន្តទៀត​ ដើម្បីឱ្យ​មានការ​ដោះលែង​តំណាង​របស់ខ្លួន និង​ឱ្យ​ក្រុមហ៊ុន​ទទួល​កម្មករ​ចូលធ្វើការ​វិញ​។

ការចោទប្រកាន់ និង​ការឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំងនេះ​ធ្វើឡើង​ក្រោយពី​គណៈកម្មការ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ថ្នាក់​រាជធានី​បញ្ជា​ឱ្យ​ពួកគេ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រមូលផ្ដុំ​ធ្វើបាតុកម្ម ហើយ​តម្រូវឱ្យ​ពួកគេ​មក​ធ្វើ​សំណាក​រក​វីរុស​កូវីដ​ ១៩ ក្រោយពី​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង ១ ​ករណី​លើ​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ​។

គិត​ត្រឹម​ថ្ងៃទី​ ៧ ​កុម្ភៈ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ភ្នំពេញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​រហូតដល់​ទៅ ៤១ ​នាក់​ក្នុងចំណោម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៥៤៦​ នាក់​ដែល​បាន​ទៅធ្វើ​តេស្ត​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ក្រុមបាតុករ​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ឱ្យ​គោរព​នូវ​វិធានការ​សុខាភិបាល និង​ចូលរួម​យក​សំណាក​ឱ្យបាន​ទាន់​ពេលវេលា ចៀសវាង​ជំងឺ​កូវីដ​ ១៩ ឆ្លង​រាលដាល​ចេញពី​ការដែល​មិន​ស្ដាប់​តាម​ការណែនាំ ដែល​ប្រឈម​នឹង​ការអនុវត្ត​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

ក្នុង​បទសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ពេល​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ លោកស្រី​ វណ្ណឌីន ​បញ្ជាក់ថា​៖ «​ជំងឺ​កូវីដ​ ១៩ ឆ្លង​មិនមាន​ព្រំដែន​កំណត់​ទេ ដោយ​មិន​រើស​ក្រុម ឬ​បក្ខពួក​នោះទេ ពោល​ឆ្លង​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ ខ្ញុំ​សុំ​ថា មិនត្រូវ​ប្រើប្រាស់​បញ្ហា​ចម្លង​​កូវីដ​នេះ សម្រាប់​ជា​ប្រយោជន៍​ក្រុម​របស់ខ្លួន ឬ​សម្រាប់​នយោបាយ​របស់ខ្លួន​នោះទេ ព្រោះ​បញ្ហា​នេះ គឺ​ប៉ះពាល់​ដល់​អាយុជីវិត​»៕

វីដេអូ៖