ពោធិ៍សាត់/មណ្ឌលគិរីៈ មន្ត្រី​រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មណ្ឌលគិរី​បដិសេធ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ដែល​បង្ហាញថា កត្តា​ចម្បង​ដែលនាំឱ្យ​មានការ​ចាប់ខ្លួន​ចោទប្រកាន់ និង​ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី គឺ​ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឱ្យ​ពួកគេ​លែង​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុងការ​ទាមទារ​តវ៉ា​ស្វែងរក​យុត្តិធម៌​។ មន្ត្រី​ថា អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ដោយ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​បែប​នោះឡើយ​។

អភិបាលរង​ខេត្តពោធិ៍សាត់​លោក​ ខូយ រីដា ថ្លែង​នៅ​ថ្ងៃទី​ ៨ កុម្ភៈ​ថា ក្នុងនាម​អាជ្ញាធរ​ដែនដី មិនដែល​ធ្វើអំពើ​ណាមួយ​ដែលនាំឱ្យ​ប៉ះពាល់ ឬ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​នោះទេ​។ អ្វីៗ​ដែល​អាជ្ញាធរ​ធ្វើ គឺ​អនុវត្ត​ច្បាប់​ទៅតាម​ភាពជាក់ស្តែង​។ អាជ្ញាធរ​មាន​តួនាទី​ទទួល​ខុសត្រូវ ការពារ ធនធាន​ធម្មជាតិ ក៏ដូចជា​ដីធ្លី​ទាំងអស់​ដែលជា​សម្បត្តិ​របស់​រដ្ឋ​របស់​ប្រជាជន​។ បើសិនជា​ពលរដ្ឋ​មិន​ធ្វើ​សកម្មភាព ឬ​អំពើ​ណាមួយ​ប្រាសចាក​ផ្លូវច្បាប់​ទេ ប្រាកដជា​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។ ប៉ុន្តែ​បើ​ប្រព្រឹត្ត​ខុសពី​គោលការណ៍​ច្បាប់​នោះ គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវតែ​អនុវត្ត​ច្បាប់​។

លោក​ថ្លែងថា​៖ «​តែបើ​ទស្សនៈ​របស់គាត់​ [​អាដហុក​] ​លើកឡើង​អ៊ីចឹង ខ្ញុំ​មិនអាច​ទទួលយក​បានទេ អាហ្នឹង​ជា​ទស្សនៈ​របស់គាត់​។ គាត់​និយាយ​អី​និយាយ​ទៅ ប៉ុន្តែ​សម្រាប់​ផ្លូវច្បាប់ រាជរដ្ឋាភិបាល​ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​នេះ​គឺ​គោរព​ច្បាប់ ធ្វើតាម​ច្បាប់​។ កាលណា​ធ្វើ​ខុសពី​ច្បាប់ អ្នក​អនុវត្ត​ច្បាប់​ក៏ត្រូវ​ទទួលទោស​ដូចគ្នា​ដែរ​»​។

យោងតាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (ADHOC) ​ចេញផ្សាយ​នៅ​ថ្ងៃទី ​៨ ​កុម្ភៈ ដែលមាន​ចំណងជើង​ថា «​ការបន្ត ចោទប្រកាន់​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី​» បង្ហាញ​ថា ក្នុង​ឆ្នាំ ​២០២១ បាន​រកឃើញ​វិវាទ​ដីធ្លី​ចំនួន​ ១៦៩​ ករណី ដី​ទំហំ ​៥២ ៦០១,៨៧​ ហិកតា​ប៉ះពាល់​ជនរងគ្រោះ​ ១៧ ០៣៣ ​គ្រួសារ ស្មើ​​ ៦១ ៤៦៩​ នាក់​មាន​ជនជាតិដើម​ភាគតិច ១ ៣៤៧ ​គ្រួសារ ដែល​ក្នុងនោះ​លេចធ្លោ​ជាងគេ​គឺ​ការរំលោភ​ដោយ​បុគ្គល មានអំណាច ​៦៦ ​ករណី និង​បុគ្គល​អ្នកមាន​ទ្រព្យ​ ២៧ ​ករណី​។

របាយការណ៍​រៀបរាប់​អំពី​ករណី​នៃ​ការរំលោភបំពាន ដូចជា​ ២៣,៦៦% នៃ ​១៦៩ ​ករណី មានការ​ចាប់ខ្លួន​ចោទប្រកាន់​ឃុំខ្លួន​ដែល​ ៣៥ ​ករណី មាន​ជនរងគ្រោះ​ ១៥៧​ នាក់ កំពុង​ជាប់​បណ្តឹងអាជ្ញា​ (​ដាក់​ក្រោម​ការត្រួតពិនិត្យ​តុលាការ​) និង​ ៦​ ករណី​មាន​ជនរងគ្រោះ​ ១៧ ​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​។ ម្នាក់​ធ្លាក់ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

របាយការណ៍​នេះ​ក៏បាន​បង្ហាញ​អំពី​ករណី​ប្រជាសហគមន៍​វិវាទ​ដីធ្លី​ជាប់​បណ្តឹងអាជ្ញា និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដែលមាន​ច្រើន​នៅ​ខេត្ត​មួយចំនួន ដូចជា ខេត្ត​ត្បូងឃ្មុំ ៤៤​ នាក់ ខេត្ត​ឧត្តរមានជ័យ ២៨ ​នាក់ ខេត្តកណ្តាល ២១ ​នាក់ ខេត្ត​ក្រចេះ ​១៨ ​នាក់ និង​ខេត្តកំពង់ស្ពឺ ​១៥ ​នាក់​ផងដែរ​។

ករណី​នៅ​ខេត្តកណ្តាល​ក្នុង​ឆ្នាំ ​២០២១ វិវាទ​ដីធ្លី​ធំៗ​បាន​កើនឡើង​ខ្ពស់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ប្រើ​អំពើហិង្សា​វាយបង្ក្រាប​ចាប់ខ្លួន ឃុំខ្លួន បាញ់​ប្រហារ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក្នុង​ពន្ធនាគារ ដូចជា ករណី​វិវាទ​នៅ​ស្រុក​កណ្តាលស្ទឹង​រវាង​ក្រុមហ៊ុន​អូស៊ីអាយស៊ី​ធ្វើ​ព្រលាន​យន្តហោះ​។ ករណី​វិវាទ​នៅ​ស្រុក​ស្អាង ស្លាប់​សកម្មជន​ម្នាក់ ក្រោយពេល​បញ្ជូន​ពី​ពន្ធនាគារ​ដល់​មន្ទីរពេទ្យ​ជ័យជំនះ និង​ករណី​វិវាទ​នៅ​ស្រុក​អង្គស្នួល កម្លាំង​ប្រដាប់អាវុធ​បាញ់រះ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​របួសធ្ងន់​ធ្លាយ​ស្មា​ខាងឆ្វេង​។

របាយការណ៍​នោះ​បញ្ជាក់​ពី​ការរក​ឃើញថា​៖ «​កត្តា​ចម្បង​ដែលនាំឱ្យ​មានការ​ចាប់ខ្លួន​ចោទប្រកាន់ ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី គឺ​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឱ្យ​ពួកគាត់​លែង​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុង​ការទាមទារ​តវ៉ា​ស្វែងរក​យុត្តិធម៌ ដូចជា​ករណី​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង ខេត្ត​ត្បូងឃ្មុំ មានការ​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ស្រែ​ដំណាំ បាញ់​គំរាមកំហែង ចោទ​ប្រជាសហគមន៍​ជាច្រើន​នាក់ និង​ឃុំខ្លួន​ ៣ ​នាក់​»​។

ក្រៅពីនោះ មាន​វិវាទ​នៅ​ភូមិ​ថ្នល់បត់ ខេត្តបន្ទាយមានជ័យ​បាន​ចោទប្រកាន់​ប្រជាសហគមន៍ ព្រមទាំង​ចាប់​ដាក់​ខ្នោះ​។ វិវាទ​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ បាន​ប្រើ​កម្លាំង​ប្រដាប់អាវុធ​ចម្រុះ​ជាមួយ​គ្រឿងចក្រ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ ចោទប្រកាន់ និង​ឃុំខ្លួន​ជាច្រើន​នាក់​។ វិវាទ​នៅ​ស្រុក​ឱរ៉ាល់ ស្រុក​ស្ទឹងច្រាល ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ វិវាទ​ដីធ្លី​នៅ​ជីខលើ ខេត្តកោះកុង ជាមួយ​ក្រុមហ៊ុន​ហេងហ៊ុយ​អភិវឌ្ឍន៍ និង​វិវាទ​កើតឡើង​នៅ​ភូមិ​បឹងឈូក រាជធានី​ភ្នំពេញ​ជាមួយ​ប្រជាពលរដ្ឋ សហគមន៍​បឹងឈូក​។

របាយការណ៍​បង្ហាញ​ទៀតថា មាន​ករណី​ប្រើ​ឥទ្ធិពល​អ្នកមាន​អំណាច​មានទ្រព្យ​ក្រុមហ៊ុន​ (​ខ្វះ​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​នៃ​គម្រោង​អភិវឌ្ឍន៍​) ​ដូចជា​ករណី​វិវាទ​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ក្បាលរមាស ខេត្តស្ទឹងត្រែង ក្រោមរូបភាព​សម្បទាន​សេដ្ឋកិច្ច រាប់ពាន់​ហិកតា​។ វិវាទ​ដី​នៅ​កោះរ៉ុង​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប និង​នៅ​ឃុំ​បិតត្រាង ខេត្ត​ព្រះសីហនុ វិវាទ​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ វិវាទ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ វិវាទ​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ និង​ករណី​មួយចំនួនទៀត គឺ​ការអនុវត្ត​ច្បាប់​មិន​ពេញលេញ និង​លម្អៀង​។

អាដហុក​បញ្ជាក់ថា​៖ «​របាយការណ៍​នេះ​មាន​គោលបំណង​ស្នើ​រាជរដ្ឋាភិបាល តុលាការ​គ្រប់​ជាន់ថ្នាក់​បង្អង់​បណ្តឹងអាជ្ញា បញ្ឈប់​ការចាប់ខ្លួន​ចោទប្រកាន់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​កម្ពុជា និង​ដាក់​ទោសទណ្ឌ​ចំពោះ​រាល់​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផលដំណាំ​ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី​»​។

លោក​ ខូយ រីដា បញ្ជាក់ថា សកម្មជន​ដីធ្លី​ដែល​ធ្វើការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជាតិ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​។ បើសិន​ធ្វើ​ដូច​ការលើកឡើង​របស់​អាដហុក​ថា បិទ​បញ្ឈប់​ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវវាទ​ដីធ្លី​នោះ គឺ​មិនបាច់​បង្កើតឱ្យមាន​ច្បាប់​មាន​ទម្លាប់​មាន​អាជ្ញាធរ​ដែនដី​អ្វី​នោះទេ​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ហ្នឹងហើយ​ដែលមាន​គ្រប់លំដាប់​ថ្នាក់ គ្រប់គ្រង​ទាំងអស់​ហ្នឹងហើយ​បើ​គាត់​ហាម​អាហ្នឹង ចាំ​គាត់​មាន​ភារកិច្ច​ធ្វើខ្លួន​គាត់ អាហ្នឹង​គាត់​ធ្វើ​អី​ធ្វើទៅ​។ ប៉ុន្តែ​ពេល​បច្ចុប្បន្ននេះ​ខ្ញុំ​គិតថា វា​មិនអាច​ទេ​។ បើ​ធ្វើ​អ៊ីចឹង វា​បង្កើត​ភាពអនាធិបតេយ្យ មិនដឹង​អ្នកណា​គោរព​អ្នកណា អ្នកណា​អនុវត្ត​ច្បាប់ អ្នកណា​មិន​គោរព​ច្បាប់​។ មិនដឹងថា មាន​អ្វីដែល​នៅសល់​ជា​សម្បត្តិ​ធម្មជាតិ សម្បត្តិ​ជាតិ​ទេ បើសិន​ជា​យើង​មិនមាន​ការគ្រប់គ្រង​ដិតដល់​»​។

លោក​ ជាក់ ម៉េងហ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី​ ៨ ​កុម្ភៈ​ក៏បាន​បដិសេធ​របាយការណ៍​របស់​អាដហុក​ផងដែរ ដោយ​លោក​ថា អាជ្ញាធរ​តែង​យកចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ មិន​បំពាន រំលោភសិទ្ធិ ឬ​ធ្វើអំពើ​ណាមួយ​បណ្តាលឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ឡើយ​។ ចំពោះ​បញ្ហាដីធ្លី កាលណា​ប្រជាពលរដ្ឋ​អាស្រ័យផល និង​មានការ​កាន់កាប់​យូរ អាជ្ញាធរ​តែង​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​សម្រេច​តាម​លទ្ធផល​ជាក់ស្តែង​។ បើ​ពលរដ្ឋ​មានការ​កាន់កាប់​ត្រឹមត្រូវ​នោះ អាជ្ញាធរ​មិនដែល​ចាប់ ឬ​សម្លុត​ប្រជាពលរដ្ឋ​ឡើយ ព្រោះ​អាជ្ញាធរ និង​រដ្ឋអំណាច គឺ​នៅ​ខាង​ប្រជាពលរដ្ឋ​ជានិច្ច​។

លោក​ ម៉េងហ៊ាង ថ្លែងថា​៖ «​ក្នុងនាម​អាជ្ញាធរ ជា​ម៉ែ ជា​ឪ​របស់​ប្រជាពលរដ្ឋ មិនដែល​ទៅ​ចាប់​ទៅ​ឃាត់​លើ​ប្រជាពលរដ្ឋ សម្លុត បំបាក់ស្មារតី ឬអី​នោះទេ គឺថា យើង​ឃាត់ យើង​ទប់ស្កាត់​តែ​លើ​ជន​ខិលខូច ដែល​ទៅ​រំលោភ​ដីឯកជន​របស់​រដ្ឋ ឬមួយ​ដី​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ​»៕