ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ លោក នេត វន្ថា នៅ​ថ្ងៃទី ​០៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ម្ចាស់​អាជីវកម្ម រោងចក្រ សហគ្រាស និង​ក្លិប​កម្សាន្ត​នានា​នៅ​ទូទាំងប្រទេស​បង្កើន​ការយកចិត្ត​ទុកដាក់​អំពី​បញ្ហា​គ្រោះ​អគ្គិភ័យ​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​មាន​គ្រោះ​អគ្គិភ័យ​ចំនួន​ ៦ ​ករណី​បាន​កើតឡើង​ផ្ទួនៗ​គ្នា​កាលពី​ចុង​សប្ដាហ៍​មុន នៅក្នុង​រាជធានី ខេត្ត​ចំនួន​ ៥​ រួមមាន រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និង​ខេត្តកំពត ដោយបាន​បង្ក​ឱ្យ​មនុស្ស​ ៥ ​នាក់​រងរបួស​ធ្ងន់​ និង​ស្រាល ព្រមទាំង ឆេះ​ខូចខាត​ផ្ទះ រោងចក្រ ទូក​ទេសចរណ៍ និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​។

លោក​ថ្លែងថា​៖ «​អគ្គិភ័យ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​មួយ ដែល​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ផងដែរ​»​។

លោក ​វន្ថា បាន​ថ្លែងថា ករណី​គ្រោះ​អគ្គិភ័យ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ នៅ​ចំណុច​ផ្ទះល្វែង​មួយ​ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​បាន​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ ៥ ​នាក់​រងរបួស​ធ្ងន់​ និង​ស្រាល និង ខូចខាត​ផ្ទះ​អស់​ ១ ​ល្វែង ព្រមទាំង​ទ្រព្យសម្បតិ្ត​ជាច្រើន​ទៀត ដែល​ករណីនេះ បណ្ដាលមកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​។

នៅ​ថ្ងៃ​ដដែល​នេះ នៅឯ​ភូមិ-ឃុំ​តាស្ដា ស្រុក​សំពៅលូន ខេត្តបាត់ដំបង​វិញ​ក៏មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង​ខូចខាត​សម្ភារ​មួយចំនួន​ផងដែរ​។

លោក​បាន​បន្តថា កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​ផ្ទួនៗ​គ្នា​នៅក្នុង​ខេត្ត​ចំនួន​ ៣ គឺ ខេត្តតាកែវ កំពង់ឆ្នាំង និង កំពត​។ ក្នុងនោះ​ករណី​នៅ​ខេត្តតាកែវ​បាន​កើតឡើង​វេលា​ម៉ោង ៤:៣០ ​នាទី​រសៀល​នៅ​រោងចក្រ​កែច្នៃ​ប្រេងម៉ាស៊ីន​ពី​សម្បក​កង់​ចាស់ៗ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​ផ្សារ​ត្រាំខ្នា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​សូភី ស្រុក​បាទី ខាងកើត​ផ្លូវជាតិ​លេខ​ ៣ ដោយបាន​បង្ក​ការខូចខាត ស៊ីទែន​សម្រាប់​ផ្ទុក​ប្រេងម៉ាស៊ីន ចំនួន​ ២ ហើយ​ករណីនេះ បណ្ដាលមកពី «​កំហុស​បច្ចេកទេស​» ​នៃ​ការរៀបចំ​ដំឡើង​ឡ ឬ ម៉ាស៊ីន​ចម្រាញ់​ប្រេង​ម៉ាស៊ីន​ពី​ការដុត​សម្បក​កង់ឡាន​ចាស់ៗ​នោះ មិនបាន​ត្រឹមត្រូវ​តាម​មាត្រដ្ឋាន​បច្ចេកទេស​។

បើតាម​លោក វន្ថា ក្នុងខណៈពេល​ដូចគ្នា​នោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ក៏មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ផងដែរ នៅ​ចំណុច​ភូមិ​កំពង់បាស្រូវ ឃុំ​ជលសា ស្រុក​ជលគិរី ខេត្តកំពង់ឆ្នាំង ដែល​បាន​បង្កឱ្យមាន​ការឆេះ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៦​ ខ្នង​។ គ្រោះ​អគ្គិភ័យ​នោះ​បណ្ដាលមកពី​ករណី​ «​ផ្ទុះ​កំប៉ុង​ហ្គាស​តូច​» ក្នុងពេល​ដាំ​ស្ល​។ ចំណែក​ករណី​នៅឯ​ខេត្តកំពត​វិញ គឺ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨:៤០​នាទី​យប់ មាន​ករណី​ឆេះ​ទូក​ទេសចរណ៍​១​គ្រឿង ឈ្មោះ វីបូឡា ដែល​កំពុង​ចត​នៅក្បែរ​ផែទូក​មួយ​នៅ​ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត បណ្ដាលឱ្យ​ខូចខាត​យ៉ាង​ដំណំ​។ ករណីនេះ​ត្រូវបាន​រកឃើញ បណ្ដាល​មកពី​ការ «​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ពី​ម៉ាស៊ីន​» ​ទៅ​កន្លែង​ទីធ្លា​ខាងលើ​ទូក សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត ប៉ុន្តែ​សំណាងល្អ​គ្មាន​ភ្ញៀវទេសចរ​នៅលើ​ទូក​។ កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ លោក ពៅ ចាន់ធឿន អាយុ ៣៧ ​ឆ្នាំ ដែលជា​ម្ចាស់​ទូក​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​ទទួលស្គាល់​ថា ភាពខ្វះ​ចន្លោះ​នៃ​ការត្រួតពិនិត្យ ខ្សែបណ្ដាញ​អគ្គិសនី​នៅលើ​ទូក និង​ពី​ម៉ាស៊ីន​ទូក​នាំឱ្យ​មាន​ការខាតបង់​ទ្រព្យសម្បត្តិ ដែល​ខំ​រក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ប្រឹងប្រែង​តាំងពី​នៅ​ជា​កម្មករ​ទូក​រហូត​ដល់​សន្សំ​ប្រាក់​ទិញ​ទូក​បើកមុខ​របរ​ដោយ​ខ្លួនឯង ប៉ុន្តែ​គ្រោះ​អគ្គិភ័យ​តែមួយ​ប៉ប្រិចភ្នែក ដែល​កើតចេញពី​ភាពខ្វះខាត​ក្នុង​ការត្រួតពិនិត្យ​ខ្សែបណ្ដាញ​អគ្គិសនី​បាន​ធ្វើឱ្យ​ខ្ញុំ​ខាតបង់​ប្រាក់​ជិត​ ២ ​ម៉ឺន​ដុល្លារ​»​។

យ៉ាងណា​ក៏ដោយ​លោក​បាន​សម្ដែង​ការដឹងគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា កងកម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ ដែល​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទូក​ទេសចរណ៍​របស់គាត់ ពី​គ្រោះ​អគ្គិភ័យ​នោះ​គឺ​ខូចខាត​ប្រមាណ​ត្រឹមតែ​ ៤០ ​ភាគរយ​ប៉ុណ្ណោះ​៕