ភ្នំពេញៈ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១៥ ខែកុម្ភៈ បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​ជួរ​ភ្នំក្រវាញ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ខណៈ​នៅ​តំបន់​មាត់សមុទ្រ អាកាសធាតុ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​។

បើតាម​សេចក្តី​ជូនដំណឹង​ក្នុង​អំឡុង​ពេលនេះ ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​បង្កើន​ឥទ្ធិពល​ពី​ខ្សោយ​ទៅ​មធ្យម​មកលើ​ប្រទេស​កម្ពុជា​ ខណៈ​ឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នៅ​មិនទាន់​អស់​ឥទ្ធិពល​នៅឡើយ​។ តាម​ការពិនិត្យ​អង្កេត​ឥទ្ធិពល​ទាំង​ ២​ នេះ​អាច​បង្កើតបានជា​ចំណុចប្រសព្វ​នៃ​ធាតុ​ក្ដៅ និង​ធាតុ​ត្រជាក់​ដែល​នឹង​បណ្ដាលឱ្យមាន​ភ្លៀង​ធ្លា​ក់ដោយ​អន្លើ ។

ផ្អែក​តាម​ស្ថានភាព​ខាងលើ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ព្យាករ​ថា​៖ «​បណ្តា​រាជធានី-​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ខណៈ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹងមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​»​។

តាមរយៈ​ការព្យាករ​នោះ មន្ត្រី​ជំនាញ​ផ្នែក​ឧតុនិយម​ក៏បាន​បញ្ជាក់​អំពី​ស្ថានភាព​អាកាសធាតុ​ផងដែរ​ថា ក្នុងអំឡុង​ពេលនេះ បណ្ដា​រាជធានី-​ខេត្ត​ក្នុង​តំបន់​វាលទំនាប​កណ្ដាល តំបន់​ជួរ​ភ្នំក្រវាញ ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ​ទៅ​ ២៦ ​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​ពី​ ៣៣ ​ទៅ​ ៣៦ ​អង្សាសេ​។ ចំណែក​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២ ​ទៅ​ ២៥ ​អង្សាសេ​ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​ ២៧ ​ទៅ​ ៣០ ​អង្សាសេ​គឺមាន​ភាពល្អ​ជាង​បណ្ដា​ខេត្ត​ក្នុង​តំបន់​វាលទំនាប តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​៕