ភ្នំពេញៈ ប្រជា​ពលរដ្ឋ​នៅ​សហ​គមន៍​តា​តុ​ក ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ​ចំនួ​ន ៣៥​ គ្រួសារ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍ​ប្រឡាយ​៣​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សា​លា​រាជធានី​ភ្នំពេញ​នៅថ្ងៃទី ៩​ កុម្ភៈ​ ដើម្បី​តាម​ដាន​លិខិត​ស្នើសុំ​កា​រអភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​បាន​ស្នើសុំ​​កន្លង​មក​។

អ្នក​ស្រី ប៉ៅ ស្រី​ម៉ៅ តំ​ណាង​សហគ​ម​ន៍តា​តុ​កបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៩ ​កុម្ភៈ​ថា ​កន្លង​ទៅ​ រាជរដ្ឋាភិបា​ល​បានប្រ​កាស​ពី​គម្រោង​អភិ​វឌ្ឍ​ន៍ប្រឡាយ​៣​នេះ ហើ​យ​កា​រអភិវឌ្ឍ​នេះនឹង​មាន​ផល​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួក​គាត់​ដែល​មាន​ចំនួន​៣៥​ខ្នង​ផ្ទះ ដែល​រស់​នៅ​តាម​បណ្តោយ​ប្រឡាយ​នេះ​ទេ។​

បន្ថែម​ពីនេះ​អ្នក​ស្រី​បាន​អះអាង​ថា ​កន្លង​មក​សហ​គម​ន៍​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​​ទៅដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​តាំង​ពី​ឆ្នាំ២០១៩​មក​ម៉្លេះនិង​ស្នើសុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ​ប៉ុន្តែ​ពុំមាន​ការឆ្លើ​យត​ប​ជា​វិជ្ជមាន​ណា​មួយ​នៅឡើយ ទើ​ប​ពល​រដ្ឋ​សម្រេច​ចិត្ត​ប្រមូល​ផ្តុំគ្នា​ដើម្បី​តាម​ដាន​លិខិត​ស្នើ​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ជាថ្មី​ទៀត​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖«ដី​ពួក​ខ្ញុំ​គឺ​នៅ​មាត់​ប្រឡាយ​ទេ​មិន​មែន​នៅលើ​ប្រឡាយ​ទេ។ប្រជា​ពលរដ្ឋ​ខ្ញុំ​មិន​ចង់​បាន​អី​ទេ​គឺ​ចង់​បាន​ការរស់នៅ​កន្លែង​ដដែល​មិន​ចង់​ដោះដូរ​ទៅ​ណា​ទេ​បើ​មានការ​អភិវ​ឌ្ឍ​ណា​មួយ​នៅ​ប្រឡាយ​នេះ។យើង​បារម្ភ​ណាស់​នៅ​គ្រប់​តំបន់​កន្លែង​ណា​ក៏​គេ​មាន​ប្លង់​ តែ​កន្លែង​ខ្ញុំ​នេះ​គឺ​មិន​មាន​ប្លង់​ទេ​ ខ្ញុំ​សុំ​កុំ​ឲ្យ​មាន​ការ​ដោះដូរ​ពួក​ខ្ញុំ​ទៅណា​មក​ណា​ទៀត»។

អ្នកស្រី អឹម សារឿន ដែ​លជា​ពល​រដ្ឋ​ម្នាក់​ទៀត​បាន​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ទាំង​៣៥​គ្រួសារ​នេះ ​បានរស់​នៅ​លើ​ប្រឡាយ​៣នេះ​តាំង​ពី​អំឡុង​ឆ្នាំ១៩៨០​ ហើយ​មក​ទល់​បច្ចុប្បន្ន​អាជ្ញា​ធរ​នៅតែ​មិន​ទាន់​ចេញ​ប្លង់​កាន់​កាប់​ដីធ្លី​ជូន​នៅឡើ​យ​ទេ។​ដូច្នេះ​អ្នក​ស្រី​ស្នើ​សុំឱ្យ​សាលា​រាជធានី​ភ្នំពេញ​ឆ្វៀល​ដី​ទំហំ​ជាង​៤​ពាន់​ម៉ែត្រ​ការ៉េ​ពី​ប្រឡាយ​នេះ​ដើម្បីឱ្យ​ពលរ​ដ្ឋ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​។

លោក​ អៀង ​វុទ្ធី ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​បាន​ថ្លែង​ថា ​ការស្នើ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​គឺជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ដែល​​អាច​មាន​សិទ្ធិ​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ហើយ​ការអ​ភិវឌ្ឍ​បែបនេះ​ក៏​ធ្លាប់​បាន​ធ្វើ​នៅ​តំបន់​ផ្សេងៗ​រួចម​ក​ហើយ។​ដូច្នេះ​លោក​យល់​ថា​អាជ្ញាធរ​ពាក់ព័​ន្ធ​គួរតែ​ស្វែងរក​លទ្ធភាព​ផ្តល់នូវ​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​បាន​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​កុំ​បន្ត​អូស​បន្លាយ​កាន់​តែ​យូរ​ទៀត​ ព្រោះ​ករណីនេះ​ពលរដ្ឋ​បានស្នើ​សុំ​ជា​យូរ​ឆ្នាំ​មក​ហើយ។​

លោក​បាន​បញ្ជាក់​ថា៖«ពលរដ្ឋ​គាត់​ច្បាស់​ជាមាន​ការ​ព្រួយ​បារម្ភ​ហើយ​ដែល​រដ្ឋាភិ​បាល​គួរតែ​ផ្តល់​ដំណោះ​ស្រាយ​កាន់តែ​ឆាប់​កាន់​តែ​ល្អ​ដល់​ពួក​គាត់។​បើ​ស្ថិតក្នុ​ង​ស្ថាន​ភាព​បែបនេះ​​គឺ​ពលរដ្ឋ​ពិបាក​ក្នុង​ការរស់នៅ​ហើយ​ប៉ះពាល់​ទៅដល់​អារ​ម្មណ៍​និង​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ព្រោះ​ផ្ទះ​របស់​ខ្លួន​គ្មាន​ការ​ទទួល​ស្គាល់​តាមផ្លូ​វ​ច្បាប់»។​

លោក ​ម៉េ​ត មាស​ភក្តី​ អ្នកនាំ​ពាក្យ​សា​លា​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៩ កុ​ម្ភៈ​ថា ​លោក​បាន​ដឹង​ពី​ការ​មក​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​នេះ ប៉ុន្តែ​ដោយ​សារតែ​ជាប់រវល់​ លោក​មិនទាន់​បាន​លម្អិត​និង​សិក្សា​ពី​ករណីនេះ​បានទេ​ដោយ​សុំ​ពេល​ពិនិត្យ​ឯក​សារ​និង​ការស្នើ​របស់​ពល​រដ្ឋ​ជាមុន​សិន​មុននឹ​ង​ធ្វើការ​​ឆ្លើយ​តប។​

លោក​បាន​បញ្ជាក់​ថា៖«យើង​ដឹង​តែ​ថា​មាន​ប​ងប្អូន​យើង​ទៅ​ដាក់​ញត្តិ​ដែល​មិន​ទាន់​ច្បាស់​ថា​រឿង​អី។អ៊ីចឹ​ង​ទេ​ខ្ញុំ​សុំ​ពិនិត្យ​ខ្លឹមសារ​ញត្តិ​និង​ការចង់​បានរ​បស់បង​ប្អូន​យើង​សិន​បាន​ខ្ញុំ​អាច​ឆ្លើយថា​យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ណា។សុំ​ចាំ​សិន»​៕