ស្ទឹងត្រែងៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី ​៨ ខែកុម្ភៈ បានចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ក្រោយពី​បានសម្លាប់​មនុស្ស​ម្នាក់​ក្នុង​ជម្លោះ​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ-ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​។

លោក ដួង ស៊ីវុត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្តស្ទឹងត្រែង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ​កុម្ភៈ​ថា បុរស​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​ដែល​ត្រូវ​ចៅក្រម​ឃុំខ្លួន ឈ្មោះ​ អូន ភាន់ អាយុ​ ៣២​ ឆ្នាំ​ពាក់ព័ន្ធ​បទ​ឃាតកម្ម​។ ជន​ត្រូវ​ចោទ​ម្នាក់នេះ​ពាក់ព័ន្ធ​នឹង​ការវាយ​សម្លាប់​ជនរងគ្រោះ​ដោយ​កាំភ្លើង​ច្នៃ​។ ចំណែក​បុរស​ ២​ នាក់​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឃាតកម្ម​ទេ​។

លោក​ថ្លែងថា​៖ «​មុនដំបូង​យើង​មាន​ការសង្ស័យ​ហើយ​បាន​ហៅ​មនុស្ស​ ៣ ​នាក់មក​សាកសួរ​។ ប៉ុន្តែ​ក្រោយ​សួរ​នាំមក​ឃើញថា​បុរស​ ២ ​នាក់​នោះ​មិន​ពាក់ព័ន្ធ​ទេ គ្រាន់តែ​ប្រើប្រាស់​គ្រឿងញៀន​ទេ មេធាវី​ពួកគេ​បាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​»​។

លោក​ថ្លែង​ដោយ​យោងតាម​ចម្លើយ​ដែល​កម្លាំង​សមត្ថកិច្ច​របស់លោក​សាកសួរ​បុរស​ឈ្មោះ អូន ភាន់ បាន​ឆ្លើយថា រូបគេ និង​ជនរងគ្រោះ​ឈ្មោះ ឌៀម ចិន្តា អាយុ ៣១ ​ឆ្នាំ គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​។ លុះ​នៅ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ ​ក៏​ណាត់​ជួបគ្នា​ ដើម្បី​ជក់​ថ្នាំញៀន​តែ​ ខណៈ​កំពុង​ជក់​ថ្នាំញៀន​ពួកគេ​បាន​ទាស់​ពាក្យសម្តី​គ្នា​ហើយ​ពេលនោះ​រូបគេ​បាន​យក​កាំភ្លើង​កែច្នៃ​វាយ​ក្បាល​ជនរងគ្រោះ​រហូត​ស្លាប់​។

លោក ស៊ីវុត្ថា ថ្លែងថា ក្រោយពី​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ រួម​នឹង​គ្រូពេទ្យ​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​មក​បាន​ពិនិត្យឃើញថា នៅលើ​ក្បាល​សាកសព​មាន​ស្នាម​ផុង​លលាដ៍ក្បាល​។ រីឯ​ចម្លើយ​របស់​ជនសង្ស័យ​ក៏​ឆ្លើយថា គេ​បាន​យក​កាំភ្លើង​កែច្នៃ​វាយ​ក្បាល​ជនរងគ្រោះ​ដែរ ដោយ​ជ្រុលដៃ​បណ្ដាលឱ្យ​ស្លាប់ទៅ​។

លោក​ថា​៖ «​នេះ​គ្រាន់តែ​ទំនាស់​ពាក្យសម្តី​គ្នា​ទេ​»៕