ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា​ក្រសួង​អប់រំ​បាន​និង​កំពុង​អភិវឌ្ឍ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​ឱ្យ​ស័ក្ដិសម​ជា​កន្លែង​អប់រំ​គ្រូបង្រៀន​ប្រកប​ដោយ​គុណភាព​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បរិក្ខារ​បង្រៀន​ និង​រៀន​ព្រមទាំង​ការធ្វើ​ទំនើបកម្ម​វិធីសាស្ដ្រ​បង្រៀន​ឱ្យស្រប​តាម​បរិបទ​សតវត្សរ៍​ទី​ ២១ ដើម្បី​ធានាថា​គរុសិស្ស​មាន​មូលដ្ឋាន​រឹងមាំ ក្នុង​ការបង្រៀន​បន្ត​ដល់​សិស្ស​នូវ​ចំណេះដឹង​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​គុណភាព​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ​អូន ព័ន្ធមុនីរ័ត្ន ថ្លែង​បែបនេះ ក្នុង​ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ និង​សមិទ្ធផល​នានា​នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ស្ថិតនៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី ​៩ កុម្ភៈ​។ លោក​ថា ក្រសួង​អប់រំ​បាននិង​កំពុង​អភិវឌ្ឍ​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ដែល​រួមមាន វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ សាលាគរុកោសល្យ​ និង​វិក្រឹតការ​ខេត្ត សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម និង​គ្រឹះស្ថាន​បណ្តុះបណ្តាល គ្រូ​ដទៃទៀត​លើ​គ្រប់​ទិដ្ឋភាព​។

លោក​បញ្ជាក់ថា​៖ «​អភិវឌ្ឍ​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​នេះ​គឺ​ដើម្បី​ស័ក្តិសម​ជា​កន្លែង​អប់រំ​គ្រូបង្រៀន​ប្រកបដោយ​គុណភាព ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បរិក្ខារ​បង្រៀន និង​រៀន ព្រមទាំង​ការធ្វើ​ទំនើប​កម្មវិធី​សាស្ត្រ​បង្រៀន កម្មវិធី​បណ្តុះ​បណ្តាល និង​គរុកោសល្យ ឱ្យស្រប​តាម​បរិបទ​នៃ​សតវត្សរ៍​ទី​ ២១ ក្នុង​គោលដៅ​ធានាថា គរុសិស្ស គរុនិស្សិត​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ការបង្រៀន​បន្ត​ដល់​សិស្សានុសិស្ស​នូវ​ចំណេះ​ទូទៅ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​»​។

លោក ​អូន ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា កន្លងមក​ក្រសួង​អប់រំ​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ស្ដីពី​ការអភិវឌ្ឍ​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​បាន​បង្កើត​គណៈកម្មការ​កំណែទម្រង់​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ក្រសួង​បាន​ប្រែក្លាយ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់ដំបង​ទៅជា​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​។

ខេត្តបាត់ដំបង​បាន​ផ្ទេរ​ការគ្រប់គ្រង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​សាលា​អនុវត្ត​នៅតាម​ខេត្ត​ឱ្យមក​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ និង​បាន​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅតាម​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​ចំនួន​ ១១​ ទីតាំង ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​យូណេស្កូ និង​ការគាំទ្រ​ថវិកា​ពី​មូលនិធិ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​។

​លោក​ថ្លែងថា នៅ​ថ្ងៃទី​ ៩ កុម្ភៈ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី-​ភ្នំពេញ ដែលមាន​អគារសិក្សា ការបំពាក់​សម្ភារ​សិក្សា​ទំនើប និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ស្អាត ស្របតាម​ស្ដង់ដា​នៃ​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន​គឺជា​ការចាប់ផ្តើម​ដ៏មាន​អត្ថន័យ ដែល​នឹង​ជួយ​ជំរុញ​ល្បឿន​នៃ​ការអនុវត្ត​កំណែ​ទម្រង់ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា ឆ្ពោះទៅ​លើក​កម្ពស់​គុណភាព​អប់រំ និង​សំដៅ​បង្កើន​លទ្ធផល​សិក្សា​របស់​សិស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

បើតាម​លោក​ អូន ព័ន្ធមុនីរ័ត្ន ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​បន្ត​អនុវត្ត​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ជាពិសេស​វិទ្យាស្ថាន​គរុកោសល្យ​ទាំង​ ២​។ លើកកម្ពស់​គុណភាព​ធនធាន​មនុស្ស​នៅ​វិទ្យាស្ថាន​គរុកោសល្យ ដោយ​នឹង​ជ្រើសរើស​បន្ថែម​បុគ្គលិក​បំពេញ​កង្វះខាត និង​អភិវឌ្ឍ​សមត្ថភាព​គ្រូឧទ្ទេស ព្រមទាំង​ផ្ទេរ​ចូល​បន្ថែម​គ្រូបង្រៀន​ឆ្នើម​ដូចជា​គ្រូបង្រៀន​ល្អ ផ្នែក​អំណាន ថ្នាក់ដំបូង និង​គណិតវិទ្យា​ថ្នាក់ដំបូង​។ រៀបចំ​ឱ្យមាន​ឋានៈ​សាស្ដ្រាចារ្យ សាស្ត្រាចារ្យ​រង និង​សាស្ត្រាចារ្យ​ជំនួយ​។ រៀបចំ Adjunct Professor ដែល​មកជួយ​បង្រៀន​មិន​យក​កម្រៃ​។

រៀបចំ​គុណវុឌ្ឍិ​គ្រូឧទ្ទេស​ឱ្យ​ត្រូវ​តាម​ស្ដង់ដា​។ រៀបចំ​ផែនការ​ជ្រើសរើស​គរុនិស្សិត​ល្អជា​គ្រូឧទ្ទេស​។ បង្កើតឱ្យមាន Digital Center ក្នុង​វិទ្យាស្ថាន​គរុកោសល្យ​។ សាងសង់​ផ្ទះ​គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ ដើម្បី​ទាក់ទាញ​គ្រូឧទ្ទេស និង​ផ្ទេរ​គ្រូបង្រៀន ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​មាន​សមត្ថភាព​ចូល​បម្រើការ​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ជាដើម​។

លោក​បាន​បន្តថា ក្រសួង​អប់រំ​នឹង​បន្ត​លើកទឹកចិត្ត​សិស្ស​ដែលមាន​សមត្ថភាព​ឱ្យ​ដាក់ពាក្យ​ប្រឡង​ចូលរៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ដោយ​ត្រូវ​លើកទឹកចិត្ត​សិស្ស​និទ្ទេស A, B, C ឱ្យចូល​រៀន ដំឡើង​ឋានៈ​ដល់​បេក្ខជន​ដែល​បានបញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​គរុកោសល្យ​ផងដែរ​។

ទាក់ទិន​ករណីនេះ​លោកណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹងថា វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​ ២០១៧ តាម​អនុក្រឹត្យ​លេខ ៧៣ របស់​រាជរដ្ឋាភិបាល​។ កាលពី​ដើមឡើយ​ជា​អតីត​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​-​ភ្នំពេញ និង​សាលា​គរុកោសល្យ និង​វិក្រឹតការ​រាជធានី​ភ្នំពេញ​។ ភារកិច្ច​ស្នូល​របស់​វិទ្យាស្ថាន​នេះ​គឺ​រ៉ាប់រង​ការបណ្តុះបណ្តាល​គ្រូបង្រៀន​ថ្នាក់​បរិញ្ញាបត្រ​អប់រំ (១២+៤) និង​ធ្វើ​វិក្រឹតការ​គ្រូបង្រៀន​សម្រាប់​កម្រិត​បឋមសិក្សា និង​កម្រិត​មូលដ្ឋាន​បង្រៀន​នៅ​អនុវិទ្យាល័យ​។

លោក​បន្តថា ស្ថិតក្រោម​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ទាំង​ខាង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដោយមាន​ការគាំទ្រ​ពី​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ (The project for the construction of Teacher Education Colleges) ដែលជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ JICA​។

លោកណាត ប៊ុនរឿន បាន​បញ្ជាក់ថា​៖ «​ស្ថិតក្រោម​គម្រោង​ខាងលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង​ដែល​នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ បាន​ស្ដែង​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ផ្លែផ្កា​របស់​គណៈគ្រប់គ្រង គ្រូឧទ្ទេស និង​បុគ្គលិក​អប់រំ​ទាំងអស់ ឆ្លើយតប​ទៅនឹង​កំណែទម្រង់​អប់រំ ជាពិសេស​កំណែ​ទម្រង់ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា​»៕