ភ្នំពេញៈ អ្នកជំនាញ​ទីផ្សារ​ឌីជីថល​បាន​ជួប​ជជែក​គ្នា​ស្តីពី​ការលក់​អនឡាញ ដោយ​ការជួប​ជជែក​គ្នា​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សម្ព័ន្ធ​កាន់តែ​ខ្លាំង​ជាមួយ​ឌីជីថល ដែល​ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ដែល​បាន​បណ្តាល​ឱ្យ​អាជីវកម្ម​រាប់រយ​ត្រូវបាន​បិទទ្វារ​។

ការជជែក​ពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី ​៩​ កុម្ភៈ តាមរយៈ​ប្រព័ន្ធ Zoom ដែលមាន​ការចូលរួម​ពី​ទីផ្សារ​អេឡិចត្រូនិក​កំពូលៗ​ប្រចាំ​កម្ពុជា​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​វេទិកា​ទីផ្សារ​អេឡិចត្រូនិក​ក្នុង​ការបង្កើន​ភាពរឹងមាំ នៃ​វិស័យ​ទីផ្សារ​ឌីជីថល សម្រាប់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) នៅ​កម្ពុជា​។

លោក សួន បូឌីសត្ត អ្នក​សម្របសម្រួល​គម្រោង​សម្ព័ន្ធ "​កាន់តែខ្លាំង​ជាមួយ​ឌីជីថល​"​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ​កុម្ភៈ​ថា សម្ព័ន្ធ "​ កាន់តែខ្លាំង​ជាមួយ​ឌីជីថល​"​ បានរៀបចំ​សិក្ខាសាលា​អនឡាញ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក​នេះ​គឺ​ដើម្បី​ជួប​ជជែក​ពិភាក្សា និង​ទទួលបាន​ការផ្តល់ជូន​ពិសេស​ពី​បណ្តា​ផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ធំៗ​នៅ​កម្ពុជា​។ សិក្ខាសាលា​នេះ គឺជា​ផ្នែក​មួយ​របស់​សម្ព័ន្ធ "​ កាន់តែខ្លាំង​ជាមួយ​ឌីជីថល​" ​ក្នុង​ការបើក​ទំព័រ​ឆ្នាំ​ ២០២២ ជាមួយ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ពង្រឹង​ផ្នែក​ឌីជីថល​សម្រាប់​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​នៅលើ​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាមួយ​ដៃគូ​របស់​យើង​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បានឱ្យ​អ្នកចូលរួម​ជាពិសេស​អ្នកជំនាញ​បាន​ជជែក​ពិភាក្សាគ្នា​ ដើម្បី​ឱ្យ​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម​នៅ​ស្រុក​ខ្មែរ ពួកយើង​ហ្នឹង​មានការ​រីកចម្រើន​។ សិក្ខាសាលា​នេះ​ក៏​បានឱ្យ​ពួកគាត់​បង្ហាញ​គោលដៅ​របស់​ពួកគាត់ សម្រាប់​សារ​អេឡិចត្រូនិក​ហ្នឹង​សម្រាប់​អនាគត​ថា អាច​នឹង​ឈានទៅដល់​ពង្រីក​ខ្លួន​ជា​អន្តរជាតិ​បាន​ឬទេ​?»​។

លោក សួន បូឌីសត្ត បានលើកឡើង​ទៀតថា ដោយសារ​តែ​ទីផ្សារ​ឌីជីថល​កំពុងមាន​សារៈសំខាន់ និង​បាន​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ជាច្រើន ដែល​កំពុង​រងគ្រោះ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ កិច្ចពិភាក្សា​នេះ​ក៏បាន​បង្ហាញ​ពី​ការយល់ដឹង​អំពី​ការផ្លាស់ប្តូរ​នៃ​តម្រូវការ​ទីផ្សារ​កម្ពុជា ដែល​ទាក់ទង​នឹង​ចង្វាក់​ផលិតកម្ម​របស់​អាជីវកម្ម​របស់​ពួកគេ និង​បង្ហាញ​ពី​គេហទំព័រ​ទីផ្សារ​ឌីជីថល ដែល​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម​ក្នុងស្រុក​ទៅដល់​ពួកគេ​ផងដែរ​។

បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឱ្យ​អាជីវកម្ម​រាប់រយ​ត្រូវបាន​បិទទ្វារ យូអិនឌីភី ប្រចាំ​កម្ពុជា ស្ថានទូត​អូស្ត្រាលី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សមាជិក​សម្ព័ន្ធ​ជាច្រើន​ផ្នែក​បានរួម​គ្នា​ដើម្បី​បង្កើត​សម្ព័ន្ធ ​"​កាន់តែខ្លាំង​ជាមួយ​ឌីជីថល​"​។ សម្ព័ន្ធ​នេះ​ត្រូវបាន​បង្កើតឡើង គឺ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ដោយ​ពង្រឹង​ផ្នែក​ឌីជីថល​ទៅដល់​មីក្រូ​សហគ្រាស សហគ្រាស​ធុនតូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ក្រសួង​ប្រៃសណីយ៍​បានឱ្យដឹងថា​៖ «​ដោយសារ​ការខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ពី​គ្រូ​បណ្តុះបណ្តាល និង​ដៃគូ​របស់​យើង​ក្នុង​ឆ្នាំ ​២០២១ យុទ្ធនាការ​នេះ​បានផ្ដល់​វគ្គ​បណ្តុះបណ្ដាល អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ចំនួន ១ ០០០ ​អាជីវកម្ម ដោយ​ជោគជ័យ​ដែល​ក្នុងនោះ​មាន​អាជីវកម្ម​ប្រមាណ ៦៦,៧៦ ​ភាគរយ នៃ​អាជីវកម្ម​សរុប​បានចាប់ផ្តើម​លក់​អនឡាញ​»​។

ក្រសួង​ប្រៃសណីយ៍​ក៏បាន​បញ្ជាក់ទៀតថា កិច្ចសហការ​ពី​សម្ព័ន្ធ​នេះ​ក៏បានផ្តល់​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម​រហូតដល់ ៤,២ ​លាន​នាក់ តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​អនឡាញ ខណៈ​អាជីវកម្ម​ជាង ១០​ ម៉ឺន​នៅ​កម្ពុជា​បានទទួល​ផល​ពី​ទីផ្សារ​ឌីជីថល​នេះ​៕