ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ទូទាំង​ប្រទេស​រៀបចំ​ក្រុមគ្រូពេទ្យ​ចល័ត​ ដើម្បី​ចុះចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​បន្ថែម​ពីលើ​ទីតាំង​កំពុង​ដំណើរការ​ស្រាប់​នៅតាម​មណ្ឌល​នានា​ ខណៈ​ករណី​ឆ្លង​កូវីដ​ប្រភេទ​​អូមីក្រុង​កំពុង​កើនឡើង​។

ក្នុងឱកាស​ចុះ​ពិនិត្យមើល​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ៨ ​ខែ​កុម្ភៈ លោកស្រី​ ឱ វណ្ណឌីន ដែល​​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​​ផង​នោះ​បាន​ថ្លែងថា ការរៀបចំ​ឱ្យមាន​ក្រុម​គ្រូពេទ្យ​ចល័ត​ចុះទៅ​ដល់ទី​តាំង​មូលដ្ឋាន​ប្រជាពលរដ្ឋ​គឺជា​រឿង​ចាំបាច់​បន្ថែមទៀត ​ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​ពិបាកធ្វើ​ដំណើរ​ទទួលបាន​​ដូស​ជំរុញ​គ្រប់ៗ​គ្នា​។

លោកស្រី​ថា​៖ «​យើង​នឹង​​ផ្លាស់ប្តូរ​នីតិវិធី និង​បែបបទ​ដោយ​ភាពទន់ភ្លន់​ជាជាង​យើង​អង្គុយ​រង់ចាំ​ឱ្យ​គាត់​មក​ទទួលយក​វ៉ាក់សាំង អ៊ីចឹង​ទាំង​អាជ្ញាធរ​​ក្រុមគ្រូពេទ្យ​ត្រូវ​សហការគ្នា​​ឈរលើ​ស្មារតី​សាមគ្គីភាព​កិច្ចសហប្រតិបត្តិ​ការល្អ​ និង​រៀបចំ​ចាត់ចែង​ ដើម្បី​ទៅរក​គាត់​វិញ​»​។

ក្នុងន័យនេះ​លោកស្រី​បាន​បញ្ជាក់ថា អាជ្ញាធរ​ភូមិ​-​ឃុំ ចាំបាច់​ត្រូវធ្វើ​ជំរឿន​ពលរដ្ឋ​ដែល​បាន​ចាក់​ដូស​ទី​ ៣ ហើយ​ក្នុង​​ករណី​រកឃើញ​មាន​អ្នក​មិន​​ទាន់​បាន​ចាក់​ដូស​ជំរុញ​នោះ ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ដើម្បី​កំណត់​ថ្ងៃ​ចុះ​ចាក់​ជូន​ដល់​ទីតាំង​មូលដ្ឋាន​នោះ​តែម្តង​។

លោកស្រី ឱ វណ្ណឌីន បាន​កត់សម្គាល់ថា មូលហេតុ​ដែល​ពលរដ្ឋ​មួយចំនួន​មិនទាន់​ទទួលបាន​ដូស​ជំរុញ​ដោយសារ​ពលរដ្ឋ​ខ្វះ​ការទទួលបាន​ព័ត៌មាន​ និង​​ខ្លះទៀត​មមាញឹក​លើ​ការងារ​។

លោកស្រី​ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​គិតថា បាន​ចាក់​វ៉ាក់សាំង​ហើយ តែដោយសារ​គាត់​មិនបាន​យល់ថា ការចាក់​នោះគេ​តម្រូវ​ចាក់​ដូស​ទី ​២ ​ទី​ ៣ ​ឬ​ទី​ ៤ យ៉ាងម៉េច អ៊ីចឹង​គាត់​ហាក់ដូចជា គិតថា មិនមាន​ភាពចាំបាច់​អី​ដែល​ត្រូវ​គាត់​ចាក់​ទៀត​ទេ​។ ​ម្យ៉ាងវិញទៀត​ដោយសារ​គាត់​រវល់​នឹង​ការប្រកបរបរ​រកស៊ី​ទទួលទាន​ផង ហើយ​មួយ​​ចំនួន​ធំ​នៅតាម​មូលដ្ឋាន គាត់​ទៅ​ធ្វើ​ស្រែ ចម្ការ ដែល​ពិបាក​មក​ទទួលយក​នូវ​វ៉ាក់សាំង​រហូត​​ដល់​គាត់​ចប់ ២-៣ ​ខែ បាន​គាត់​ឡើងមក​ផ្ទះសំបែង​។ បើសិន​គាត់​មាន​ព័ត៌មាន​គ្រប់គ្រាន់ គាត់​នឹង​ចាក់ ប៉ុន្តែ​ប្រសិនបើ​ខ្វះ​ព័ត៌មាន​ទៀត គាត់​ចុះទៅ​ស្រែ​ទៀតហើយ​ដល់​អ៊ីចឹង​ការចាក់​របស់គាត់​នឹងខ្វះ​ចន្លោះ​»​។

លោកស្រី​បាន​លើកឡើងថា​​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ធ្វើការ​រួមគ្នា​អំឡុងពេល​ចុះ​មូលដ្ឋាន​​គឺ​ត្រូវ​ឆ្លៀតឱកាស​ផ្តល់នូវ​ការអប់រំ​សុខភាព​បន្ថែមទៀត​ដល់​ពួកគាត់​ពីព្រោះ​វ៉ាក់សាំង​តែ​ ១ ​មុខ​វា​អត់​គ្រប់គ្រាន់​ក្នុង​ការទប់ស្កាត់​វីរុស​កូវីដ ​១៩ ទេ​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏​​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​​ដែល​ដល់​វេន​ត្រូវ​ចាក់​ដូស​ជំរុញ​ទី​ ២ ​ឬ​ទី​ ៣​ ត្រូវ​រួសរាន់​មកចាក់​នៅតាម​ទីតាំង​មូលដ្ឋាន​សុខាភិបាល​របស់ខ្លួន ដើម្បី​បង្កើន​កងការពារ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​អ្នកមាន​ជំងឺ​ប្រចាំកាយ​ដូចជា អេដស៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត​ត្រូវតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ជា​ចាំបាច់​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​កំពត​លោក ញា ប៊ុនថន បាន​ថ្លែងថា ក្រុមគ្រូពេទ្យ​ចល័ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាំងពី​ថ្ងៃទី​ ៨ កុម្ភៈ ម្ល៉េះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​ឃុំ​-​សង្កាត់ គេ​សហការ​ជាមួយ​គ្រប់​មណ្ឌល​សុខភាព​ទាំងអស់​ ៦៥ ​មណ្ឌល ក្នុង​ខេត្ត​យើង​តាមពិត​យើង​បាន​ផ្សព្វផ្សាយ​ជា​ហូរហែ​ពាក់ព័ន្ធ​ការចាក់​ដូស​ជំរុញ​នេះ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ខ្លះ​គាត់​រវល់​ខ្លះទៀត​គាត់​គិតថា កូវីដ​ស្ងប់ស្ងាត់ ដោយសារ​យើង​គ្រប់គ្រង​បានល្អ អ៊ីចឹង​គាត់​មិនសូវ​ខ្វល់​»​។

ទោះជា​យ៉ាងណា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ការឆ្លង​រីករាលដាល​ចូលក្នុង​សហគមន៍​​នៃ​មេរោគ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​កំពុង​កើនឡើង​ជា​លំដាប់​រហូត​ធ្វើឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​ពិសេស​មួយ​កាល​យប់​ថ្ងៃទី​ ៨ ខែកុម្ភៈ​ដោយ​តម្រូវឱ្យ​​មាន​វិធានការ​ជាបន្ទាន់​បន្ថែម​លើ​វិធានការ​ដែលមាន​ស្រាប់​ ខណៈ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ប្រភេទ​អូមីក្រុង​រហូត​ជាង​ ២០០​ ករណី​។

ទាក់ទង​នឹង​បញ្ហា​មេរោគ​ប្រភេទ​អូមីក្រុង​កំពុង​វាយលុក​នៅ​កម្ពុជា​នេះ​លោក ញា ប៊ុនថន បាន​ថ្លែងថា ពេលនេះ​អាជ្ញាធរ​ខេត្តកំពត​បាន​និង​កំពុង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ពលរដ្ឋ​ខ្លះ​បាន​ងាក​មក​​ចាប់អារម្មណ៍​លើ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​បណ្តើរៗ​។

យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ​៨ ខែកុម្ភៈ អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ទូទាំង​ប្រទេស​​មាន​ជិត​ ៩០​ ភាគរយ​ធៀប​នឹង​​ប្រជាជន​សរុប​ ១៦ ​លាន​នាក់​៕

វីដេអូ៖