កំពង់ស្ពឺៈ គ្រាប់​យុទ្ធភណ្ឌ​ចម្រុះ​ចំនួន​ ៤ ៤៤៩ ​គ្រាប់​ត្រូវបាន​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​ធ្វើការ​កម្ទេចចោល​នៅ​ថ្ងៃទី​ ៨ ​កុម្ភៈ បន្ទាប់ពី​ពលរដ្ឋ​កាយ​ដី​ប្រទះ​ឃើញ និង​មានការ​ចុះមក​រាវរក​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក​នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​។

លោក ម៉ម អាន អធិការរង​ស្រុក​ឱរ៉ាល់​ឱ្យដឹងថា អាវុធ​យុទ្ធភណ្ឌ​ចម្រុះ​ចំនួន​ ៤ ៤៤៩​ គ្រាប់​ដែល​ពលរដ្ឋ​ប្រទះឃើញ​នោះ​ត្រូវបាន​មន្ត្រី​អង្គភាព​កម្ចាត់​គ្រាប់មីន​ស៊ីម៉ាក់​ធ្វើការ​កម្ទេចចោល​ហើយ​នៅ​ថ្ងៃទី​ ៨ ​កុម្ភៈ ហើយក៏​ទទួលបាន​សុវត្ថិភាព និង​មិន​រំខាន​ដល់​ពលរដ្ឋ​ឡើយ​។​ «​គ្រាប់​ទាំងនោះ​មាន​មួយចំនួន​នៅមាន​គុណភាព​អាច​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បាន​»​។

លោក​បន្តថា នៅ​តំបន់​ក្នុងស្រុក​ឱរ៉ាល់​កាលពីមុន គឺជា​តំបន់​ទាហាន​ខ្មែរក្រហម​ឆ្លងកាត់ និង​តំបន់​ខ្លះ​ជា​បន្ទាយ​បណ្តោះអាសន្ន​របស់​ខ្មែរក្រហម​។ ហេតុ​ដូច្នេះហើយ​បាន​ជាមាន​គ្រាប់​នៅ​សេសសល់​ខ្លះ​កប់​ក្នុង​ដី​។

លោក នៅ ណន នាយប៉ុស្តិ៍​នគរបាល ឃុំ​ត្រពាំងជោរ ឱ្យដឹង​នៅ​ថ្ងៃទី​ ៨​ កុម្ភៈ​ថា ចំពោះ​គ្រាប់​ទាំងនោះ​មាន​គ្រាប់ AK57 ចំនួន​ ១០ ​កេះ ស្មើនឹង​ ៤ ៤០០ ​គ្រាប់​គ្រាប់ DK82 ចំនួន​ ១៩​ គ្រាប់ និង​គ្រាប់ឡង់​ចំនួន​ ៣០ ​គ្រាប់​។ គ្រាប់ DK57 និង​គ្រាប់ DK82 នេះ​គឺជា​ប្រភេទ​គ្រាប់កាំភ្លើង​ដែល​ទាហាន​ប្រើ​សម្រាប់​បាញ់​បុក​ដែល​អាច​បាញ់​រថយន្ត ឬ​រថក្រោះ​បាន​ដូចគ្នា​។

បើតាម​លោក​នៅ ណន កាលពី​ថ្ងៃ​ទី​ ២៣​ មករា បុរស​ជា​កសិករ​ម្នាក់​បាន​កាយ​ដី​នៅក្នុង​បរិវេណ​ដីឡូត៍​ជា​លក្ខណៈ​ដី​លំនៅឋាន​របស់​គាត់ ហើយក៏​ប្រទះឃើញ​កេះ​គ្រាប់កាំភ្លើង AK57 ចំនួន​ ១០​ កេះ​។ ក្រោយពី​ប្រទះឃើញ​គ្រាប់​មក កសិករ​រូបនោះ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​របស់លោក ហើយ​លោក​បាន​រាយការណ៍​បន្ត​ទៅ​លោក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱរ៉ាល់​ដើម្បី​ចុះ​ស្រាវជ្រាវ​។ បន្ទាប់ពី​កម្លាំង​នគរបាល​ស្រុក​ឱរ៉ាល់​ចុះ​ពិនិត្យ​មក​ក៏​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំខេត្ត​កំពង់ស្ពឺ​ហើយ​មន្ត្រី​ស៊ីម៉ាក់​បាន​ចុះ​រាវរក​ឃើញ​ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី​ ១៩ ​មករា ដល់​ ២៣ ​មករា និង​ថ្ងៃទី ​៧ ​កុម្ភៈ​។ «​យើង​តែងតែ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​ភូមិ​ក្នុង​ឃុំ​របស់​យើង​ដល់​ពលរដ្ឋ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​។ បញ្ហា​នេះ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ជា​ហូរហែ​មក ពលរដ្ឋ​ក៏​មិនឃើញ​ជួបប្រទះ​គ្រោះថ្នាក់​ដោយ​សំណល់​គ្រាប់​ដែរ​»៕