ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​អគ្គស្នងការ​នគរបាលជាតិ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​ដឹកជញ្ជូន​ធ្វើការ​ពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​។

លោក ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (គ.ស.ច.គ) ផងដែរ​នោះ​បាន​បញ្ជា​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់ គ.ស.ច.គ​។

លោក​ថ្លែងថា​៖​«​ខ្ញុំ​ភ្ជាប់​ទៅនឹង​បញ្ហា​មួយទៀត អ្នកបើកបរ ឡាន (Truck) ដឹកទំនិញ​ធំៗ​អ្នកបើកបរ​ឱ្យ​ក្រុមហ៊ុន​។ សូមឱ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ [​នេត សាវឿន​] អគ្គស្នងការ​នគរបាល​ជាតិ​បន្ត​ដើម្បី​ធ្វើ​រឿង​ហ្នឹង​ពិនិត្យមើល​រឿង​ហ្នឹង​ភាគច្រើន​គឺ​គ្រឿងញៀន​តែម្ដង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ហើយ​សូមឱ្យ​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់​ ឬក៏​ស្ថាប័ន​មានការ​ពាក់ព័ន្ធ​សហការ​ជាមួយនឹង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផង ពិសេស​អគ្គស្នងការដ្ឋាន​នគរបាល អគ្គស្នងការ​នគរបាល ដើម្បី​ធ្វើការ​ពិនិត្យ​អ្នកបើកបរ​ទាំងអស់​នោះ​។ ខ្ញុំ​ថា​មិនតិច​ទេ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​»​។

លោក ស ខេង បាន​ណែនាំ​ឱ្យធ្វើ​កិច្ចការងារ​នេះ​ដោយ​ត្រូវ​រៀបចំ​បែបបទ​នីតិវិធី​ដើម្បី​នឹង​ធ្វើការ​ត្រួតពិនិត្យ​បែបយ៉ាង​ណាៗ ពិសេស​សហការ​រវាង​សមត្ថកិច្ច​ជាមួយ​វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន រួចហើយ​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​នេះ​គឺជា​បញ្ហា​ដែល​លោក​ស្នើឱ្យ​យក​ចិត្ដ​ទុកដាក់​។

លោក​បាន​លើកឡើងថា ស្ថិតនៅក្នុង​បរិបទ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ​បន្ត​កើតមាន​ហើយ​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា​ការបាត់បង់​ជីវិត ការរង​របួស ពិការភាព និង​ការខាតបង់​ទ្រព្យសម្បត្ដិ​ដែល​បង្កដោយ​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​ដែល​មិន​គោរព​ប្រតិបត្ដិ​ច្បាប់ និង​ខ្វះ​សីលធម៌​យោគយល់​អធ្យាស្រ័យ​គ្នា និង​ហាក់បី​ដូចជា​មិន​ស្រឡាញ់​ជីវិត​ខ្លួនឯង ឬ​ជីវិត​អ្នកដទៃ​។

លោក​ថ្លែងថា ទោះបី​យ៉ាងនេះ​ក្តី ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ចាត់​វិធានការ រឹតបន្តឹង​ច្បាប់ និង​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​យ៉ាង​សកម្ម​របស់​យន្តការ និង​សមត្ថកិច្ច​គ្រប់​ថ្នាក់ ចំណុះ គ.ស.ច.គ បានធ្វើឱ្យ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជារួម​ក្នុង​ឆ្នាំ​ ២០២១ ​មានការ​ថយចុះ​គួរ​ជា​ទីមោទនៈ ទោះបី​គោលដៅ​មួយចំនួន​ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ដ​កំពង់ចាម និង​ខេត្ដ​ព្រះសីហនុ​នៅតែ​មាន​តួលេខ​គ្រោះ​ថ្នាក់ខ្ពស់ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃបុណ្យ និង​ថ្ងៃ​ឈប់សម្រាក​មានការ​កើនឡើង​ក៏ដោយ​។

លោក យុន ឈុន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការរង គ.ស.ច.គ បាន​រាយការណ៍​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​ ២០២១ ក្នុងនោះ​សមត្ថកិច្ច​ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រួមមាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ២ ១១២ ៦៧០ គ្រឿង​ក្នុងនោះ ម៉ូតូ​ចំនួន ៦៤%​។ រកឃើញ​យានយន្ត​ល្មើស​និង​ពិន័យ​ចំនួន ២២៣ ៨៧៩ គ្រឿង (២២៤ ៤២២ ​ករណី​) ស្មើ ១១% ក្នុងនោះ ម៉ូតូ​ចំនួន ១៦៨ ៩៥៦ គ្រឿង (១៦៨ ៩៥៧ ករណី​) ស្មើ​ ៧៥% និង​រថយន្ត ចំនួន ៥៤ ៩២៣ គ្រឿង (៥៥ ៤៦៥ ករណី​) រថយន្ត​ចំនួន ២៥% ហើយ​ការពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍​ឆ្នាំ​ ២០២១ បាន​ថវិកា​ចំនួន ៩,៩១ ពាន់​លាន​រៀល ស្មើនឹង ២,៤៣ លាន​ដុល្លារ (១៩ ៩១១ ៨៩៥ ០០០ រៀល​)​។

លោក​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០២១ បាន​កើតឡើង​ចំនួន ២ ៦៧០ លើក​បណ្តាលឱ្យ​ស្លាប់​ចំនួន ១ ៤៩៧ នាក់ និង​របួសស្រាល​ចំនួន ៣ ៦១៥ ​នាក់ របួសធ្ងន់ ២ ២៤៦ នាក់​។ ក្នុងនោះ​អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ២៤៥ នាក់ ខេត្តកណ្តាល​ចំនួន ១៤១ នាក់ និង​ខេត្តកំពង់ចាម ចំនួន ៩៦ នាក់​។

លោក ឈុន្នី បាន​បញ្ជាក់ថា​៖ «​មូលហេតុ​បណ្តាល​ឱ្យមាន​គ្រោះ​ថា្នក់ គឺ​បើកបរ​លើស​ល្បឿន​កំណត់​ ៣៨% មិន​គោរព​សិទ្ធិ ​២៤% មិន​ប្រកាន់​ស្តាំ​ ១៤% ជែង ៨% បត់ ៨% ស្រវឹង ៤% កត្តា​យានយន្ត ៣% និង​ងងុយ ១% »​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បង្ហាញ​ការងារ​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០២២ ក្រុមការងារ គ.ស.ច.គ នឹង​បន្ដ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅតាម​រាជធានី​-​ខេត្ត ទាំង ២៥ ចែក​ស្ទិកឃ័រ​ចំណាំង​ប្លាត និង​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ទោច​ចក្រយានយន្ដ​។

លោក​ថ្លែងថា​៖ «​យើង​បន្ដ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ព្រមទាំង​បន្ដការងារ​ត្រួតពិនិត្យ​យានយន្ដ​​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតាម​រាជធានី​-​ខេត្ត​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​ថ្លែងថា ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​ផ្ដើមចេញពី​ការកែប្រែ​ឥរិយាបថ​ និង​បណ្ដុះ​ឥរិយាបថ​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកបើកបរ​។ កិច្ចការងារ​នេះ​គឺ​ត្រូវ​ផ្ដើមចេញពី​ការបញ្ចូល​ការអប់រំ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន​តាមរយៈ​កម្មវិធីសិក្សា​ដល់​កុមារ សិស្សានុសិស្ស និង​ផ្សារភ្ជាប់​ជាមួយនឹង​ការ​អនុវត្ដ​ជាក់ស្ដែង​ដោយ​នាំ​សិស្ស​នៅ​កម្រិត​ថ្នាក់​ទី​ ១០​ ដល់​ថ្នាក់​ទី​ ១២ ទៅពិនិត្យ​មើល​ពី​ស្ថានភាព​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដើម្បីឱ្យ​ពួកគេ​យល់​ពី​បញ្ហា​ប្រឈម​នៃ​គ្រោះថ្នាក់​នេះ​គឺមាន​កម្រិត​ធ្ងន់ធ្ងរ​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ការបណ្ដុះ​ឥរិយាបថ​នេះ ខ្ញុំ​ឃើញ​ភាគច្រើន​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​អ្នកបើកបរ​ម៉ូតូ​ដែល​ស្ថិតនៅក្នុង​វ័យ​ពី​ ១៥​ ទៅ​ ២៩ ​ឆ្នាំ​។ ដូច្នេះ​បើសិនជា​រដ្ឋាភិបាល​អាច​មានលទ្ធភាព​គួរ​បញ្ចូល​ការបណ្ដុះបណ្ដាល​អំពី​ជំនាញ​បើកបរ​ម៉ូតូ​ដល់​សិស្ស និង​យុវជន​បន្ថែម​លើ​ការ​នាំទៅ​ស្វែងយល់​ផ្ទាល់​តាម​មន្ទីរពេទ្យ​»​។

លោក​ថា ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ត្រូវបាន​ធ្វើឡើង​តាម​ការផ្សព្វផ្សាយ​បញ្ហា​អំពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ដែរ ដូចជា​នៅពេល​ពលរដ្ឋ​ខល​ទូរស័ព្ទ​បានឮ​សំឡេង​សារ​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ជាដើម​៕

វីដេអូ៖