មណ្ឌលគិរីៈ អភិបាល​ស្រុក​អូររាំង ​លោក​ សៀក មុន្នី ​ទទួលស្គាល់​ថា ​បានប្រមូល​ទិញ​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​កំពុង​កាន់កាប់ ​និង​អាស្រ័យ​ផល ​មាន​ទីតាំង​នៅ​ឃុំ​សែនមនោរម្យ ​ស្រុក​អូររាំង ​ជាច្រើន​ហិកតា​ សម្រាប់​លោក​ឧកញ៉ា​ ស្រី​ ចន្ធូ ​ប្រាកដមែន ​ប៉ុន្តែ​តាម​រយៈ​ស្នើ​សុំ​វិនិយោគ​មិន​មែន​បំពាន​ដី​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ទេ។

លោក​សៀក មុន្នី ​ថ្លែង​នៅ​ថ្ងៃទី៨ ​ខែកុម្ភៈ ​ថា ​ពិតជា​បានទិញ​ដី​នៅ​ភូមិសាស្ត្រ​ស្រុក​អូររាំង​ជូន​លោក​ឧកញ៉ា​ស្រី ចន្ធូ ​ប្រាកដ​មែន​នោះ ​បន្ទាប់ពី​លោក​ឧកញ៉ា​ស្រី ចន្ធូ ​ចេញ​មុខ​បញ្ជាក់​ថា ​ការប្រមូល​ទិញដី​ជាច្រើន​ហិកតា ​នៅ​ខេត្ត​មណ្ឌល​គិរី ​គឺធ្វើ​ឡើង​ដោយ​ចំហ​តាមរយៈ​លោក​ សៀក មុន្នី។ ប៉ុន្តែ​ការប្រមូល​ទិញ​នេះ​ គឺ​មិនមាន​ប៉ះពាល់​ដល់​ការរំលោភ​បំពាន​ពលរដ្ឋ​ណា​ម្នាក់​ឡើយ។

លោក​ថ្លែងថា​៖«ធម្មតា​យើង​ជាអាជ្ញាធរ​ គាត់​[ស្នើសុំ​យើង] ​ខ្ញុំ​ឃើញ​ឃ្លោងឃ្លា​ដែល​លោក​ឧកញ៉ា​បញ្ជាក់​ហ្នឹង ​គឺ​ចង់​មាន​ន័យថា​ គាត់​បាន​ទិញ​ពិតប្រាកដ​មែន ​ព្រោះ​គាត់​ស្នើ​សុំ​វិនិយោគ​ដែរ។​ មាន​ន័យថា ​គាត់​ស្នើសុំ​មក​យើង​ ស្នើសុំ​ផ្ទេរ​សិទ្ធិ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ឥឡូវ​ដី​ហ្នឹង​រដ្ឋបាន​ដក​ហូត​វិញ​អស់​ហើយ ​មិនមែន​តែ​ដី​គាត់​ឯណា ​គឺ​គ្រប់​កន្លែង»។

លោក​អភិបាល​ស្រុក​អូររាំង​ធ្លាប់​បាន​បក​ស្រាយ​ថា ​នៅ​ចន្លោះ​ឆ្នាំ ២០១៨ ​លោក ​ឧកញ៉ា ​ស្រី ចន្ទ ​បានទិញ​ដី​នៅ​ភូមិ​ពូរ៉ាង ​ជាង​៥០០ហិកតា ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ចិញ្ចឹម​គោ​យក​ទឹក​ដោះ។ ពេល​នោះ ​រដ្ឋបាល​ស្រុក​អូររាំង​មិនទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ផ្ទៃដី​ផ្ទាល់​ខ្លួន ​ទើប​ធ្វើឱ្យ​មាន​ការពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​ព្រំប្រទល់​ម្ចាស់ដី ​ទំហំ​ផ្ទៃដី​ទាំង​អស់​ក្នុង​ស្រុក​អូររាំង ​ដែល​ប្រជាពលរដ្ឋ​បាន​លក់​ ផ្ទេរ​កម្មសិទ្ធិ ​ទៅឱ្យ​ឈ្មួញ ​និង​អ្នកទិញ​ផ្សេងៗ​ទៀត។

លុះ​ក្រោយ​មក​ នៅ​ចុង​ឆ្នាំ២០១៨ ​រដ្ឋបាល​ស្រុក​អូររាំង ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដី​ផ្ទាល់ខ្លួន​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការកំណត់​ប្រភេទ​ដី​ទាំងអស់ ​ដែល​ប្រជាពលរដ្ឋ​បានលក់ ​ឬ​ផ្ទេរ​កម្មសិទ្ធិ។ ដូច្នេះ ​នៅចុង​ឆ្នាំ​ដដែល​នេះ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ ​បាន​ប្រមូល​គ្នា​លក់​ដី​ទៅឱ្យ​ឧកញ៉ា​ស្រី ចន្ទ ​មាន​ប្រមាណ​ជាង​៥០០ហិកតា ​ដែល​ដីទាំង​នេះ​បាន​មក​ពី​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ពូរាំង។ ចំពោះ​ដី​ដែល​បានលក់​ទៅឱ្យ​ឧកញ៉ា ​ស្រី ចន្ទ ​នោះ ​កន្លែង​ខ្លះ​ត្រូវ​គេ​ទិញ​លក់ ​២​ទៅ​៣ដង ​ផង​ដែរ។

លិខិត​បំភ្លឺ​របស់​លោក​ឧកញ៉ា​ស្រី ចន្ធូ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី៨ ​ខែកុម្ភៈ ​ឱ្យដឹងថា​ អំឡុង​ឆ្នាំ​២០១២ ​រហូត​ដល់​ឆ្នាំ២០២០​ លោក​បាន​ប្រមូល​ទិញ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​កំពុង​កាន់កាប់ ​និង​អាស្រ័យ​ផល ​មាន​ទីតាំង​នៅ​ឃុំ​សែនមនោរម្យ ​ស្រុក​អូររាំង​ ខេត្ត​មណ្ឌលគិរី​ជាច្រើន​ហិកតា។ ការប្រមូល​ទិញនេះ​បាន​ធ្វើឡើង​ជាចំហ ​តាមរយៈ​លោក ​សៀក មុនី ​អភិបាល​ស្រុកអូររាំង ​និង​បានបង់ពន្ធ​ប្រថាប់​ត្រា​ត្រឹមត្រូវ ​ក្នុង​គោល​បំណង​រៀបចំ​ជាមូលដ្ឋាន​វិនិយោគ ​ជាពិសេស​លើ​វិស័យ​កសិកម្ម។

លោក​បញ្ជាក់ថា​៖«ក្រោយ​ពេល​ប្រមូល​ទិញ ​និង​ទូទាត់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​រួច ​ខ្ញុំ​បានស្នើ​សុំ​ចុះបញ្ជី​ដី ​ដោយ​មាន​អាជ្ញាធរ​ដែនដី ​និង​មន្ត្រី​ពាក់​ព័ន្ធ​ជាមួយ​ជំនាញ​សុរិយោដី ​ចុះ​វាស់វែង ​និង​ចេញ​បង្កាន់​ដៃ​ឱ្យ»។

លោក​ថា ​ទន្ទឹមគ្នា​នឹង​ការចុះ​បញ្ជី​ដី​នេះ ​លោក​បានរៀបចំ​ឯកសារ​ដាក់​ជូន​អភិបាល​ស្រុក​អូររាំង ​សុំ​បង្កើត​កសិដ្ឋាន ​7 Ranch Cambodia ចិញ្ចឹម​គោ ​សេះ ​ចៀម ​ពពែ ​និង ​បានរៀបចំ​ការដ្ឋាន​នេះ​ឡើង ​ហើយ​ក៏​បានដាក់​លិខិត​ជូន​អភិបាល​ខេត្ត​មណ្ឌល​គិរី ​ស្នើសុំ​ការគាំទ្រ​លើ​គម្រោង​ ផែនការ​វិនិយោគ​លើ​វិស័យ​អប់រំ ​និង​កសិកម្ម។ មាន​ការសាងសង់​សំណង់​ស្ថានីយ​បង្កាត់​ពូជសត្វ ​បន្លែ​ផ្លែឈើ ​និង​រុក្ខជាតិ​ផ្សេងៗ ​វិនិយោគ​លើ​វិស័យ​កសិ-​ទេសចរណ៏ ​ វិស័យ​កីឡា ​និង​លំនៅឋាន​អ្នក​ចូល​និវត្តន៍​ជាដើម។ ​

លោក​ថ្លែងថា​៖«ទាំង​អស់​នេះ​បញ្ជាក់​ច្បាស់​ថា ​ខ្ញុំ​បានចូល​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​ដែល​បានប្រមូល​ទិញ​នេះ​ធ្វើ ឡើង​ដោយ​សុចរិត​ ដឹង​ឮ​ជា​សាធារណៈ ​និង​កាន់កាប់​ក្នុង​នាម​ជាម្ចាស់ ​ដោយ​មិនបាន​ដឹង​ថា ​ដីនេះ​ជាដី​របស់​រដ្ឋ​នោះ​ទេ ​ហើយ​បើ​ដឹង​ថា​ដី​នេះ​ជាដី​របស់​រដ្ឋ​ នោះ​ប្រាកដ​ជា​ខ្ញុំ​មិន​ចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដាក់​វិនិយោគ​លើ​ទីតាំង​ដី​នេះ​ដែរ»។

លោក​គ្រើង តុលា ​អ្នកប្រឹក្សា​យោបល់​ក្រុម​ការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី ​ថ្លែង​នៅ​ថ្ងៃទី៩ ​កុម្ភៈ​ថា ​អ្វីជា​ការកត់​សម្គាល់​របស់​លោក ​គឺ​ខុស​ពី​អ្វី​ដែល​អាជ្ញាធរ​ស្រុក​អូររាំង​បានលើក​ឡើង។ ព្រោះ​បើ​តាម​ការដែល​លោក​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​បង្ហាញ​ថា ​ពលរដ្ឋ​ពិតជា​បានលក់​ដី​មួយចំនួន​មែន ​ប៉ុន្តែ​មិនបាន​លក់​ទៅ​ឱ្យ​ឈ្មោះ ​ស្រី ចន្ធូ​ នោះ​ទេ។ ការលក់​នោះ​ទៀត​សោត​ក៏​មិន​មាន​ចំនួន​ច្រើន​រយ​ហិកតា​នោះ​ដែរ។

លោក​ថ្លែងថា​៖«ពលរដ្ឋ​គាត់​ទទួល​ស្គាល់​ថា ​គាត់​លក់​មែន​ ១ហិកតា​ ២ហិកតា ​លក់មែន​ ប៉ុន្តែ​មិនដល់​៤១ ​ឬ​៤២ហិកតា​នោះ​ទេ។ អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​មាន​ការស្រាវជ្រាវ​បន្ត​ទៀត ​និង​មាន​វិធានការ​ក្នុង​ការសិក្សា​ឡើង​វិញ​ថា​ តើ​ រឿង​ហ្នឹង​ពិតជា​ព្រជាពលរដ្ឋ ​អ្នកលក់​ឬ ក៏​ស្រី ​ចន្ធូ​ ហ្នឹង​គាត់​អ្នក​រំលោភ ​ឬ​មួយ​ថា ​មាន​ការឃុប​ឃិត»។

លោក​តុលា​បញ្ជាក់​ថា ​ដើម្បី​បង្ហាញ​ពី​តម្លាភាព ​និង​ប្រាកដថា ​មិនមាន​ការឃុបឃិត​ជាប្រព័ន្ធ​ក្នុង​រឿងដី​ធ្លីនៅ​ស្រុក​អូររាំង​នេះ ​អាជ្ញាធរ​ខេត្ត​គួរតែ​ធ្វើការ​និរាករណ៍​ប្លង់​ទាំង​អស់​ដែល​មាន​ឈ្មោះ​របស់​លោក​ឧកញ៉ា​ស្រី ចន្ធូ​។ លោក​ថា ​បើ​អាជ្ញាធរ​ខេត្ត​មិនបាន​និរាករណ៍​ប្លង់​ទាំង​នោះ​ចោល​ទេ​មាន​ន័យថា ​អាជ្ញាធរ​ពិតជា​មាន​ការឃុប​ឃិត​ជាប្រព័ន្ធ​មិន​ខាន។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌគិរី​បាន​ទេ ​នៅ​ថ្ងៃទី៩ ​ខែកុម្ភៈ​នេះ ​ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​បញ្ជាក់ថា​ អាជ្ញាធរ​ខេត្ត​នឹង​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់​ណាមួយ​លើ​នរណា​ម្នាក់៕

វីដេអូ៖