កំពតៈ ​នគរបាល​ព្រហ្មទណ្ឌខេត្តកំពត បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ​៩ កុម្ភៈ បន្ទាប់ពី​ចាប់ខ្លួនបាន ​១​ ថ្ងៃ ក្នុង​សំណុំរឿង​ប្លន់​ហើយ​រំលោភ​សេពសន្ថវៈ​កាលពី​ឆ្នាំ​ ២០២១​ នៅ ក្នុងភូមិប្រ​ភ្នំ ឃុំប្រ​ភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត​។​

លោក លក ញ៉ា​វ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត កំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៩ កុម្ភៈ​ថា ជនសង្ស័យ​ឈ្មោះ អ៊ឹង កប ភេទ ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ព្រែក​កើ​ស ស្រុក កំពង់ត្រាច ខេត្ត កំពត​។ ជនសង្ស័យ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត កំពង់ស្ពឺ សហការ​ជាមួយ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៨​កុម្ភៈ នៅ​ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ​។​

លោក​ថ្លែងថា​៖«​ការងារ​នេះ​យើង​បាន​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តកំពង់ស្ពឺ និង​ពី​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។ ជនសង្ស័យ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកំពត​នៅថ្ងៃនេះ​ហើយ​(​ថ្ងៃទី​៩​កុម្ភៈ​)​។ គាត់​ជាប់​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​រំលោភ​សេពសន្ថវៈ​»​។​

លោក​រំឭក​ប្រាប់ថា កាលពី​ថ្ងៃទី​១៨ តុលា ឆ្នាំ ២០២១ ជនសង្ស័យ​បាន​ចូល​ប្លន់​នៅផ្ទះ​ជនរងគ្រោះ​ម្នាក់​ក្នុងភូមិ ប្រ​ភ្នំ ឃុំ ប្រ​ភ្នំ ស្រុក អង្គរជ័យ ខេត្ត កំពត​។ ក្នុង​អំពើ​ប្លន់​នោះ​ជនសង្ស័យ​យកបាន​លុយ​ខ្មែរ​មួយចំនួន​មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី​ឈ្មោះ​ម​.​ស អាយុ ១៣​ឆ្នាំ និង​បង​បង្កើត​របស់​នាង​ឈ្មោះ​ម​.​ណ អាយុ​១៧​ឆ្នាំ​ហើយ​រត់​គេចខ្លួនបាត់​ចាប់តាំងពី​ថ្ងៃ​នោះមក​។​

លោកស្នងការ​ង ថ្លែងថា ក្រោយពី​ជនសង្ស័យ​រត់គេចខ្លួន​មក​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល ខេត្ត កំពត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​ហើយ​លោក​លាង សំណាត់ ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង ខេត្តកំពត​បានចេញ​ដីកា​នៅ​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០២១​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ឹង កប ម្នាក់នេះ​។​

លោក​បន្តទៀតថា បន្ទាប់​មាន​ចំណាត់ការ​ពី​តុលាការ​មក​ត្រូវបាន​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ដាក់​បញ្ជា​ដល់​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​របស់លោក​។ ដោយមាន​ការសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយមាន​កិច្ច​សុំ​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​រហូត​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ថ្ងៃទី​៨ កុម្ភៈ ឆ្នាំ​២០២២​នៅ​ខេត្តកំពង់ស្ពឺ​។​

ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​យ៉ាងណា​នោះ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទាក់ទង​លោក ម៉ាន់ បូ​រេ​ត អ្នកនាំពាក្យ​តុលាការខេត្ត កំពត នៅ​ល្ងាច​ថ្ងៃទី​៩​កុម្ភៈ តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន​៕