សៀមរាបៈ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច​ និង​បំពាក់បំប៉ន​ភាសា​អង់គ្លេស​ដល់​ភ្នាក់ងារ​ទេសចរណ៍​ជាតិ​ចំនួន​ ១០០ ​នាក់ ដើម្បី​រួមចំណែក​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​។

ការបណ្តុះបណ្តាល​ភ្នាក់ងារ​ទេសចរណ៍​ចំនួន​ ១០០ ​នាក់​នេះ​​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​ និង​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​លើ​ជំនាញ​បដិសណ្ឋារកិច្ច​ដល់​មន្ត្រី​ និង​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នេះ​។ ​គោលបំណង​នៃ​ការបណ្តុះបណ្តាល​នេះ​គឺ​ដើម្បី​ផ្ដល់​ជំនាញ​ត្រឹមត្រូវ​​ដល់​ភ្នាក់ងារ​ទេសចរណ៍​របស់​អាជ្ញាធរ​អប្សរា ទាំង​ការស្វាគមន៍ និង​បម្រើសេវា​យ៉ាង​កក់ក្ដៅ ក្នុង​ដំណើរការ​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រួមចំណែក​ការលើកតម្លៃ​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​។

អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះ​បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី និង​ភ្នាក់ងារ​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​បម្រើសេវាកម្ម​ទេសចរណ៍​ដោយ​ត្រូវ​គិតគូរ​ទាំង​គុណភាព​នៃ​សេវាកម្ម​ទេសចរណ៍​ និង​គិតគូរ​ពី​ផលប៉ះពាល់​នៃ​ភ្ញៀវទេសចរ​ដែល​​មក​មើល​ប្រាសាទបុរាណ ។

លោក​ថា​៖ «​យើង​ត្រូវតែ​សិក្សា​បន្ថែម​សមត្ថភាព​របស់​យើង​ក្នុង​ន័យ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​អង្គរ​អាច​ទទួលបាន​បទពិសោធ​ដ៏ល្អ​បំផុត ហើយ​ផ្តល់​ផលប៉ះពាល់​ដ៏តិច​បំផុត​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​»​។

លោក​បានឱ្យដឹងថា ការបណ្តុះបណ្តាល​នេះ​ផ្តោតលើ​ខ្លឹមសារ​ ៤ ​ចំណុច រួមមាន​ ១-​ របៀប​បដិសណ្ឋារកិច្ច​សម្រាប់​ភ្នាក់ងារ​​ទេសចរណ៍ ២-​ បទប្បញ្ញត្តិ​នៃ​ការ​ទស្សនា​ប្រាសាទ​ និង​រមណីយដ្ឋាន​អង្គរ ៣- ​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​នៅតាម​ប្រាសាទ និង​ទី​ ៤-​ បំប៉ន​ជំនាញ ភាសា​អង់គ្លេស​សម្រាប់​ប្រើប្រាស់​​ក្នុង​វិជ្ជាជីវៈ​។

លោក ​កុសល បានឱ្យដឹង​ដែរ​ថា នេះ​គឺជា​ការបណ្តុះបណ្តាល​ផ្ទៃក្នុង​ដើម្បីឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការទទួល​ធ្វើ​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ ព្រោះ​គាត់​ជា​អ្នក​ជួរមុខ ដែល​តែង​ប្រាស្រ័យ​ជាមួយ​ភ្ញៀវ​។

លោក​ថា​៖ «​នេះ​ជា​លើក​ទី​ ១ កន្លងមក​ក៏​យើង​មាន​ដែរ ប៉ុន្តែ​​បណ្តុះបណ្តាល​ទៅលើ​ជំនាញ​ផ្សេងៗ មិន​ត្រឹមតែ​បដិសណ្ឋារកិច្ច​ទេ យើង​ក៏​បង្រៀន​នូវ​កាយវិការ ទឹកមុខ អាកប្បកិរិយា​សមរម្យ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​។ ក្រៅពីនោះ​ក៏បាន​បណ្តុះបណ្តាល​គាត់​ពី​ការសង្គ្រោះ​បឋម រឿងនេះ​សំខាន់​ណាស់ ព្រោះ​អ្នកដើរ​ទស្សនា ជួនកាល​មាន​បញ្ហា​សុខភាព ដូច្នេះ​ការចេះ​វិធីសាស្ត្រ​ជួយ​​បឋម​ជា​រឿង​ចាំបាច់​»​។

លោក​បន្ថែមថា ការបណ្តុះ​បណ្តាល​នេះ​ដោយ​ធ្វើការ​វិលជុំ​ទី ​១​ បណ្តុះបណ្តាល​គ្រប់​ជនបង្គោល ទី​ ២ អ្នកទទួលបាន​បណ្តុះបណ្តាល​នេះ​ត្រូវ​បណ្តុះបណ្តាល​បន្ត​ដល់​សមាជិក​របស់​​ខ្លួន​ដែលមាន​សមាជិក​សរុប​​ទាំងអស់​ជាង ៣០០ ​នាក់ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី ថ្លែងថា ការបណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​បង្កើន​​ជំនាញ​បដិសណ្ឋារកិច្ច​បន្ថែម​​ដល់ទី​ភ្នាក់ងារ​ទេសចរណ៍​​ដើម្បី​បម្រើ​ជូន​អ្វីដែល​ថ្មីៗ​។

លោក​ថា​៖ «​យើង​សង្កេតឃើញថា អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​កិច្ចការងារ​ជាច្រើន​ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាង្គប្រាសាទ​អង្គរ អ៊ីចឹង​ទាល់តែ​យើង​ស៊ីចង្វាក់​គ្នា​រវាង​អ្នក​ដាក់​ផែនការ​ និង​អ្នកប្រតិបត្តិ ជាពិសេស​ការីទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍​ក៏ដូចជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​មួយចំនួន​ដែល​ផ្តល់​សេវាកម្ម​ជូន​ភ្ញៀវ​ផ្ទាល់​ឱ្យ​គាត់​ស្គាល់​​ពី​ទិសដៅ​ថ្មី​គឺ​ផែន​ការដើរ​កម្សាន្ត​​របស់​ភ្ញៀវ​បន្ទាប់ពី​កូវីដ​»​។

លោក​បានបញ្ជាក់​ផងដែរ ​ពី​សារៈសំខាន់​របស់​ការីទេសចរណ៍ ដែលជា​អ្នករៀបចំ​កញ្ចប់​​ទស្សនកិច្ច​ថា​៖ «​គាត់​ត្រូវតែ​​ស្វែងយល់​អំពី​បរិបទ​ថ្មីៗ​ជាពិសេស​ការចង្អុលបង្ហាញ ការអត្ថាធិប្បាយ ការពន្យល់​ភ្ញៀវ ត្រូវតែ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ជំនាញ ជាពិសេស​ត្រូវ​ជួល​មគ្គុទ្ទេសក៍​ដែលមាន​អាជ្ញាប័ណ្ណ​ចេញពី​ក្រសួង​ទេសចរណ៍ ពីព្រោះ​អ្នក​ទាំងនេះ​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ស្រប​​តាម​ក្រឹត្យក្រម​»៕