ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ជាថ្មី ដោយភ្ជាប់​សារ​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​វិធាន​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ខណៈ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​កំពុង​វាយលុក​នៅ​កម្ពុជា និង​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​សារ​ពិសេស​មួយ​នា​យប់​ថ្ងៃទី ​៨ ខែកុម្ភៈ ដោយ​លោក​តម្រូវឱ្យ​មាន​វិធានការ​ជាបន្ទាន់​បន្ថែម​លើ​វិធានការ ដែលមាន​រួចមកហើយ ដើម្បី​ការពារ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ ខណៈ​ដែល​ក្រសួង​បាន​រកឃើញ​វីរុស​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង​ឆ្លង​ជាង​ ២០០ ​ករណី​ក្នុង​ ១​ ថ្ងៃ​។

លោក​ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​យកចិត្ត​ទុកដាក់​លើ​កិច្ចការពារ​ខ្លួន​ជា​ចាំបាច់​ក្នុង​នោះ​ត្រូវ​កាត់បន្ថយ​ការជួបជុំ ការប្រមូលផ្តុំ ក៏ដូចជា​វិធី​ទាំងឡាយ​ដែល​បាននិងកំពុង​អនុវត្ត គឺ វិធានការ ៣ ​កុំ និង​ ៣ ​ការពារ​។

លោក​ ហ៊ុន សែន ថ្លែង​តាមរយៈ​សារ​សំឡេង​ពិសេស​ថា​៖ «​ប្រសិនបើ​ម្នាក់ៗ​អនុវត្តបាន​ជំងឺ​នេះ​ក៏​មិន​ឆ្លង​រីករាលដាល​ធ្ងន់ធ្ងរ​ដូចនេះ​ដែរ​។ ដូច្នេះ​ខ្ញុំ​សុំ​អំពាវនាវ​ទៅដល់ ប្រជាពលរដ្ឋ កាត់បន្ថយ​ការជួបជុំ ផឹកស៊ី កម្សាន្ត​សប្បាយ ដើម្បី​ធានា​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព សម្រាប់​ការពារ​នូវ​ការឆ្លង បើ​ទោះបី​ជា​មេរោគ​បច្ចុប្បន្ន​នៅ​កម្ពុជា​ពុំមាន​ករណី​ប្រភេទ​ដែលតា​ និង​អាល់ហ្វា ដែល​ឆក់យក​ជីវិត​ប្រជាជន​ក៏ដោយចុះ​»​។

លោក​បន្តថា ជំងឺ​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង​បានមក​ជំនួស​មេរោគ​កូវីដ ​១៩ ប្រភេទ​ដែលតា និង​អាល់ហ្វា ហើយ​ទោះបីជា​វីរុស​ប្រភេទ​អូមីក្រុង​នេះ​ស្រាល​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ការឆ្លង​នេះ​មាន​អត្រា​កើនឡើង​ខ្ពស់ វា​នឹង​នាំមក​នូវ​គ្រោះថ្នាក់ ដោយការ​សាយភាយ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​បណ្តា​ខេត្ត​ដែល​ខេត្ត​មួយ​ចំនួន​ពុំមាន​ករណី​ឆ្លង​នោះទេ​។

លោក​ថ្លែងថា​៖ «​ត្រូវយក​ចិត្តទុកដាក់ ដើម្បី​ពង្រឹង​នូវ​ស្ថានភាព​ទាំងឡាយ​នៅតាម​ទីកន្លែង ដែល​មាន​ការបើក​ឱ្យធ្វើ​អាជីវកម្ម ដូចជា រង្គសាល ពិធី​ជួបជុំ​នានា ឬ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ការជួបជុំ​ខាង​សាសនា​ជាដើម គួរតែ​ត្រូវ​បាន​កម្រិត ដោយ​ការធ្វើ​កាន់តែ​តិច កាន់តែ​ល្អ​»​។

លោក ​ហ៊ុន សែន បញ្ជាក់ថា​៖ «​យើង​ធ្វើ​នេះ​មិនមែនជា​ការដើរ​ថយក្រោយ​នោះទេ ក៏ប៉ុន្តែ​យើង​ធ្វើ​នេះ ដើម្បី​ទប់ស្កាត់​ជាយថាហេតុ​។ អូមីក្រុង​កំពុងតែ​រីករាលដាល​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ទេ អូមីក្រុង​នឹង​ពង្រាយ​នៅ​ទូទាំង​ប្រទេស ដូចដែល​យើង​ធ្លាប់​ជួបប្រទះ​នាពេល​កន្លងមក​ដូចគ្នា​»​។

តាមរយៈ​សារ​សំឡេង​នេះ​លោក នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យបាន​គ្រប់ៗ​គ្នា ដោយសារ​វ៉ាក់សាំង​ជួយ​កាត់បន្ថយ​នូវ​ការឆ្លង​ និង​ការស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩​។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង បានចេញ​សេចក្តី​ណែនាំ​ក្រើនរំឭក ដោយ​បន្ត​យន្តការ ការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ ជាពិសេស អូមីក្រុង (Omicron)​។

សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​ ៨ កុម្ភៈ ថា ក្រសួង​សុខាភិបាល​សង្កេត​ឃើញ បច្ចុប្បន្ន​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ជាពិសេស អូមីក្រុង នៅ​កម្ពុជា​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​លើសពី​ ៣ ​ខ្ទង់​ទៅហើយ​ជា​រៀងរាល់ថ្ងៃ ដែល​គួរឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូវីដ​ ១៩ ក៏​ឃើញថា​នៅ​មិនទាន់​មានការ​អនុវត្តបាន​ហ្មត់ចត់​ និង​ម៉ឺងម៉ាត់​។ ជាពិសេស​ការជួប​ជុំគ្នា គឺ​មាន​ការកើនឡើង​ច្រើន​ទៅៗ ដោយ​មិនមាន​ការប្រតិបត្តិ​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ដែល​បង្ក​លទ្ធភាព​ឱ្យ​មានការ​ចម្លង​វីរុស​កូវីដ ​១៩ កាន់តែ​ច្រើន​ឡើងជា​រៀងរាល់​ថ្ងៃនោះ​។

ក្រសួង​សុខាភិបាល​ក៏បាន​ធ្វើការ​ក្រើនរំឭក​ហើយ​រំឭក​ទៀត និង​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ​ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់​នៅ​របស់ខ្លួន​ឱ្យស្រប​តាម​គន្លង​នៃ​ការរៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ​ ១៩ តាមបែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សំដៅ​បង្ការ គ្រប់គ្រង​ និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​។ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​នឹង​កើត​មាននៅ​ប្រទេស​កម្ពុជា ជាយថាហេតុ​ណាមួយ​។

ក្រសួង​សុខាភិបាល​ពន្យល់ថា អូមីក្រុង កំពុងតែ​សកម្ម​ចរាចរ​យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ព្រំដែន និង​គ្មាន​លិខិតឆ្លងដែន​នៅលើ​សកលលោក នៅក្នុង​តំបន់ និង​នៅ​ប្រទេស​កម្ពុជា ដែល​តម្រូវឱ្យ​បងប្អូន​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​ឱ្យបាន​ទាន់ពេល​វេលា ដើម្បី​ចៀសវាង​បាន​នូវ​មហន្តរាយ​សុខភាព​សាធារណៈ ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​។

ក្រសួង​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​អត់ធ្មត់​បន្ថែមទៀត ខណៈដែល​យើង​កំពុងតែ​រៀន​រស់នៅ​ជាមួយនឹង​វត្តមាន​នៃ​វីរុស​កូវីដ ​១៩ និង​ការប្រុងប្រយ័ត្ន​ខ្ពស់​នៃ​ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​នៅពេលនេះ ដោយ​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ឆ្លើយតប​រួមគ្នា ដោយ​ផ្អែកលើ​អ្វីដែល​យើង​បានដឹង និង​ធ្វើបាន​ជោគជ័យ​រួចមកហើយ​នោះ និង​រួមគ្នា​ទប់ស្កាត់​ការចម្លង​ជា​បន្តទៀត ដើម្បី​កុំឱ្យ​ហួសពេល និង​មានការ​ស្តាយក្រោយ​»​។

ក្រសួង​សុខាភិបាល​ក៏​សង្កេតឃើញ​ដែរ​ថា ការចម្លង​នាពេល​បច្ចុប្បន្ន​មាន​សម្ទុះ​កើនឡើង​លើ​ក្រុម​យុវវ័យ ឬ​វ័យ​កណ្តាល ដែល​ក្រុម​នេះ​បាន​ដើរចេញ​ក្រៅ​ផ្ទះ​ច្រើន ឬ​មាន​ការជួបជុំ​មិត្តភក្តិ ឬ​ការជួបជុំ​ណាមួយ​។ ក្នុងន័យនេះ ក្រសួង​ស្នើឱ្យ​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការជួប​ជុំគ្នា ដើម្បី​ទទួលទាន​អាហារ​រួមគ្នា ឬ​បង្កឱ្យមាន​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ពេក ដូចជា ពិធី​ភ្ជាប់ពាក្យ ពិធីមង្គលការ ឬ​ពិធីបុណ្យទាន​អ្វីមួយ​ត្រូវមាន​ការកំណត់​ទំហំ​នៃ​ពិធី​ឱ្យ​តូចៗ​ល្មមៗ ឬ​ត្រូវ​នៅផ្ទះ ប្រសិនបើ​មិនមាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចេញ​ក្រៅ​។

ក្រសួង​សុខាភិបាល រំឭកថា ទោះបីជា​មានការ​គ្រប់គ្រង​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​លទ្ធផល​ល្អប្រសើរ​ក៏ដោយ ក៏​យើង​មិនត្រូវ​ភ្លេចខ្លួន ហើយ​មានការ​ធ្វេសប្រហែស ឬ​បំភ្លេចចោល​នូវ​កិច្ចការពារ​ខ្លួន​កុំឱ្យ​មានការ​ចម្លងជំងឺ​កូវីដ​នោះឡើយ​។

ក្រសួង​បញ្ជាក់ថា​៖ «​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​យើង​កំពុងតែ​ប្រឈមមុខ​ទៅនឹង​ការឆ្លង​វីរុស​កូវីដ​ ១៩ ​អូមីក្រុង​នេះ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​ដែលជា​ការចាំបាច់​ខ្លាំងណាស់​ក្នុង​ពេលនេះ ដែល​បុគ្គល​គ្រប់រូប​ត្រូវ​ត្រៀមលក្ខណៈ និង​រៀបចំ​ឱ្យ​បានល្អ​សម្រាប់​ការឆ្លើយតប ការពារ​ខ្លួន និង​ចូលរួម​ធ្វើ​អន្តរាគមន៍​ទៅនឹង​ការឆ្លង​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ​»៕