ភ្នំពេញៈ អង្គសមាជវិសាមញ្ញ គណបក្សហ៊្វុនស៊ិនប៉ិចបានសម្រេចជាឯកឆន្ទជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាព្រះប្រធានគណបក្ស ដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។
តាមសេចក្តីសម្រេចរបស់អង្គសមាជវិសាមញ្ញដែលត្រូវបានធ្វើនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០-២២ ក៏បានប្រកាសតែងតាំងសមាសភាពអនុប្រធានគណបក្សចំនួន ៣ រូប រួមមានលោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ពៅ អៀងគី និងសមាសភាពគណៈកម្មាធិការនាយកចំនួន ៥៤ រូប។
សេចក្តីសម្រេចសរសេរថា «អង្គសមាជវិសាមញ្ញ ថ្វាយលទ្ធភាពពេញលេញចំពោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ដើម្បីប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នកស្នេហាជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ»។ សេចក្តីសម្រេចបន្តថា៖ «សមាជិកសមាជិកាទាំងអស់នៃអង្គសមាជវិសាមញ្ញ ជាអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នកស្នេហាជាតិ សូមប្តេជ្ញាចិត្តរួបរួមគ្នាដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្រោមដំបូលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ហើយប្ដេជ្ញាចិត្តថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមព្រះរាជបណ្តាំជាប្រវត្តិសាស្ត្រនៃអង្គសម្ដេចឪ សម្តេចតា ព្រះបិតាឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងព្រះបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ»។
ក្រៅពីនេះគណបក្សហ៊្វុនស៊ិនប៉ិចក៏បានសម្រេចនូវយុទ្ធសាស្ត្រនយោបាយ និងគោលនយោបាយរបស់បក្សសំខាន់ៗមួយចំនួនផងដែរ ដើម្បីផ្តល់នូវក្តីសង្ឃឹម និងជំនឿចិត្តសាជាថ្មីចំពោះសមាជិក សមាជិកា អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរទូទៅមកលើគណបក្សហ៊្វុនស៊ិនប៉ិចសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
នៅក្នុងសមាជវិសាមញ្ញនោះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ មានបន្ទូលថ្លែងអំណរគុណចំពោះអង្គសមាជដែលបានបោះឆ្នោតជាឯកឆន្ទជ្រើសរើសព្រះអង្គធ្វើជាព្រះប្រធានដឹកនាំគណបក្ស និងអនុម័តគាំទ្រលើរបៀបវារៈសំខាន់ៗដែលជាអាយុជីវិត និងជោគវាសនារបស់គណបក្ស។
ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា៖ «ខ្ញុំក្នុងនាមព្រះប្រធានគណបក្សខ្ញុំសូមប្រកាសជាឱឡារិកនៅចំពោះមុខអង្គសមាជវិសាមញ្ញដ៏ឧត្តុង្គឧត្តមថា ខ្ញុំនៅការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ ដង្ហែតាមព្រះមាគ៌ាដឹកនាំពីសម្តេចតាខ្ញុំ សម្តេចព្រះបិតារបស់ខ្ញុំ និងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីគោរពថ្វាយព្រះគុណូបការៈរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានហ៊្វុនស៊ិនប៉ិច»។ «ខ្ញុំនឹងខិតខំ ប្រមែប្រមូលអតីតអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម ដើម្បីគណបក្សទទួលបានជោគជ័យសាជាថ្មី»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយធ្វើសមាជវិសាមញ្ញ មានការឯកភាពផ្ទៃក្នុងយ៉ាងល្អ។ ជាមួយគ្នានេះមានអតីតមន្ត្រី និងចាស់ព្រឹទ្ធាចារ្យមួយចំនួនបានចូលរួមដង្ហែព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ជាពិសេស លោក ប៉ោ ប៊ុនស្រ៊ឺ ដែលធ្លាប់មានការខ្វែងគំនិត ក៏គណបក្សបានបោះឆ្នោតតែងតាំងធ្វើជាអនុប្រធានគណបក្ស។
លោកបន្តថា ថ្មីៗនេះទៀតមានលោក ហេង ចន្ថា អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាអ្នកដង្ហែ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក៏បានធ្វើលិខិត បង្ហាញពីការគាំទ្រព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដែរ ដែលនេះបានបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គីសាជាថ្មី។ ជាមួយគ្នានេះ គណបក្សនៅតែបន្តស្វាគមន៍មន្ត្រី និងឥស្សរជនផ្សេងៗទៀតឱ្យចូលរួម និងរួមរស់សាជាថ្មីជាមួយគណបក្ស។
លោកថា៖ «សមាជវិសាមញ្ញ គឺបានសម្រេចឯកភាពជាឯកឆន្ទបោះឆ្នោតថ្វាយព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ធ្វើជាព្រះធានគណបក្សហ៊្វុនស៊ិនប៉ិចសមស្របទៅនឹងព្រះបំណងចុងក្រោយរបស់សម្តេចក្រុមព្រះដែលលោកសព្វព្រះរាជហឫទ័យប្រទានសិទ្ធិ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធដឹកនាំបន្តពីព្រះអង្គ»។
បើតាម លោក ញឿន រ៉ាន ព្រះអង្គម្ចាស់ចក្រាវុធមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាព្រះប្រធានដឹកនាំបន្តពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពីព្រោះព្រះអង្គជាបញ្ញវន្ត និងជាយុវជនដ៏ឆ្នើមស្របតាមបរិបទសង្គមកម្ពុជា ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យល់យ៉ាងច្បាស់ថាមានតែព្រះអង្គម្ចាស់ទេ ដែលស័ក្តិសមបំផុតក្នុងការដឹកនាំបន្តពីសម្តេចក្រុមព្រះ៕
វីដេអូ៖