ភ្នំពេញៈ មន្ដ្រី​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​អះអាងថា ការប្រើប្រាស់​ពេលវេលា​ច្រើន​របស់​កុមា​រលើ​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដូចជា​ការគំរាមកំហែង ការបោកប្រាស់ ការ​បៀតបៀន​ផ្លូវភេទ​ជាដើម ខណៈ​ការរីក​រាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជាច្រើន​ដល់​របៀបរបប​រស់នៅ និង​ការរៀនសូត្រ​របស់​កុមារ​។

លោកស្រី ​ទេព ​រ៉ូដា ​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែង​ក្នុង​យុទ្ធនាការ​គាំទ្រ​ទិវា​អន្តរជាតិ​ ដើម្បី​សុវត្ថិភាព​អ៊ីនធឺណិត​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ​នេះ​ថា ក្នុង​ពិភពលោក​បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ស្ទើរ​គ្រប់​ទីកន្លែង និង​បាន​ក្លាយជា​វេទិកា​កំពុង​ពេញនិយម​បំផុត​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​។ ជាមួយ​គ្នា​នេះ​ប្រទេស​កម្ពុជា​សេវា​អ៊ីនធឺណិត​ក៏មាន​ស្ទើរ​គ្រប់​ទីកន្លែង​ដែរ ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​វា​នៅ​ទីកន្លែង​ណា ពេលណា​ក៏បាន​ឱ្យតែ​មាន​ទូរស័ព្ទ​ស្មាតហ្វូន ឬ​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​។

លោកស្រី​ថ្លែងថា​៖ «​ការអភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​បានផ្ដល់​ផល​ជា​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ចំពោះ​អ្នកប្រើប្រាស់​ជា​កុមារ​ក៏មាន​ការកើនឡើង​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ ដែល​ក្នុងនោះ​ក្នុងចំណោម​អ្នកប្រើប្រាស់ ៣ ​នាក់ គឺមាន​ ១ ​នាក់​ជា​កុមារ​»​។

លោកស្រី​បន្តថា ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ត្រឹមតែ​ជាទី​កន្លែង​ដែល​កុមារ​អាច​ស្វែងរក​ព័ត៌មាន រឿងរ៉ាវ ការរៀនសូត្រ ការស្រាវជ្រាវ ចំណេះដឹង និង​លេង​កម្សាន្ត ឬ​ភ្ជាប់​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជាទី​កន្លែង​ផ្ដល់នូវ​ហានិភ័យ និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​កុមារ និង​អ្នកប្រើប្រាស់​ជាច្រើន​ដែរ ដោយសារតែ​ពួកគេ​មិនបាន​យល់​ពី​គុណសម្បត្ដិ និង​គុណវិបត្ដិ ឬ​មិនទាន់​ចេះ​ប្រើប្រាស់​វា​ឱ្យបាន​ត្រឹមត្រូវ​។

លោកស្រី​បានឱ្យដឹងថា ប្រព័ន្ធ​អ៊ីនធឺណិត​បានផ្ដល់​ហានិភ័យ​ដល់​កុមារ​ដូចជា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ការលួងលោម ការ​រុកកួន​ឆាឆៅ និង​បញ្ហា​ជាច្រើន​ទៀត​។ កុមារ និង​យុវជន​អាចមាន​កង្វល់ ពាក់ព័ន្ធ​នឹង​ឯកជនភាព ដោយសារតែ​ពួកគេ​បានទទួល​សារ​ជា​តំណភ្ជាប់​ជា​អត្ថបទ រូបភាព វីដេអូ ដែល​ពួកគេ​មិន​ចង់បាន រួម​នឹង​ខ្លឹមសារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ផ្លូវភេទ និង​មាតិកា​ញុះញង់ អុចអាល​បំភិតបំភ័យ​ជាដើម​។

លោកស្រី​អះអាងថា​៖ «​ក្នុងពេល​ថ្មីៗ​ចុង​ក្រោយនេះ​ការរីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជាច្រើន​ដល់​របៀបរបប​រស់នៅ និង​ការរៀនសូត្រ​របស់​កុមារ ជាក់ស្ដែង​ការសិក្សា​នៅ​សាលា​ត្រូវបាន​ជំនួស​ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​មានន័យថា​កុមារ​ត្រូវការ​ប្រើប្រាស់​ពេលវេលា​ច្រើន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​គេ​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ ដូចជា​ការគំរាមកំហែង ការបោកប្រាស់ ការ​បៀតបៀន​ផ្លូវភេទ ការធ្វើ​បាប​ពី​ជន​មិន​ស្គាល់មុខ​មកលើ​អារម្មណ៍ និង​ស្មារតី​របស់​ពួកគេ​»​។

តាម​ស្ថិតិ National Center for Missing and exploited Children របស់​សហរដ្ឋ​អាមេរិក​បានបង្ហាញ​ករណី​នៃ​របាយការណ៍​ស្ដីពី​សម្ភារ​កេងប្រវ័ញ្ច​ផ្លូវភេទ​ចំពោះ​កុមារ​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ទ្វេដង​ក្នុងអំឡុងពេល​កូវីដ​ ១៩ ​នេះ គឺ​ពី​ប្រមាណ ៩ ​ម៉ឺន​ករណី​ក្នុង​ឆ្នាំ​ ២០១៩ កើន​ដល់ ១៨ ម៉ឺន​ករណី​ក្នុង​ឆ្នាំ​ ២០២០​។

លោកស្រី ​ទេព ​រ៉ូដា ​បញ្ជាក់ថា តួលេខ​ទាំងនេះ គឺជា​តួលេខ​សរុប​នៃ​ការរាយការណ៍​ដែល​បានមកពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​សហរដ្ឋ​អាមេរិក​ដែល​ពួកគេ​អាច​ស្វែងរក​ដឹង​ពី​ទីតាំង​នៃ​ការបង្ហោះ (Upload) ឬ​ចែករំលែក​រូបភាព ឯកសារ​ទាំងនោះ​លើ​ប្រព័ន្ធ​របស់ខ្លួន​។

លោកស្រី ​រ៉ូដា ថ្លែងថា ចំពោះ​ករណី​ក្នុងប្រទេស​កម្ពុជា កិច្ចពិគ្រោះ​យោបល់​ជាមួយ​យុវជន និង​កុមារ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​ ២០២០ បាន​រកឃើញថា ១៥ ​ភាគរយ​នៃ​កុមារ​ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​បាន​រាយការណ៍​ថា ពួកគេ​ធ្លាប់មាន​មនុស្ស​មិន​ស្គាល់មុខ​ទាក់ទង​មកលើ​បណ្ដាញ​សង្គម​។ កុមារ​ ២​ ភាគរយ​ទៀត​បាន​រៀបរាប់​ថា ពួកគេ​ធ្លាប់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ស្នើឱ្យ​ចែករំលែក​រូបភាព សកម្មភាព​បែប​មិន​សមរម្យ និង​សកម្មភាព​បែប​ស្និទ្ធស្នាល​នៅ​ចំពោះមុខ​កាមេរ៉ា​ដែល​ភ្ជាប់​ទៅនឹង​អ៊ីនធឺណិត​។ ​ដោយមាន​កំណើន​ចរាចរណ៍​លើ​ការរំលោភបំពាន និង​ការចែកចាយ​បន្ត​នូវ​រូបភាព អាសអាភាស របស់​កុមា​រលើ​បណ្ដាញ​អ៊ីនធឺណិត ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជាច្រើន​នៅលើ​សកលលោក បាននិង​កំពុង​ចាត់​វិធានការ​ទប់ស្កាត់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ពួកគេ​។

អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (CNCC) ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​(MPTC) និង​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី ដោយមាន​ការឧបត្ថម្ភ គាំទ្រ​ពី​អង្គការ​ដៃគូ ក្រុមហ៊ុន​ឯកជន និង​គណៈកម្មាធិការ​សុវត្ថិភាព​អ៊ីនធឺណិត​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ បាន​សហការ​គ្នា​ប្រារព្ធ​យុទ្ធនាការ​គាំទ្រ​ទិវា​អន្តរជាតិ​ ដើម្បី​សុវត្ថិភាព​អ៊ីនធឺណិត​ឆ្នាំ​ ២០២២ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ការប្រារព្ធ​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​អំពី​សុវត្ថិភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​។ យុទ្ធនាការ​នេះ​ក៏​ជាការ​លើកកម្ពស់​ការចូលរួម​ធ្វើឱ្យ​បច្ចេកវិទ្យា​អ៊ីនធឺណិត​កាន់តែមាន​សុវត្ថិភាព​សម្រាប់​កុមារ និង​ការប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ សេចក្តី​គោរព ការគិត​ពិចារណា និង​ភាព​ច្នៃប្រឌិត​។ តាមរយៈ​យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​កុមារ និង​យុវជន​វ័យក្មេង ឪពុកម្តាយ និង​អ្នក​ថែទាំ​កុមារ គ្រូបង្រៀន អ្នក​អប់រំ បុគ្គលិក​សង្គម ក្រុមហ៊ុន​អ៊ីនធឺណិត អ្នកធ្វើការ​សម្រេចចិត្ត និង​អ្នកនយោបាយ​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួមចំណែក​ក្នុង​ការធ្វើឱ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់តែ​ល្អប្រសើរ និង​មាន​សុវត្ថិភាព​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​យុទ្ធនាការ​នេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​រួមមួយ​គឺ​ «​រួមគ្នា​លើកកម្ពស់ ការពារ និង​គោរព​សិទ្ធិ​កុមារ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ប្រកប​ដោយ​ការទទួលខុសត្រូវ​» ដោយមាន​អ្នកចូលរួម​ជាង ៣០០ ​នាក់ រួមមាន កុមារ យុវជន មន្ត្រី​រាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រតិបត្តិករ​អ៊ីនធឺណិត។ ​ដោយឡែក តាមរយៈ​យុទ្ធនាការ​នេះ​នឹង​រៀបចំ​កម្មវិធី​បែបនេះ​ជាមួយ​កុមារ និង​យុវជន​នៅតាម​សាលារៀន​ចំនួន​ ២ ទៀត​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខ ដោយមាន​អ្នកចូលរួម​ជាង​ ៣០០ ​នាក់​បន្ថែមទៀត​។

លោកស្រី ​សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ថ្លែង​ក្នុង​ពិធី​ប្រកាស​យុទ្ធនាការ​នេះ​ថា ក្នុងនាម​ក្រសួង​អប់រំ​ក្នុងនាម​ប្រជាជន តាមរយៈ​សកម្មភាព​យុទ្ធនាការ​នៅក្នុង​ពេលនេះ និង​បង្ហាញ​ទៅកាន់​សកលលោក​ថា កម្ពុជា​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទិសដៅ​អភិវឌ្ឍន៍​តាម​គន្លង​មួយ​យ៉ាង​ត្រឹមត្រូវ​។

លោកស្រី​ថ្លែងថា​៖ «​អ្វីដែល​យើង​ធ្វើ​នៅថ្ងៃនេះ​បានបញ្ជាក់​នូវ​សុឆន្ទៈ​របស់​យើង​ទាំងអស់​គ្នា​ក្នុងការ​ប្ដេជ្ញា​ចិត្ដ ធ្វើដំណើរ​ប្រកបដោយ​សុឆន្ទៈ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​ឆ្លើយតប​ទៅនឹង​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា និង​បដិវត្តន៍​ឧស្សាហកម្ម ៤.០»​។

លោក សំលៀង សីលា នាយកប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ថ្លែងថា ការចូលរួម​ប្រារព្ធ​ទិវា​សុវត្ថិភាព​អ៊ីនធឺណិត​នេះ​បាន​សម្ដែង​នូវ​ការប្តេជ្ញាចិត្ត​ដ៏មោះមុត​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការការពារ​កុមារ​ពី​គ្រប់​ទម្រង់​ទាំងអស់​នៃ​ការរំលោភបំពាន រួមទាំង​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ និង​បាន​ក្លាយជា​ចំណែក​ដ៏ធំ​មួយ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ការជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ការគោរព ការចេះ​គិត​ពិចារ​ណា និង​ភាព​ច្នៃប្រឌិត​។

លោក សំលៀង សីលា បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ទិវា​នេះ​នឹង​ក្លាយទៅជា​ទិវា​ជាតិ​មួយ​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​»៕